អន្តរជាតិ
អតីត​មេដឹកនាំ​ប្រទេស​៥៦ ស្នើ​ឲ្យ​ប្រទេស​ខ្លួន​ចូលក្នុង​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​
22, Sep 2020 , 7:29 pm        
រូបភាព
រូបភាព៖ AFP
រូបភាព៖ AFP
​អតីត​ប្រមុខ​ដឹកនាំ​ប្រទេស​ជាច្រើនរូប ពិសេស​បណ្ដា​រដ្ឋ​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ នៅ​ថ្ងៃទី​២០ ខែកញ្ញា បាន​អំពាវនាវ​ឲ្យ​ប្រទេស​របស់ខ្លួន ចូលរួម​ក្នុង​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​។ ការអំពាវនាវ​នេះ ធ្វើឡើង​នា​យុទ្ធនាការ​លុបបំបាត់​អាវុធ​នុយក្លេអ៊ែរ​អន្តរជាតិ (ICAN) ដើម្បី​កៀរគរ​ប្រ​ទស​ទាំងអស់​ផ្ដល់​សច្ចាប័ន​លើ​សន្ធិសញ្ញា​ហាមឃាត់​នុយក្លេអ៊ែរ​ឆ្នាំ​២០១៧​។

​បើតាម​ការប្រកាស​រប​ស់ ICAN នៅ​ថ្ងៃទី​២០ ខែកញ្ញា អតីត​ប្រមុខរដ្ឋ ប្រមុខ​រដ្ឋាភិបាល រដ្ឋមន្ត្រី​ការពារជាតិ និង​រដ្ឋមន្ត្រីការបរទេស ចំនួន ៥៦​រូប ដែល​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ មាន​អតីត​មេដឹកនាំ​មកពី​ប្រទេស​សមាជិក​សម្ព័ន្ធ​យោធា​ណា​តូ​ចំនួន​២០​ប្រទេស​, អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក Hatoyama Yukio និង​អតីត​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​សញ្ជាតិ​កូរ៉េខាងត្បូង លោក បាន គី​មូ​ន ផង​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​ជប៉ុន NHK លិខិត​អំពាវនាវ​ដែលមាន​ឈ្មោះ​មេដឹកនាំ​ខាងលើ បាន​បញ្ជាក់ថា ហានិភ័យ​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ កំពុងតែ​កើនឡើង​នៅលើ​ពិភពលោក​។ ទន្ទឹមនេះ អតីត​ថ្នាក់ដឹកនាំ​ខាងលើ បាន​ព្រមាន​គ្រោះ​ពី​ការបង្កើត​អាវុធ​នុយក្លេអ៊ែរ​ប្រភេទ​ថ្មី​ជាច្រើន ដែល​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ធំធេង និង​គ្រោះថ្នាក់ ដែល​កើតចេញពី​ការវាយប្រហារ​អ៊ីនធឺណិត​លើ​ហេដ្ឋារចនាសម្ព័ន្ធ​នុយក្លេអ៊ែរ​ទាំងនោះ​។ 
 
​ទាក់ទិន​នឹង​គ្រោះថ្នាក់​ទាំងនេះ អតីត​ថ្នាក់ដឹកនាំ​ទាំង ៥៦​រូប បាន​អំពាវនាវ​ឲ្យ​មេដឹកនាំ​ប្រទេស​របស់ខ្លួន​ក្នុងពេល​បច្ចុប្បន្ន ការបន្ថយ​អាវុធ​ប្រភេទ​នេះ តាមរយៈ​ការចូលរួម​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ​២០១៧ មុននឹង​អ្វីៗ​ហួសពេល​។ លិខិត​ខាងលើ នឹងត្រូវ​ផ្ញើ​ទៅ​មេដឹកនាំ​ប្រទេស​២០ ជា​សមាជិក​ណា​តូ បូករួម​ទាំង​កាណាដា អាល្លឺម៉ង់ កូរ៉េខាងត្បូង ន័​រ​វែ​ស និង​ជប៉ុន​ផង​។ ប្រទេស​ទាំងនេះ សុទ្ធតែ​ស្ថិតក្រោម​ឆ័​ត្រ​នុយក្លេអ៊ែរ​របស់​អាមេរិក និង​មិនទាន់​ចូលរួម​ក្នុង​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ឆ្នាំ​២០១៧ ឡើយ​។ 
 
​សូមបញ្ជាក់ សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ ត្រូវបាន​អង្គការសហប្រជាជាតិ អនុម័ត​នៅក្នុង​ឆ្នាំ ២០១៧​។ គោលបំណង​នៃ​សន្ធិសញ្ញា​អន្តរជាតិ គឺ​លុបបំបាត់​សកម្មភាព​ទាំងឡាយណា​ពាក់ព័ន្ធ អាវុធ​នុយក្លេអ៊ែរ ដូចជា​ការធ្វើ​តេស្ត ការសាកល្បង ការអភិវឌ្ឍ និង​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ​ជាដើម​។​
 
​ដើម្បី​ឲ្យ​សន្ធិសញ្ញា​ហាមឃាត់​អាវុធ​នុយក្លេអ៊ែរ​ចូល​ជាធរ​មានបាន ទាល់​មាន​ប្រទេស​ចំនួន​៥០ ផ្តល់​សច្ចាប័ន​។ បន្ទាប់ពី​មាន​ប្រទេស​ចំនួន​៥០ យល់ព្រម​ហើយ ក្នុង​រយៈពេល ៩០​ថ្ងៃក្រោយ សន្ធិសញ្ញា​អង្គការសហប្រជាជាតិ​មួយ​នេះ នឹង​ចូល​ជា​ធរមាន​។ ប៉ុន្តែ​មកទល់ពេលនេះ មានតែ​ប្រទេស​ចំនួន ៤៤​ប៉ុណ្ណោះ ដែល​បានផ្តល់​សច្ចាប័ន​៕
 

Tag:
 UN
© រក្សាសិទ្ធិដោយ thmeythmey.com