ពីនេះ ពីនោះ
សុខភាព
ជួយ​ចែករំលែក​! រូបមន្ត​បំបាត់​ស្នាម​ខ្មៅ​ក្រោម​ភ្នែក ក្នុង​រយៈពេល​ត្រឹមតែ ១៥ នាទី​
22, Sep 2020 , 6:59 pm        
រូបភាព
​បញ្ហា​ថ្នក់​ខ្មៅ​ក្រោម​ភ្នែក​ជា​បញ្ហា​សម្រស់​ទូទៅ​បំផុត​មួយ​ដែល​នារី​ភាគច្រើន​តែង​ជួបប្រទះ​។ ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​អាច​បណ្ដាលមកពី​មូលហេតុ​ផ្សេងៗ​ជាច្រើន​រួមបញ្ចូល​ទាំង ការ​គេង​មិន​គ្រប់ ភាព​ហត់នឿយ ការ​ទទួលទាន​កាហ្វេ​អ៊ី​ន ភាព​តានតឹង​ក្នុង​អារម្មណ៍​ឬ​ស្ត្រេ​ស និង​បញ្ហា​ផ្លូវដង្ហើម​។ ទោះជា​យ៉ាងណា​បញ្ហា​នេះ​មិន​ពិបាក​នឹង​ដោះស្រាយ​ឡើយ ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ងាយៗ​ដោះស្រាយ​បញ្ហា​ស្នាម​ដក់​ខ្មៅ​ក្រោម​ភ្នែក​យ៉ាង​ឆាប់រហ័ស​ដោយ​ចំណាយពេល​ត្រឹមតែ ១៥ នាទី ៖
 
១. កញ្ចប់​តែ​បៃតង​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ឆុងតែ​បៃតង ២ កញ្ចប់​តូចៗ​សម្រាប់​រយៈពេល ៥ នាទី​។ បន្ទាប់មក​យក​កញ្ចប់​តែ​ទៅ​ដាក់​ក្នុង​ទូរ​ទឹកកក​រហូតដល់​ត្រជាក់​ខ្លាំង សឹម​ដាក់​ស្អំ​លើ​ភ្នែក​សម្រាប់​រយៈពេល​យ៉ាងហោចណាស់ ១៥ នាទី​។ លាង​សម្អាត​ភ្នែក​ចេញ​ជាមួយ​ទឹក​ត្រជាក់​និង​ជូត​ផ្ដិត​ថ្នមៗ​ឱ្យ​ស្ងួត​ជាការ​ស្រេច​។​
 
២. ចំណិត​ត្រសក់​
 
​ដាក់​ត្រសក់​មួយ​ផ្លែ​ធំ​ក្នុង​ទូរ​ទឹកកក​រហូតដល់​ត្រជាក់​។ បន្ទាប់មក​ហាន់​ត្រសក់​ជា​ចំណិត​ក្រាស់ៗ​បន្តិច សឹម​ដាក់​បិត​លើ​ភ្នែក និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​។​
 
៣. ស្លឹក​ជី​អង្កាម​
 
​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​កិន ឬ​បុក​ស្លឹក​ជី​អង្កាម​ប៉ុន្មាន​សន្លឹក​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​បន្ថែម​ទឹកក្រូច​ឆ្មារ​ស្រស់​ចំនួន​ម្ខាង​ចូល​។ លាបទឹក​ល្បាយ​ក្រោម​ភ្នែក​និង​ទុកចោល​សម្រាប់​រយៈពេល ១៥ នាទី​។ លាង​សម្អាត​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ អនុវត្ត​ឱ្យបាន ២ ដង​ក្នុង​មួយថ្ងៃ​។​
 
៤. រមៀត​
 
​កិន​ប៉េងប៉ោះ ១ ផ្លែ​ឱ្យ​ក្លាយជា​ល្បាយ​ខាប់ៗ រួច​ដួស ១ ស្លាបព្រា​បាយ​លាយ​ជាមួយ​ម្សៅ​រមៀត ១ ស្លាបព្រា​បាយ យ៉ា​អួរ ២ ស្លាបព្រា​កាហ្វេ និង​ម្សៅ​អង្ករ ១ ស្លាបព្រា​កាហ្វេ​។ កូរ​លាយ​ឱ្យ​សព្វ សឹម​លាប​ល្បាយ​ក្រោម​ភ្នែក ហើយ​ទុកចោល​សម្រាប់​រយៈពេល​ពី ១៥ ទៅ ២០ នាទី​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com