ជាតិ
ជាង១ឆ្នាំ លោក ផន រ៉ានី អ្នកចិញ្ចឹមត្រីនៅព្រៃវែង ផ្គត់ផ្គង់ពូជត្រីបានជាង១០មុខ 01, Sep 2020 , 2:47 pm
![](https://image.thmeythmey.com/pictures/2020/09/01/thumb2/1920201448front.jpg)
×![]()
លោក ផន រ៉ានី ជាម្ចាស់កសិដ្ឋានរ៉ាហ្វី ស្ថិតក្នុងខេត្តព្រៃវែង។ កសិដ្ឋាននេះកំពុងផ្គត់ផ្គង់ពូជត្រីប្រមាណ១០មុខទៅដល់កសិករនៅតាមខេត្តនានា។ លោក ផន រ៉ានី សង្កេតឃើញថា ការចិញ្ចឹមត្រី ឬប្រភេទវារីវប្បកម្មមួយចំនួន កំពុងកើនឡើងគួរឲ្យកត់សម្គាល់ ក្នុងរយៈពេលចុងក្រោយនេះ។ ប៉ុន្តែម្ចាស់កសិដ្ឋាននេះ បែរជាបារម្ភទៅវិញ ពោលគឺខ្លាចថា កសិករចិញ្ចឹមតាមគ្នា ដោយមិនសិក្សាច្បាស់ពីបច្ចេកទេស និងតម្រូវការទីផ្សារ។ សម្រាប់ លោក ផន រ៉ានី ការចិញ្ចឹមតាមគ្នា អាចនឹងបង្កជាហានិភ័យដល់កសិករទៅវិញ។
លោក ផន រ៉ានី ជាម្ចាស់កសិដ្ឋានចិញ្ចឹមត្រីរ៉ាហ្វី ដែលមានទីតាំងនៅភូមិទួលតារី ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង។ កសិដ្ឋាននេះ ទើបចាប់ដំណើរការជាង១ឆ្នាំ ដោយផ្គត់ផ្គង់ពូជត្រីប្រមាណ១០មុខ ក្នុងបរិមាណសរុប ពី៣ទៅ៥តោន ទៅដល់កសិករនៅតាមបណ្ដាខេត្តនានា។ ពូជត្រីទាំងនោះមានដូចជា ត្រីប្រា ពោ ឆ្ពិន អណ្ដែង ក្រាញ់ ផ្ទក់ ទីឡាបព្យាជាដើម។
![](https://image.thmeythmey.com/pictures/2020/09/01/thumb2/trey__1_.jpg)
លោក ផន រ៉ានី បានប្រាប់ ThmeyThmey25 ថាគោលបំណងនៃបង្កើតកសិដ្ឋាននេះ គឺដើម្បីចូលរួមផ្គត់ផ្គង់ពូជត្រីដែលមានតម្លៃសមរម្យជូនកសិករ បង្កើនផលិកម្មត្រីនៅក្នុងស្រុក និងកាត់បន្ថយការនាំចូលពីបរទេស។
ដ្បិតតែសាទរចំពោះកំណើនការងារវារីវប្បកម្ម ក្នុងរយៈពេលចុងក្រោយនេះរបស់កសិករ ក៏ប៉ុន្តែ លោក ផន រ៉ានី បារម្ភថា ការសម្រុកចិញ្ចឹមត្រី ឬប្រភេទវារីវប្បកម្មផ្សេងទៀត តាមគ្នាដោយមិនបានសិក្សាទីផ្សារនោះ នឹងក្លាយជាហានិភ័យសម្រាប់កសិករទៅវិញ។
លោក ផន រ៉ានី បានលើកឡើងថា ៖ «បច្ចុប្បន្នមិនថាព្រៃវែងទេ ខេត្តផ្សេងៗ ក៏អីចឹងដែរ ចំនួនអ្នកចិញ្ចឹមត្រី កង្កែប កន្ធាយ មានការកើនឡើងគួរឲ្យកត់សម្គាល់។ អ្នកខ្លះចិញ្ចឹមតាមការណែនាំពីអ្នកជំនាញកសិកម្ម តែអ្នកខ្លះមិនបានសិក្សាពីទីផ្សារត្រូវការអ្វីទេ! ឃើញគេចិញ្ចឹមបានផលក៏ចិញ្ចឹមតាម។ មួយទៀត ឃើញប្រព័ន្ធផ្សព្វផ្សាយចុះផ្សាយ ពីអ្នកចិញ្ចឹមនេះ ចិញ្ចឹមនោះទទួលជោគជ័យក៏ចិញ្ចឹមតាមគេ។ ការចិញ្ចឹមគ្មានគោលដៅបែបនេះ កសិករងាយប្រឈមជួបហានិភ័យណាស់»។
![](https://image.thmeythmey.com/pictures/2020/09/01/thumb2/trey__2_.jpg)
សម្រាប់ លោក ផន រ៉ានី បន្តថា មុននឹងចាប់ផ្តើមចិញ្ចឹមអ្វីមួយ កសិករ គួរគប្បីសិក្សាឲ្យបានច្បាស់ជាមុនសិន ដូចជាបច្ចេកទេសចិញ្ចឹម តម្រូវការទុន និងជាពិសេតម្រូវការទីផ្សារតែម្តង ដើម្បីចៀសវាងការខាតបង់៕
© រក្សាសិទ្ធិដោយ thmeythmey.com