សង្គមអន្តរជាតិ​
អន្តរជាតិ
លោក ស៊ូ​ហ្កា​៖ ជប៉ុន​-​កូរ៉េខាងត្បូង ត្រូវ​ស្ដារ​ទំនាក់ទំនង​ឡើងវិញ​ដើម្បី​ដោះស្រាយ​បញ្ហា​កូរ៉េខាងជើង​
24, Sep 2020 , 10:29 pm        
រូបភាព
នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្ហា  (ខាងឆ្វេង) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ EPA-EFE
នាយករដ្ឋមន្រ្តីជប៉ុន លោក យូស៊ីហ៊ីដេ ស៊ូហ្ហា (ខាងឆ្វេង) និងប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ចេអ៊ីន។ រូបភាព៖ EPA-EFE
​ជប៉ុន និង​កូរ៉េខាងត្បូង ត្រូវតែ​ស្ដារ​ទំនាក់ទំនង​របស់ខ្លួន​ឡើងវិញ និង​សហប្រតិបត្តិការ​ជាមួយគ្នា ដើម្បី​ទប់ទល់​នឹង​ការគំរាមកំហែង​របស់​កូរ៉េខាងជើង​។ នាយករដ្ឋមន្ត្រី​ជប៉ុន​ថ្មី លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ បានលើកឡើង​បែបនេះ នៅ​ថ្ងៃទី​២៤ ខែកញ្ញា ក្រោយ​ការជជែក​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង មូ​ន ចេ​អ៊ី​ន ។
 
​លោក ស៊ូ​ហ្កា យូ​ស៊ី​ហ៊ី​ដេ បាន​សន្ទនា​តាម​ទូរ​សព្ទ​ជាមួយ​ប្រធានាធិបតី​កូរ៉េខាងត្បូង​លោក មូ​ន ចេ​អ៊ី​ន នៅ​ថ្ងៃទី​២៤ ខែកញ្ញា​។ មិន​ប្លែក​ឡើយ​សម្រាប់​ការជជែក​តាម​ទូរ​សព្ទ​ពេលនេះ ព្រោះ​លោក ស៊ូ​ហ្កា ដែល​ទើប​ឡើងកាន់តំណែង​ជា​នាយករដ្ឋមន្ត្រី ត្រូវ​ណែនាំ​ខ្លួន​ដល់​មេដឹកនាំ​ក្បែរ​ខាង​របស់ខ្លួន​។​
 
​ក្រោយ​ជំនួប​នេះ លោក ស៊ូ​ហ្ហា បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា ជប៉ុន និង​កូរ៉េខាងត្បូង មិនអាច​ទុក​ស្ថានភាព​ទំនាក់ទំនង​មិនល្អ​ក្នុងពេល​បច្ចុប្បន្ន ចោល​បានទេ​។ កូរ៉េខាងត្បូង និង​ជប៉ុន​គួរតែ​គិតគូរ​ពី​បញ្ហា​នេះ​។ 
 
«​កិច្ចសហប្រតិបត្តិការ​រវាង​ជប៉ុន និង​កូរ៉េខាងត្បូង ក៏ដូចជា​ទំនាក់ទំនង​រវាង​ជប៉ុន អាមេរិក និង​កូរ៉េខាងត្បូង គឺ​សំខាន់​ណាស់ ដើម្បី​ដោះស្រាយ​ជាមួយ​កូរ៉េខាងជើង និង​បញ្ហា​ផ្សេងទៀត​។ លោក​ស៊ូ​ហ្កា បានបញ្ជាក់​បែបនេះ ដោយ​បន្ថែមថា ជប៉ុន​នឹង​បន្ត​ស្វែងរក​សកម្មភាព​ដ៏​សមស្រប​ពី​សំណាក់​កូរ៉េខាងត្បូង​ជុំវិញ​ការស្តារ​ទំនាក់ទំនង​ប្រទេសជិតខាង​ទាំងពីរ​។ 
 
​ទំនាក់ទំនង​រវាង​ទីក្រុង​តូ​ក្យូ និង​សេ​អ៊ូ​ល បាន​រង​ភាពល្អក់​កករ​តាំងពី​ឆ្នាំ​២០១៩ មក​ម្លេះ បន្ទាប់ពី​តុលាការ​កូរ៉េខាងត្បូង បានចេញ​សាលក្រម​បញ្ជា​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​សង​ថ្លៃ​ជំងឺ​ចិត្ត​ដល់ក​ម្មករ​កូរ៉េខាងត្បូង​ដែល​ត្រូវ​បង្ខំ​ឲ្យ​ធ្វើការ​សម័យ​សង្គ្រាម ចាប់ពី​ឆ្នាំ​១៩១០ ដល់​ឆ្នាំ​១៩៤៥​។ សាលក្រម​នេះ បានធ្វើ​ឲ្យ​ជប៉ុន​រឹតត្បិត​ធាតុ​កម្រ​ចំនួន​បី​ប្រភេទ​ទៅ​កូរ៉េខាងត្បូង​។ ក្រោម​មក បញ្ហា​ខាងលើ​បាន​បណ្តាល​ឲ្យ​ជប៉ុន និង​កូរ៉េខាងត្បូង មាន​ជម្លោះ​ពាណិជ្ជកម្ម​ជាមួយគ្នា​។ 
 
​ចំណែក អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ិន​ហ្សូ អា​បេ កន្លងមក ធ្លាប់​បញ្ជាក់ថា សំណុំរឿង​ដែល​ជប៉ុន​ដាក់​អាណានិគម​លើ​កូរ៉េ​នេះ ត្រូវបាន​ដោះស្រាយ​ចប់សព្វគ្រប់​ក្នុង​កិច្ចព្រមព្រៀង​ឆ្នាំ​១៩៦៥ អស់ហើយ​៕ 
 

Tag:
 ជប៉ុន​
  កូរ៉េខាងត្បូង​
  កូរ៉េខាងជើង
© រក្សាសិទ្ធិដោយ thmeythmey.com