អន្តរជាតិ
សកម្មជន​វ័យក្មេង Joshua Wong ត្រូវ​ប៉ូលិស​ហុងកុង​ចាប់ខ្លួន​ពាក់ព័ន្ធ​បាតុកម្ម​ឆ្នាំ​២០១៩
24, Sep 2020 , 6:29 pm        
រូបភាព
លោក Joshua Wong សកម្មជនប្រឆាំងរដ្ឋាភិបាលហុងកុង។ រូបភាព៖ Reuters
លោក Joshua Wong សកម្មជនប្រឆាំងរដ្ឋាភិបាលហុងកុង។ រូបភាព៖ Reuters
​សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង លោក Joshua Wong នៅ​ថ្ងៃទី​២៤ ខែកញ្ញា ត្រូវ​ប៉ូលិស​ចាប់ខ្លួន ពីបទ​ធ្វើបាតុកម្ម​ខុសច្បាប់​នៅក្នុង​ឆ្នាំ​២០១៩​។ ក្រៅពី​សកម្មជន​រូបនេះ ប៉ូលិស​ហុងកុង​ក៏បាន​ចាប់ខ្លួន​សកម្មជន​ជើងចាស់​ម្នាក់ទៀត​ផងដែ​រ​។

​តាមរយៈ​បណ្តាញ​សង្គម​Twitter របស់ខ្លួន លោក Joshua Wong សកម្មជន​ប្រឆាំង​រដ្ឋាភិបាល​ហុងកុង បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖ «Joshua ត្រូវបាន​ចាប់ខ្លួន ទៅ​ស្ថានីយ​ប៉ូលិស​ប្រមាណ​ម៉ោង ១​រសៀល​»​។ សកម្មជន​រូបនេះ ត្រូវ​ចោទ​ពីបទ​ចូលរួម​ក្នុងការ​ជួបប្រជុំ​ខុសច្បាប់ និង​បំពាន​ច្បាប់​ហាម​ពាក់​ម៉ាស់ នៅ​ថ្ងៃទី​៥ ខែតុលា ឆ្នាំ​២០១៩​។ 
 
​ចំណែក​សកម្មជន​សង្គម​ជើងចាស់​វ័យ ៧៤​ឆ្នាំ ក៏ត្រូវ​បាន​ប៉ូលិស​ហុងកុង​ចាប់ខ្លួន​ផងដែរ ពីបទ​ទាក់ទិន​នឹង​ការចូលរួម​ក្នុងការ​ជួបប្រជុំ​ខុសច្បាប់​ក្នុង​ខែតុលា ឆ្នាំ​២០១៩​។​
 
​ច្បាប់​ហាម​ពាក់​ម៉ា​នស់​នេះ ត្រូវបាន​ហុងកុង​អនុម័ត​នៅក្នុង​ខែតុលា ឆ្នាំ​២០១៩ ដើម្បី​ហាមឃាត់​ក្រុមបាតុករ មិន​ឲ្យ​ពាក់​ម៉ាស់​ក្នុងអំឡុងពេល​ធ្វើបាតុកម្ម​។ ប៉ុន្តែ​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ​២០១៩ តុលាការ​ជាន់ខ្ពស់​ហុងកុង បានប្រកាសថា​ច្បាប់​ហាមឃាត់​ការពាក់​ម៉ាស់ គឺ​មិន​ស្របតាម​ច្បាប់​មូលដ្ឋាន​របស់​ហុងកុង​។ ការប្រកាស​នេះ បានធ្វើ​ឲ្យ​ប៉ូលិស​ហុងកុង​ផ្អាក​ការអនុវត្ត​ច្បាប់​ជាច្រើន​ខែ​។ 
 
​រហូតដល់​ខែមេសា ឆ្នាំ​២០២០ តុលាការ​ឧទ្ធរណ៍​ហុងកុង បានសម្រេច​ថា រដ្ឋាភិបាល​ហុងកុង​អាច​ហាមឃាត់​ការពាក់​ម៉ាស់​បាន​ក្នុងការ​ជួបជុំ​ដែល​ខុសច្បាប់ ប៉ុន្តែ​ច្បាប់​ហាម​ការពាក់​ម៉ាស់​នេះ មិនអាច​យកមកប្រើ​ប្រាស់​បានឡើយ ក្នុងការ​ជួបជុំ​ស្របច្បាប់​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត​ហុងកុង South China Morning Post​។ 
 
​សូមបញ្ជាក់ថា បន្ទាប់ពី​ច្បាប់​សន្តិសុខ​ជាតិ​ហុងកុង ចូល​ជា​ធរមាន អាជ្ញាធរ​ហុងកុង បាន​ចាប់ខ្លួន​មនុស្ស​ជាច្រើន​នាក់ ទាក់ទិន​នឹង​ការធ្វើ​បាតុកម្ម​នៅក្នុង​ឆ្នាំ​២០១៩​។ ប៉ុន្តែ​ក្រោយមក អ្នក​ទាំងនោះ​ត្រូវបាន​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​វិញ​៕ 

Tag:
 ហុងកុង
© រក្សាសិទ្ធិដោយ thmeythmey.com