កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski, Neuer និង De Bruyne ជា​បេក្ខភាព​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ UEFA ឯ​គ្រូ​៣​រូប​សុទ្ធតែ​អាល្លឺម៉ង់​
25, Sep 2020 , 8:29 pm        
រូបភាព
​បេក្ខភាព​៣​រូប​ចុងក្រោយ​សម្រាប់​ប្រជែង​តំណែង​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ (UEFA Men's Player of the Year) រដូវ​កាល ២០១៩-២០ គ្មាន​ឈ្មោះ Lionel Messi និង Cristiano Ronaldo ជា​លើកដំបូង​ក្នុង​រយៈពេល​ឆ្នាំ​១០​ចុងក្រោយ​។ សហព័ន្ធ​កីឡាបាល់ទាត់​អឺរ៉ុប (UEFA) បាន​ជ្រើស​យក Manuel Neuer, Robert Lewandowski និង Kevin de Bruyne ដើម្បី​ប្រជែង​យកពាន​សម្រាប់​ឆ្នាំ​២០២០​នេះ​។
 
Messi ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អា​ហ្ស​ង់​ទីន មិនបាន​ជួយ Barcelona លើក​ពាន La Liga ក៏ដូចជា Champions League ឡើយ ហើយក៏​មិនបាន​បង្ហាញ​ភាពលេច​ធ្លោ​អ្វី​ដែរ​រដូវ​កាល​មុន​។ ចំណែក Ronaldo បើ​ទោះ​បាន​ជួយ Juventus ឈ្នះ​ជើងឯក Serie A ជា​លើក​ទី​ពីរ​ក្តី ប៉ុន្តែ​ខ្សែប្រយុទ្ធ​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ មិន​បានធ្វើ​ព្យុះភ្លៀង​ក្នុង​ក្របខណ្ឌ​កំពូល​អឺរ៉ុប​គួរ​ឲ្យ​កត់សម្គាល់​ដូចគ្នា​។​
 
​កត្តា​ទាំងនេះហើយ ទើប​នាំ​ឲ្យ​អ្នក​ទាំងពីរ​ដែល​ធ្លាប់​ជាប់​៩​លើក​រួចមក ត្រូវ​បាត់​ខ្លួន​ពី​បេ​ក្ខ​ភព​កំពូល​ទាំងបី​ក្នុង​ពានរង្វាន់​កីឡាករ​ឆ្នើម​ប្រចាំឆ្នាំ​របស់ UEFA ឆ្នាំ​២០២០ ហើយ​ត្រូវ​ជំនួស​វិញ​ដោយ​កីឡាករ​របស់ Bayern Munich ពីររូប រួមមាន​ខ្សែប្រយុទ្ធ Robert Lewandowski និង​អ្នកចាំទី Manuel Neuer និង Kevin de Bruyne ខ្សែបម្រើ​ក្រុម Manchester City​។​
 
 
 
​អ្នកចាំទី​សញ្ជាតិ​អាល្លឺម៉ង់ Neuer និង​ខ្សែប្រយុទ្ធ​សញ្ជាតិ​ប៉ូឡូញ Lewandowski បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការជួយ Bayern Munich ឈ្នះ​ពាន Champions League និង Bundesliga រដូវ​កាល​មុន​។ សម្រាប់ Kevin de Bruyne ខ្សែបម្រើ​អន្តរជាតិ​បែលហ្ស៊ិក បើ​ទោះ​មិនបាន​ជួយ​ក្រុម​មេឃ​ខៀវ​ឈ្នះ​ពាន​ធំៗ​ក៏ដោយ ប៉ុន្តែ​រូបគេ​បានបង្ហាញ​របៀប​លេង​យ៉ាង​អស្ចារ្យ​នៅ​តំបន់​បម្រើ ដោយ​បញ្ជូន​បាល់​ដ៏​មាន​ប្រសិទ្ធភាព​ទៅ​ឲ្យ​ដៃគូ​សម្រេច​ទី​ជាច្រើន​គ្រាប់​។​
 
​ដោយឡែក​ម្ចាស់​ពានរង្វាន់​កីឡាករ​ឆ្នើម​បំផុត​ប្រចាំឆ្នាំ​របស់​អឺរ៉ុប​រដូវ​កាល​មុន Virgil van Dijk ខ្សែការពារ​ឆ្នើម Liverpool មិនមាន​ឈ្មោះ​នោះទេ សូម្បីតែ​ជម្រើស​១០​នាក់​ចុងក្រោយ​។​
 
​ចំណាត់ថ្នាក់​បេក្ខភាព​១០​នាក់​ចុងក្រោយ​ឆ្នាំ​២០២០ Messi បានបញ្ចប់​ក្នុង​លេខ​រៀង​ទី ៤ ស្ទួន​ជាមួយ​អតីត​មិត្ត​រួម​ក្រុម Neymar​។ Kylian Mbappe ខ្សែប្រយុទ្ធ PSG ស្ថិតនៅ​លេខ​រៀង​ទី ៦ តាម​ពីក្រោយ​កីឡាករ Bayern Munich ៣​រូប​ទាំង​ដូចជា Thomas Muller លេខ​៧, Thiago Alcantara នៅ​លេខ​៨ (​ទើប​ផ្លាស់​ទៅ Liverpool), Joshua Kimmich លេខ​៩ និង Ronaldo ឈរ​នៅ​ចំណាត់ថ្នាក់​ទី​១០​។​


 
​ចាប់តាំងពី​បង្កើត​ពានរង្វាន់​នេះ​នៅ​ឆ្នាំ ២០១១​មក ពោលគឺ​៩​លើក​រួចហើយ Messi ធ្លាប់​ឈ្នះ​២​ដង Ronaldo ៣​ដង​លើសគេ ខណៈ Andres Iniesta, Franck Ribery, Luka Modric និង Virgil van Dijk បាន​ម្នាក់​ម្តង​ដូចគ្នា​។​
 
​សម្រាប់​បេក្ខភាព​គ្រូបង្វឹក​ផ្នែក​បុរស​៣​រូប​ចុងក្រោយ​សុទ្ធ​គ្រូ​សញ្ជាតិ​អាល្លឺម៉ង់​ទាំងអស់​ដែល​រួមមាន​លោក Hans-Dieter Flick (Bayern München), Jürgen Klopp (Liverpool) និង Julian NAGELSMANN (RB Leipzig)
 
​ការប្រកាស​ជ័យលាភី នឹងធ្វើ​ឡើង​ក្នុង​កម្មវិធី​ចាប់​ពូ​ល​ក្របខណ្ឌ Champoins League រដូវ​កាល ២០២០-២១ នៅ​រាត្រី​រាត្រី​ថ្ងៃទី​១ ខែតុលា នា​ក្រុង Geneva
ប្រទេសស្វីស៕
 
 

Tag:
 UEFA Men\'s Player of the Year
  UEFA
© រក្សាសិទ្ធិដោយ thmeythmey.com