អន្តរជាតិ
ឥណ្ឌា សាកល្បង​យន្តហោះ​ចម្បាំង Rafale លើ​តំបន់​ព្រំដែន​មាន​ជម្លោះ​ជាមួយ​ចិន​
22, Sep 2020 , 4:09 pm        
រូបភាព
ឥណ្ឌាបើកសាកល្បងយន្តហោះចម្បាំង Rafale។ រូបភាព៖ AFP
ឥណ្ឌាបើកសាកល្បងយន្តហោះចម្បាំង Rafale។ រូបភាព៖ AFP
​ឥណ្ឌា បាន​សាកល្បង​ហោះហើរ​យន្តហោះ​ចម្បាំង Rafale របស់ខ្លួន​ដែល​ទើប​ទទួលបាន​ពី​បារាំង នៅលើ​តំបន់​ជម្លោះ​នៅតាម​ព្រំដែន​ជាមួយ​ចិន​។ នេះ​បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ពអាកាស​ឥណ្ឌា​នៅ​ថ្ងៃទី​២១ ខែកញ្ញា​។ ឥណ្ឌា ទំនង​ចង់​សម្ញែង​អានុភាព​ថ្មី​របស់ខ្លួន​ដាក់​ចិន ខណៈដែល​ភាព​តានតឹង​នៅ​ព្រំដែន​ហាក់​ធូរស្រាល​បន្តិច​។


​តាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​នៃ​កងទ័ពអាកាស​ឥណ្ឌា យន្តហោះ​ចម្បាំង Rafale ត្រូវបាន​បើក​សាកល្បង​នៅលើ​តំបន់​ក្បែរ​ព្រំដែន​ជាមួយ​ចិន រួមទាំង​តំបន់ Ladakh ដែលជា​តំបន់​ប្រទាញ​ប្រ​ទង​គ្នា​ផងដែរ​។ ការសាកល្បង​នេះ គឺជា​ពង្រឹងសមត្ថភាព​របស់​កងទ័ពអាកាស​ឥណ្ឌា ដើម្បី​ធ្វើ​ឲ្យ​ថ្នឹក​ដៃ​ជាមួយ​យន្តហោះ​ចម្បាំង​ថ្មី​នេះ​។ 
 
​ការប៉ះទង្គិច ដែល​បង្ក​ឲ្យ​ទាហាន​ឥណ្ឌា​ស្លាប់​ជាង ២០​នាក់ និង​របួស កាលពីពេល​ថ្មីៗ​នេះ កើតឡើង​នៅក្នុង​តំបន់​Ladakh នេះ ហើយ​ការប្រឈមមុខ​របស់​យ​ក្ស​នុយក្លេអ៊ែរ​អាស៊ី​ទាំងពីរ និង​ឈានដល់​ការបាញ់បោះ​ព្រមាន​គ្នា​ទៅមក​ក្នុងពេល​ថ្មីៗ​នេះ ក៏​កើតឡើង​នៅក្នុង​តំបន់​នេះដែរ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP កងទ័ពអាកាស​ឥណ្ឌា មិនបាន​ប្រកាស​ពី​ការហោះហើរ​នេះឡើយ ប៉ុន្តែ​វា​ត្រូវ​បានឃើញ​ដោយ​អ្នក​ថតរូប​របស់​ទីភ្នាក់ងារ​ព័ត៌មាន​មួយ​នេះ​នៅលើ​ទីក្រុង Leh ក្នុង​តំបន់ Ladakh ផ្ទាល់​។ ក្រោយមក​មន្ត្រី​កងទ័ព​ឥណ្ឌា ក៏បាន​បញ្ជាក់​ពី​ការហោះហើរ​នេះ​មែន​។ 
 
​យន្តហោះ​ចម្បាំង Rafale ចំនួន​៥​គ្រឿង​ដំបូង ដែល​ទើប​នាំ​មកពី​បារាំង ត្រូវបាន​ឥណ្ឌា​ដាក់បញ្ចូល​ឲ្យ​ប្រើប្រាស់ ក្នុង​កងទ័ពអាកាសរ​បស់​ខ្លួន​តាំងពី​ថ្ងៃទី​១០ ខែកញ្ញា​មក​ម្លេះ​។ ក្នុងអំឡុងពេល​ដាក់​ឲ្យ​ប្រើប្រាស់​នេះ ក្រសួងការពារជាតិ​ឥណ្ឌា បាន​បញ្ជាក់ថា យន្តហោះ​ចម្បាំង​Rafale បាន​ហោះហើរ និង​សាកល្បង​រួចហើយ នៅក្នុង​តំបន់​ប្រតិបត្តិការ​របស់ខ្លួន​។ ប៉ុន្តែ​ឥណ្ឌា មិនបាន​បញ្ជាក់​ពី​តំបន់ ដែល​បាន​ហោះហើរ​ឡើយ​។ 
 
​នៅក្នុង​ថ្ងៃ​ឥណ្ឌា​ដាក់បញ្ចូល​Rafale ក្នុង​កងទ័ពអាកាសរ​បស់​ខ្លួន ប្រមុខ​ការទូត​របស់​ប៉េកាំង និង​ញូវដែលី បាន​ជួបគ្នា​ដោយផ្ទាល់​នៅ​រុស្ស៊ី​។ ក្នុងជំនួប​នេះ ភាគី​ចិន និង​ឥណ្ឌា យល់ព្រម​បន្ធូរបន្ថយ​ភាព​តានតឹង និង​ដកទ័ព​ចេញពី​តំបន់​ព្រំដែន​ជម្លោះ​។ 
 
​សូមបញ្ជាក់ថា ឥណ្ឌា បាន​កម្មង់​ទិញ Rafale របស់​បារាំង​ចំនួន ៣៦​គ្រឿង តាំងពី​ឆ្នាំ​២០១៦​មក​ម្លេះ ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៩,៤​ពាន់​លាន​ដុល្លារ​។ យន្តហោះ​ទាំងនេះ ត្រូវបាន​រដ្ឋមន្ត្រី​ការពារជាតិ​ឥណ្ឌា​ចាត់ទុកថា គឺជា «​សារ​ដ៏​ខ្លាំង​» សម្រាប់​សត្រូវ​របស់ខ្លួន​៕

Tag:
 ឥណ្ឌា​
  ចិន
© រក្សាសិទ្ធិដោយ thmeythmey.com