សៀមរាប៖ សារមន្ទីរវិមានសុខា ដែលមានតាំងបង្ហាញនូវវត្ថុប្រើប្រាស់ចាស់ៗជាច្រើនប្រភេទ កំពុងទាក់ទាញអារម្មណ៍ទេសចរ ដែលចង់ស្គាល់ និងចង់ឃើញនូវសម្ភារទាំងនោះ ដែលរបស់ខ្លះជារបស់កម្រ ហើយអ្នកខ្លះមិនធ្លាប់បានឃើញកន្លងមក។ ម្ចាស់សារមន្ទីរបានចំណាយពេលជាង២០ឆ្នាំ ក្នុងការប្រមូលទិញ និងថែរក្សាសម្ភារទាំងនោះឡើង ហើយថ្មីៗនេះបានរៀបចំជាសារមន្ទីរឯកជនមួយទុកសម្រាប់ទទួលភ្ញៀវទេសចរ។ លោក លី ប៉េងហេង ជាម្ចាស់សារមន្ទីរជឿថា សារមន្ទីរនេះជាកញ្ចប់ទេសចរណ៍ថ្មីសម្រាប់ខេត្តសៀមរាប ហើយវានឹងរួមចំណែកដើម្បីពន្យារពេលការស្នាក់នៅរបស់ទេសចរ ក៏ដូចជាផ្នែកមួយជួយឱ្យវិស័យទេសចរណ៍ខេត្តសៀមរាបងើបឡើងវិញក្នុងកាលៈទេសៈជំងឺកូវីដ១៩នេះ។
ព័ត៌មានពិស្ដារ សូមស្ដាប់បទយកការណ៍ដែលរៀបរៀងដោយអ្នកនាង អ៊ីសា រ៉ហានី ពីខេត្តសៀមរាបដូចតទៅ
កើតចេញពីការស្រឡាញ់ និងចូលចិត្តលេងសម្ភារចាស់ៗ លោក លី ប៉េងហេង ដែលគេធ្លាប់ស្គាល់តាមរយៈការផលិតម៉ូតូ៧មករា និងសម្ភារកែច្នៃផ្សេងៗទៀត ពេលនេះលោកបានបើកសារមន្ទីរផ្ទាល់ខ្លួនមួយក្នុងខេត្តសៀមរាប។ សារមន្ទីរវិមានសុខា ជាគោលដៅទេសចរណ៍ថ្មីក្នុងខេត្តសៀមរាប ដែលបានទាញចំណាប់អារម្មណ៍ទេសចរជាច្រើន ពិសេសក្រុមយុវជនឱ្យរំជើបរំជួល ស្រឡាញ់សម្ភារទាំងនោះ។ សារមន្ទីរវិមានសុខា គឺជាឈ្មោះកូនប្រុសច្បង (វិមាន) និងឈ្មោះឧត្តមភរិយាលោក ប៉េងហេង គឺឈ្មោះសុខា។
![](https://image.thmeythmey.com/pictures/2020/08/30/bi__1_.jpg)
ពេលឈានជើងចូលខ្លោងទ្វារនៃសារមន្ទីរ ភ្ញៀវទេសចរនឹងមានអារម្មណ៍ហាក់បានវិលត្រឡប់ទៅអតីតកាល។ សំណង់អាគារបែបបារាំង ហើយខាងក្នុងតុបតែងដោយគ្រឿងសម្ភារចាស់ៗច្រើនសន្ធឹក។ សម្ភារដែលតាំងក្នុងសារមន្ទីរនេះ សុទ្ធសឹងជាសម្ភារដែលប្រើក្នុងអំឡុងទសវត្សចាប់ពីឆ្នាំ៤០ រហូតដល់ឆ្នាំ៦០ និងមួយចំនួនទៀតផលិតតាំងពីឆ្នាំ ១៧៥៧ មក។ វត្ថុប្រើប្រាស់ដែលគេអាចមើលឃើញច្រើនជាងគេ ដូចជាម៉ូតូ កង់ នាឡិកាភ្ជួរជញ្ជាំង ម៉ាស៊ីនថត ។ល។
![](https://image.thmeythmey.com/pictures/2020/08/30/bi__2_.jpg)
ម្ចាស់សារមន្ទីរលោក លី ប៉េងហេង បានបង្ហាញអារម្មណ៍រីករាយនៅពេលដែលសារមន្ទីររបស់ខ្លួនជាចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ក្នុងខេត្តសៀមរាប។ ម្ចាស់សារមន្ទីរវិមានសុខារូបនេះ មិនអាចរៀបរាប់ប្រភេទសម្ភារដែលតាំងបង្ហាញក្នុងសារមន្ទីរនៅឡើយ ដោយបច្ចុប្បន្នលោកកំពុងរៀបចំឱ្យមានការសរសេរនូវប្រវត្តិខ្លីៗពីសម្ភារទាំងនោះ ដើម្បីឱ្យទេសចរងាយស្រួលដឹងពីប្រវត្តិនូវសម្ភារនីមួយៗដែលលោកបានប្រមូលទិញនារយៈពេល២២ឆ្នាំមកនេះ។
![](https://image.thmeythmey.com/pictures/2020/08/30/bi__3_.jpg)
តាមការពន្យល់របស់ម្ចាស់សារមន្ទីរ មូលហេតុដែលលោកជ្រើសរើសខេត្តសៀមរាបសម្រាប់បង្កើតសារមន្ទីរនេះឡើងដោយសារ ខេត្តសៀមរាបជាគោលដៅទេសចរណ៍ធំជាងគេនៅកម្ពុជា ជាតំបន់ប្រវត្តិសាស្រ្ដ និងមានភាពល្បីល្បាញលើឆាកអន្ដរជាតិ។ លើសពីនេះ ក្នុងនាមជាកូនខ្មែរមួយរូប លោក លី ប៉េងហេង ចង់រួមចំណែកជួយអភិវឌ្ឍន៍វិស័យទេសចរណ៍ ក៏ដូចជាលើកកម្ពស់វិស័យទេសចរណ៍ក្នុងខេត្តសៀមរាបឱ្យកាន់តែមានភាពសុសសាយលើឆាកអន្ដរជាតិ និងចង់ពន្យារពេលស្នាក់នៅរបស់ភ្ញៀវទេសចរកាន់តែច្រើន។
![](https://image.thmeythmey.com/pictures/2020/08/30/bi__4_.jpg)
រម្លឹកដោយសំឡេងមួយៗ លោក លី ប៉េងហេង ប្រាប់ថា លោកមានចិត្តស្រឡាញ់និងប្រមូលសម្ភារចាស់ៗទាំងនោះមករក្សាទុក ចាប់ពីអំឡុងឆ្នាំ១៩៩៨មក។ ដើមឡើយ បុរសវ័យ៥០ប្លាយរូបនេះ ប្រមូលទិញឡានតែប៉ុណ្ណោះ តែក្រោយមកលោកងាកមកទិញសម្ភារតូចៗវិញ ព្រោះងាយស្រួលរក្សាទុក ដូចជាម៉ូតូ នាឡិកា ម៉ាស៊ីនថតរូប។ល។ លោកបន្ថែម៖« ការស្រឡាញ់នេះតាំងពីកំណើតមក បើគ្មាននិស្សពីកំណើតមក អត់បេះដូង អត់អាចសន្សំរបស់នេះបានទេ»។
![](https://image.thmeythmey.com/pictures/2020/08/30/bi__5_.jpg)
ការងប់ងុលចំណាយពេលវេលា និងថវិកាជាច្រើនដើម្បីប្រមូលទិញសម្ភារទាំងនោះមករក្សាទុក លោក លី ប៉េងហេង ត្រូវបានគេឱ្យរហ័សនាមថា តាឆ្កួត ហើយឈ្មោះនេះត្រូវបានគេហៅជាប់រហូតមក។ តាឆ្កួត គេស្គាល់ជាងឈ្មោះ លី ប៉េងហេង។ យ៉ាងណា លោកប្រាប់ថា ពេញចិត្តនឹងឱ្យគេហៅដូច្នេះ ព្រោះថាលោកពិតជាឆ្កួត និងឈ្លក់វង្វេងខ្លាំងជាមួយសម្ភារទាំងនោះពិតមែន។ បុរសស្រឡាញ់សម្ភារចាស់ៗរូបនេះ ក៏កោតសរសើរនូវទឹកចិត្តភរិយារបស់លោក ដែលតែងតែគាំទ្រនូវទស្សនៈខ្លួន ដែលធ្វើឱ្យក្ដីប្រាថ្នាបើកសារមន្ទីរបានជោគជ័យរហូតដល់សព្វថ្ងៃនេះ។ «ការទិញរបស់ចាស់ៗនេះ បើមិនមានការគាំទ្រពីភរិយាខ្ញុំ គឺមិនជោគជ័យទេ ដូចពាក្យចាស់ថា បើចង់ជោគជ័យមុខរបរអ្វីមួយ ទាល់តែភរិយាគាំទ្រ ជួយឧបត្ថម្ភសព្វបែបយ៉ាងទើបជោគជ័យ បើយើងធ្វើទាំងក្ដីឈ្លោះគ្នា តើមានក្ដីសុខទេ»។
![](https://image.thmeythmey.com/pictures/2020/08/30/bi__6_.jpg)
ភ្ញៀវទេសចរដែលបានចូលទស្សនាក្នុងសារមន្ទីរវិមានសុខា បានបង្ហាញអារម្មណ៍ប្លែកជាមួយនឹងទស្សនីយភាពដែលតាំងបង្ហាញចាប់ពីផ្ទៃខាងក្រោម ដល់ជញ្ជាំងអាគារ ដែលមានដាក់ចងភ្ជួរនូវសម្ភារចាស់ៗជាច្រើន។ លោក វុធ មកទស្សនាសារមន្ទីរជាមួយគ្រួសារ ក៏ចាប់អារម្មណ៍ទៅនឹងការរៀបចំក្នុងសារមន្ទីរនេះដែរ។ បុរសវ័យខ្ទង់៥០ប្លាយរូបនេះ ចាប់អារម្មណ៍នឹងគ្រឿងម៉ាស៊ីនថត ដោយសារលោកមានចំណង់ចំណូលលើឧបករណ៍មួយនេះ ហើយមានសម្ភារខ្លះក៏លោកធ្លាប់បានប្រើផងដែរ។
![](https://image.thmeythmey.com/pictures/2020/08/30/bi__7_.jpg)
លោកបន្ថែមថា៖« ល្អតើ គាត់យកមកតាំងចឹង ឱ្យក្មេងៗជំនាន់ក្រោយបានស្គាល់ ពេលចូលមកចឹងឃើញរបស់ដែលយើងធ្លាប់ប្រើប្រាប់កូនចៅ ប្រើបែបនេះប្រែបែបនោះ ចេះតែប្រាប់គាត់ ក្មេងៗគួរតែស្គាល់ គួរមកមើលរបស់ពីដើម»។
ចំណែកលោក ហុក មកពីរាជធានីភ្នំពេញដែរ ចាប់អារម្មណ៍លើម៉ូតូប្រភេទ Mobylatte ដែលផលិតរវាងឆ្នាំ១៩៥៩។ បុរសវ័យ៥៥ឆ្នាំរូបនេះ ស្គាល់ម៉ូតូនេះតាមរយៈការដំណាលរបស់ឪពុក ដែលធ្លាប់ជិះ និងមានភាពល្បីល្បាញវាជាខ្លាំងក្នុងអំឡុងឆ្នាំ ១៩៦០ជាង។ លោកបន្ត៖« ខ្ញុំធ្លាប់តែឮឪពុកខ្ញុំគាត់និយាយថា សម័យគាត់បានម៉ូប៊ីឡែតមួយជិះ ស្រីៗពេញភូមិទៅណាក៏គេទទួល...ដឹងថាវាធ្លាក់ផង ចាក់សាំងផង ឥឡូវមកឃើញផ្ទាល់...»។
រីឯយុវជន វិពុទ្ធ ដែលមកទស្សនាសារមន្ទីរជាមួយក្រុមគ្រួសារនាឱកាសបុណ្យឈប់សម្រាករយៈពេល៥ថ្ងៃកន្លងទៅ ក៏ចាប់អារម្មណ៍ជាមួយសម្ភារចាស់ៗទាំងនេះដែរ។ យុវជនវ័យ២៣ឆ្នាំរូបនេះ ចាប់អារម្មណ៍មុនគេគឺម៉ូតូ កង់ ដែលមានតម្រៀបជាជួរៗ រីឯកង់មានដាក់ភ្ជួរតាមជញ្ជាំង គួរឱ្យទាក់ទាញ។ វិពុទ្ធ ក៏ស្រឡាញ់កាមេរ៉ា និងឌីសសម្រាប់ចាក់ចម្រៀង ដែលយុវជនរូបនេះយល់ថាស្អាត និងប្លែក។ «អ្វីដែលគាត់ធ្វើ អាចផ្តល់តម្លៃសង្គម គាត់បានចែករំលែកបទពិសោធសម្ភារមុនៗមានអ្វីខ្លះ ទុកឱ្យក្មេងៗ របស់ពីមុនៗពេលសង្គមមិនទាន់ទំនើប គេប្រើរបស់ទាំងនោះយ៉ាងម៉េច របៀបណា ព្រោះឥឡូវបច្ចេកវិទ្យាជឿនលឿនរបស់ប្រើប្រាស់ស្រួល»។
ក្រៅពីបង្ហាញអារម្មណ៍រីករាយជាមួយនឹងការគាំទ្ររបស់ភ្ញៀវទេសចរហើយនោះ លោក លី ប៉េងហេង មានសុទិដ្ឋិនិយមថា សារមន្ទីរដែលកើតចេញពីការតស៊ូរយៈពេល២២ឆ្នាំ និងជាចំណែកនៃទ្រព្យសម្បត្តិគ្រួសារលោកនេះ នឹងជួយសង្គមជាតិបានច្រើន តាមរយៈការទទួលភ្ញៀវទេសចរ ហើយក្លាយជាកញ្ចប់ទេសចរណ៍ថ្មីប្លែកដំបូងគេនៅក្នុងខេត្តសៀមរាប៕