កំពង់ស្ពឺ៖ សិស្សខ្មែរក្រីក្ររស់នៅតាមជនបទនានាចំនួន១,២៦៣នាក់ហើយ ដែលទទួលបានអាហារូបករណ៍សិក្សាភាសាអង់គ្លេសពីកម្មវិធីអាហាររូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស(English Access Microscholarship Program)នៅកម្ពុជា។ អាហារូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសនេះ ជាកម្មវិធីរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា សម្រាប់ផ្តល់ឱ្យសិស្សចាប់ពីអាយុ១៣-២០ឆ្នាំ មកពីសហគមន៍មានជីវភាពរស់នៅខ្សត់ខ្សោយ។
ក្នុងដំណើរទស្សនៈកិច្ចទៅកាន់សមាគមខ្មែរដើម្បីអភិវឌ្ឍ ដែលទទួលបានគម្រោងអនុវត្តកម្មវិធីអាហាររូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសនៅខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១កញ្ញា ឆ្នាំ២០២០ លោក W. Patrick Murphy ឯកអគ្គរដ្ឋអាមេរិកប្រចាំកម្ពុជា បានលើកឡើងថា សិស្សដែលទទួលអាហារូបករណ៍នេះ នឹងមានសមត្ថភាពលើជំនាញភាសាអង់គ្លេស ដែលអាចនាំឱ្យសិស្សទាំងនោះទទួលបានការងារល្អ។ ជាពិសេស មានឱកាសទទួលជោគជ័យក្នុងប្រឡងយកអាហារូបករណ៍នានាទៅសិក្សានៅបរទេស។
បើតាមលោក W. Patrick Murphy កម្មវិធីអាហាររូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេស ក្នុងមួយវគ្គៗមានរយៈពេល២ឆ្នាំសម្រាប់ការសិក្សារបស់សិស្សនីមួយៗ ហើយសិស្សដែលបញ្ចប់ការសិក្សាពីកម្មវិធីនេះ គឺអាចនិយាយ សរសេរ ស្តាប់ និងអាន ភាសាអង់គ្លេសបានល្អប្រសើរ។
ឯកអគ្គរដ្ឋអាមេរិកប្រចាំកម្ពុជារូបនេះបានប្រសាសន៍ដូច្នេះ៖«ថ្ងៃនេះខ្ញុំបានជួបសិស្សពីកម្មវិធី English Access យើងបានសិក្សាពីគ្នា បានរៀនសូត្រពីគ្នា ហើយខ្ញុំសប្បាយចិត្តណាស់ដែលឃើញពួកគាត់ក្មេងៗ អាចស្របយកចំណេះដឹងដែលពួកខ្ញុំផ្តល់ឱ្យ។ ជាពិសេសជាងនេះទៅទៀត គឺពួកគាត់ បានយកចំណេះដឹងនោះទៅបង្រៀនដល់ក្មេងៗជំនាន់ក្រោយៗ ដែលបានការសិក្សាពីកម្មវិធីEnglish Accessនេះ ផងដែរ»។ លោកបានបន្តថា៖«ខ្ញុំរំភើប និងសប្បាយចិត្តខ្លាំងណាស់ ដែលបានឃើញសិស្សទាំងអស់បានចូលវគ្គសិក្សារបស់យើង មានការអភិវឌ្ឍខ្លួន និងបានបង្ហាញការតាំងចិត្តរបស់ខ្លួន ក្នុងការធ្វើអ្វីមួយដែលពួកចង់ធ្វើ នាអនាគត»។
![](https://image.thmeythmey.com/pictures/2020/09/03/thumb2/1.jpg)
លោក W. Patrick Murphy ឯកអគ្គរដ្ឋអាមេរិកប្រចាំកម្ពុជា កំពុងជជែកគ្នាជាលោក មាស ចាន់ដេត នៅសហគមខ្មែរដើម្បីអភិវឌ្ឍន៍ កាលពីថ្ងៃទី១កញ្ញា ឆ្នាំ២០២០។
សម្រាប់ខេត្តកំពង់ស្ពឺ ស្ថានទូតអាមេរិកបានផ្តល់ថវិកាអស់៦ម៉ឺនដុល្លារមកហើយ ដល់សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ ក្នុងការអនុវត្តកម្មវិធីអាហាររូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសសម្រាប់យុវជនក្រីក្រដែលរស់នៅតាមសហគមន៍ ចាប់តាំងពីឆ្នាំ២០១២ដល់២០១៧។ នេះជាការលើកឡើងរបស់លោក មាស ចាន់ដេត ប្រធានសហគមខ្មែរដើម្បីអភិវឌ្ឍន៍ ដោយបញ្ជាក់ថា ថវិកាចំនួន៦ម៉ឺនដុល្លារនេះ គឺខាងស្ថានទូតផ្តល់ឱ្យជាបីវគ្គរួមមកហើយ ដោយក្នុងវគ្គមួយៗទទួលបាន២ម៉ឺនដុល្លារ សម្រាប់ការសិក្សាពេញរបស់សិស្សក្នុងរយៈពេល២ឆ្នាំ ។
បើតាមលោក មាស ចាន់ដេត កម្មវិធីអាហាររូបករណ៍នេះ ក្រៅពីបង្រៀនភាសាអង់គ្លេសដល់សិស្សហើយនោះ ក៏មានបង្រៀននូវជំនាញកុំព្យូទ័រ, បង្រៀនភាពជាអ្នកដឹកនាំ និងជំនាញទន់នានាដល់សិស្សទាំងនោះផងដែរ។ លោកប្រធានសហគមខ្មែរដើម្បីអភិវឌ្ឍន៍ បានអះអាងថា៖«លទ្ធផលដែលយើងទទួលបានជំនួយពីស្ថានទូតអាមេរិកក្នុងការសិក្សាភាសាអង់គ្លេសទាំង៣វគ្គ ក្នុងរយៈពេល៦ឆ្នាំមកនេះ គឺមានកូនសិស្សក្រីក្រចំនួន៦៥នាក់ បានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ។ ហើយភាគសិក្សាទាំង មានសមត្ថភាពបន្តការសិក្សាដល់ថ្នាក់មហាវិទ្យា និងមានការងារល្អថែមទៀត»។
កញ្ញា ផល ថុនា ជាសិស្សបញ្ចប់ការសិក្សាក្នុងកម្មវិធីអាហាររូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសក្នុងវគ្គទី៣នៅសមាគមខ្មែរដើម្បីអភិវឌ្ឍន៍។ យុវតីវ័យ១៨ឆ្នាំ ដែលកំពុងត្រៀមខ្លួនប្រឡងសញ្ញាបត្រទុតិយភូមិ(បាក់ឌុប) នៅចុងឆ្នាំ២០២០នេះ បាននិយាយថា រយៈពេល២ឆ្នាំនៃការរៀនភាសាអង់គ្លេសដោយគិតថ្លៃនៅសមាគមខ្មែរដើម្បីអភិវឌ្ឍន៍នេះ គឺបានធ្វើឱ្យថុនា អាចប្រើប្រាស់ភាសាអង់គ្លេសបានយ៉ាងល្អ ទាំងការនិយាយ ស្តាប់ អាន និងសរសេរ។
ជាមួយនឹងគ្នា យុវតីផល ថុនា រំពឹងថា ការប្រឡងបាក់ឌុបនៅឆ្នាំ២០២០ មុខវិជ្ជាភាសាអង់គ្លេស នឹងទទួលបានពិន្ទុល្អប្រសើរ ក្នុងចំណោមមុខវិជ្ជានានា។
![](https://image.thmeythmey.com/pictures/2020/09/03/thumb2/2.jpg)
យុវតី ផល ថុនា អតីតសិស្សទទួលបានអាហារូបករណ៍សិក្សាភាសាអង់គ្លេសពីកម្មវិធី English Access Microscholarship នៅសហគមខ្មែរដើម្បីអភិវឌ្ឍន៍ កាលពីថ្ងៃទី១កញ្ញា ឆ្នាំ២០២០។
កម្មវិធីអាហាររូបករណ៍ខ្នាតតូចផ្នែកភាសាអង់គ្លេសនេះ បានអនុវត្តឡើងនៅក្នុងខេត្តនានានៃប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០០៤មក។ នៅឆ្នាំ២០១៧ មានសិស្សខ្មែរជាង២០០នាក់ ក្នុងខេត្ត-រាជធានីចំនួន៨ បានសិក្សាភាសាអង់គ្លេសតាមរយៈកម្មវិធី Access។ ក្នុងនោះ មានខេត្តបាត់ដំបង កំពង់ឆ្នាំង កំពង់ស្ពឺ កំពង់ធំ ស្ទឹងត្រែង រតនៈគីរី សៀមរាប និងរាជធានីភ្នំពេញ។ បន្ទាប់មកកម្មវិធីនេះ ក៏បានពង្រីកដល់ខេត្តកំពង់ចាម ក្រចេះ បន្ទាយមានជ័យ តាកែវ កំពត និងព្រះសីហនុ។ នេះបើតាមទិន្នន័យផ្នែកអប់រំ របស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា៕