ជាតិ
យុវជនមួយក្រុមស្ម័គ្រដើរជួសជុលកង់ ដោយឥតគិតថ្លៃសម្រាប់អ្នកស្រុកបន្ទាយស្រី 28, Aug 2020 , 4:36 pm
![](https://image.thmeythmey.com/pictures/2020/08/28/thumb2/____________.jpg)
×![]()
រដ្ឋបាលស្រុកបន្ទាយស្រី សហការជាមួយក្រុមយុវជនស្ម័គ្រចិត្តមួយក្រុម បង្កើត«Project B-គម្រោងជួសជុលកង់តាមភូមិ ជូនអ្នកស្រុកបន្ទាយស្រី» ក្នុងគោលដៅជួសជុលកង់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ជាពិសេសម្រាប់ក្មេងៗ មានជីវភាពខ្វះខាត, ទីទ័លខ្លាំង, និងខ្វះខាតមធ្យោបាយដំណើរទៅសាលារៀន។ នេះបើតាមលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី។
លោក បន្តថា មូលហេតុចម្បងនៃការបង្កើតគម្រោងនេះឡើង ដោយសារតែរដ្ឋបាលស្រុកមើលឃើញថា ក្មេងៗមួយចំនួននៅក្នុងភូមិ-ឃុំនានានៃស្រុកបន្ទាយស្រី ត្រូវចំណាយពេល១ទៅ២ម៉ោងក្នុងមួយថ្ងៃ ដើម្បីដើរទៅ-មកសាលារៀន។ កង្វះមធ្យោបាយធ្វើដំណើរ ទៅសាលារៀនដែលនៅឆ្ងាយៗពីផ្ទះ បានធ្វើឲ្យសិស្សមួយចំនួនតូច បោះបង់ការសិក្សា។
![](https://image.thmeythmey.com/pictures/2020/08/28/thumb2/28820201637____________.jpg)
តាមលោក ហ្វីណង់ គម្រោងនេះ នឹងត្រូវជួសជុលកង់ចាស់ៗ របស់អ្នកភូមិ ដែលពួកគាត់ទុកចោល ខូច និងគ្មានលទ្ធភាពជួសជុលដោយខ្លួនឯង។ លោក ឃឹម ហ្វីណង់ បន្ថែមថា៖« យើងគ្រោងប្រើពេល៦ខែ ដើម្បីជួសជុលកង់ជូនប្រជាពលរដ្ឋ ទាំង៦ឃុំ នៅក្នុងស្រុកបន្ទាយស្រី ហើយបើគិតមកដល់ពេលនេះ យើងបានបញ្ចប់ការជួសជុលកង់ នៅក្នុងឃុំចំនួន២រួចហើយ»។
អភិបាលស្រុករូបនេះបញ្ជាក់ថា ProjectB ទទួលបានការគាំទ្រហិរញ្ញវត្ថុ និងអ្នកបច្ចេកទេស ពី អង្គការជឿជាក់លើសិស្សជនបទកម្ពុជា។ កន្លងមកអង្គការនេះ ក៏បានជួយដោះស្រាយបញ្ហានៅក្នុងស្រុកបន្ទាយស្រី តាមរយៈការចែកកង់ដោយឥតគិតថ្លៃ ដល់សិស្សក្រីក្រ ប៉ុន្តែដោយសារតែបញ្ហាកូវីដ-១៩ និងការបិទសាលាទើបបង្វែរគោលដៅពីការចែកកង់ មកជាការជួយជុលជុលកង់នៅតាមភូមិវិញ៕
© រក្សាសិទ្ធិដោយ thmeythmey.com