កីឡាអន្តរជាតិ
អន្តរជាតិ
Djokovic ឈ្នះ Italian Open លើក​ទី​៥ និង​ជា​ពាន Masters លើក​ទី​៣៦
22, Sep 2020 , 8:19 pm        
រូបភាព
Novak Djokovic កំពូល​អ្នក​វាយ​កូន​បាល់​លេខ ១ ពិភពលោក​ឈ្នះ​ពានរង្វាន់ Italian Open ជា​លើក​ទី ៥ តាមរយៈ​ការ​ផ្តួល​កីឡាករ​អា​ហ្ស​ង់​ទីន Diego Schwartzman នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​។ នេះ​ជា​ពាន​កម្រិត ATP Masters ដែល​កីឡាករ​សញ្ជាតិ​ស៊ែ​ប៊ី​ឈ្នះ​ជា​កំណត់ត្រា​លើក​ទី ៣៦ របស់ខ្លួន​។​

Djokovic ដែល​ទើបបាន​ដក​ចេញពី​ការប្រកួត US Open ដោយសារ​វាយ​បាល់​ចំក​អាជ្ញាកណ្តាល​កន្លងទៅ បាន​យកឈ្នះ Schwartzman ក្នុង​លទ្ធផល ៧-៥ និង ៦-៣ នា​ជំនួប​ផ្តាច់ព្រ័ត្រ នៅ​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី នា​ថ្ងៃទី​២១ ខែកញ្ញា​។ ជ័យជម្នះ ក៏​ធានា​រូបគេ​ឈានទៅ​កាន់ការ​ប្រកួត​ពាន​រង្វាន់ French Open កម្រិត Grand Slam នៅ​សប្តាហ៍​ក្រោយនេះ​ផងដែរ​។​
 
​កីឡាករ​វាយ​កូន​បាល់​លេខ​១​ពិភពលោក ដែលមាន​វ័យ ៣៣ ឆ្នាំ​រូបនេះ បាន​ឈរលើ​គូប្រជែង Rafael Nadal ដែល​ឈ្នះ​ពាន​កម្រិត Masters នេះ​ចំនួន​៣៥​លើក ខណៈ​រូបគេ​ឈ្នះ​លើសគេ​ចំនួន​៣៦​លើក​។​
 
​ក្រោយ​ជ័យជម្នះ​នេះ Djokovic បានបង្ហាញ​ក្តីសប្បាយ​រីករាយ​យ៉ាងខ្លាំង​។ រូបគេ​និយាយថា​៖ «​នេះ​ជា​សប្តាហ៍​ដ៏​អស្ចារ្យ​និង​ជា​សប្តាហ៍​ដ៏​លំបាក​មួយ​។ ខ្ញុំ​មិន​គិតថា​ខ្ញុំ​បាន​លេង​កីឡា​វាយ​កូន​បាល់​ដ៏​ល្អ​បំផុត​របស់ខ្ញុំ​នៅ​សប្តាហ៍​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​គិតថា​ខ្ញុំ​បាន​រកឃើញ​កីឡា​វាយ​កូន​បាល់​ដ៏​ល្អ​បំផុត​របស់ខ្ញុំ​នៅក្នុង​ពេលវេលា​ដ៏​សំខាន់​នេះ​។ ខ្ញុំ​ពិតជា​មាន​មោទកភាព​ណាស់​ដែល​ខ្ញុំ​ទទួលបាន​ពាន Italian Open ជា​លើក​ទី ៥ នៅពេលដែល​ខ្ញុំ​កំពុង​ត្រូវការ​»​។​
 
​កីឡាករ​វាយ​កូន​បាល់​កម្រិត​ពិភពលោក​ចំនួន​៥​រូប​ដែល​ឈ្នះ​ពាន ATP Masters នេះ ច្រើនជាងគេ​បំផុត ក្នុងនោះ​រួមមាន Djokovic (៣៦​លើក​), Nadal (៣៥​លើក​), Roger Federer (២៨​លើក​), Andre Agassi (១៧​លើក​) និង Andy Murray (១៤​លើក​)៕ 
 

Tag:
 Novak Djokovic
  Italian Open
© រក្សាសិទ្ធិដោយ thmeythmey.com