COVID-19
អន្តរជាតិ
មី​យ៉ាន់​ម៉ា នឹងមិន​លើក​ពេល​បោះឆ្នោត​ថ្នាក់ជាតិ​ឡើយ​
23, Sep 2020 , 8:29 am        
រូបភាព
រូបភាព៖ New mandala
រូបភាព៖ New mandala
​ការបោះឆ្នោត​ថ្នាក់ជាតិ​មី​យ៉ាន់​ម៉ា ដែល​គ្រោង​ប្រារព្ធ​ឡើង​នៅក្នុង​ខែវិច្ឆិកា​ខាងមុខ នឹងមិន​លើក​ពេល​ឡើយ​។ មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​សហព័ន្ធ​មី​យ៉ាន់​ម៉ា​(UEC) លោក U Myint Naing បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​១៩ ខែកញ្ញា ដោយ​សន្យាថា គណៈកម្មការ​របស់លោក នឹង​ធានា​ឲ្យ​បាន​វិធានការ​ក្នុងការ​ទប់ស្កាត់​COVID-19 ក្នុងអំឡុងពេល​បោះឆ្នោត និង​នៅ​មណ្ឌលបោះឆ្នោត​។
 
​ករណី​ឆ្លង​សរុប COVID-19 នៅ​មី​យ៉ាន់​ម៉ា បាន​ហក់​ឡើងដល់​ជាង ៦​ពាន់​ករណី គិត​ត្រឹម​ថ្ងៃទី​២១ ខែកញ្ញា​។ ទីក្រុង​យ៉ាំង​ហ្គោ​ន នៅតែ​បន្ត​បិទ​ដដែល ដោយ​តម្រូវ​ប្រជាជន ត្រូវ​ស្នាក់​នៅផ្ទះ និង​រឹតត្បិត​ការធ្វើដំណើរ​។ ទាក់ទិន​នឹង​ការបិទ​ក្រុង និង​ករណី​ឆ្លង​នៅតែ​បន្ត​កើតមាន​បែបនេះ វា​បាន​បង្ក​ឲ្យ​មាន​ផលវិបាក​យ៉ាងខ្លាំង​ដល់​នីតិវិធី​នៃ​ការបោះឆ្នោត​នៅ​មី​យ៉ាន់​ម៉ា ជាពិសេស​គឺ​យុទ្ធនា​ការឃោសនា​រកស​ម្លេ​ង​ឆ្នោត​។ 
 
​បញ្ហា​នេះ ត្រូវបាន​បក្ស​អភិវឌ្ឍន៍ និង​សាមគ្គីភាព​សហព័ន្ធ (USDP) និង​បក្ស​ចំនួន ២៣​ផ្សេងទៀត ដែល​ភាគច្រើន​មិនមាន​សំឡេង​ក្នុង​សភា បានដាក់​លិខិត​ចំហ​មួយ​ទៅ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត នៅ​សប្តាហ៍​មុន ដោយ​ស្នើ​ឲ្យ​លើក​ពេល​បោះឆ្នោត ដែល​គ្រោង​ធ្វើឡើង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា​។ 
 
​យ៉ាងណាមិញ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា នៅតែ​បន្ត​គម្រោង​បោះឆ្នោត​ដដែល​។ លោក U Myint Naing មន្ត្រីជាន់ខ្ពស់​នៃ​គណៈកម្មការ​រៀបចំ​ការ​បោះឆ្នោត​មី​យ៉ាន់​ម៉ា បានបញ្ជាក់​ក្នុង​សន្និសីទ​សារព័ត៌មាន​តាម​អន​ឡាញ​នៅ​ថ្ងៃទី​១៩ ខែកញ្ញា​ថា យ៉ាង​ដូច្នេះ​ថា​៖ «​យើង​នឹងមិន​លើក​ពេល​បោះឆ្នោត​ទាំងស្រុង ឬ​មណ្ឌល​ណាមួយ ដោយសារ​COVID-19 ឡើយ​»​។ 
 
​បើតាម​មន្ត្រីជាន់ខ្ពស់​រូបនេះ គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា នឹង​ធានា​ពី​វិធានការ​សំខាន់ៗ​មួយចំនួន ដើម្បី​ទប់ស្កាត់​COVID-19 នៅ​មណ្ឌលបោះឆ្នោត ដោយ​ផ្អែក​ទៅតាម​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ នេះ​បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន Irrawaddy​។ 
 
​តាមរយៈ​វិធានការ​របស់​UEC មណ្ឌលបោះឆ្នោត នឹងត្រូវ​បង្កើន​ពី ៤​ម៉ឺន ទៅ​៥​ម៉ឺន​មណ្ឌល ដើម្បី​កាត់បន្ថយ​ណែនណាន់​ខ្នាន់ខ្នាប់​នៃ​អ្នកបោះឆ្នោត​។ ការបង្កើន​មណ្ឌលបោះឆ្នោត នឹងធ្វើ​ឲ្យ​ម៉ា​យ៉ាន់​ម៉ា អាច​កាត់បន្ថយ​អ្នកបោះឆ្នោត​ពី ១៥០០​នាក់ ទៅ ៣០០០​នាក់ នៅតាម​មណ្ឌល​នីមួយៗ​។ ក្រៅពី​ការបន្ថែម​មណ្ឌលបោះឆ្នោត គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​មី​យ៉ាន់​ម៉ា ក៏​រៀបចំ​ឲ្យ​មានទឹក​លាងដៃ​នៅតាម​មណ្ឌល​នីមួយៗ និង​ម៉ាស់​សម្រាប់​អ្នកសង្កេតការណ៍​ផងដែរ​។ 
 
​ការមិន​លើក​ពេល​បោះឆ្នោត​នេះ ទំនង​ធ្វើ​ឲ្យ​ប្រជាជន​មី​យ៉ាន់​ម៉ា​មួយចំនួន ស្ទាក់ស្ទើរ​ក្នុងការ​ចេញទៅ​បោះឆ្នោត​ដោយសារតែ​បារម្ភ​ពី​ការឆ្លង​កូ​រ៉ូ​ណាវី​រុស​។ ចំណែក​បក្ស​កាន់អំណាច​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ (NLD) បានប្រកាសថា ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅតាម​ការគ្រោងទុក និង​អះអាងថា ការលើក​ពេល​បោះឆ្នោត នឹង​បង្កើត​ឲ្យ​មាន​ភាពមិនប្រាកដប្រជា​នៃ​នយោបាយ​៕

Tag:
 មី​យ៉ាន់​ម៉ា​
  COVID-19
© រក្សាសិទ្ធិដោយ thmeythmey.com