អន្តរជាតិ
ប្រធានាធិបតី​វៀតណាម ប្ដេជ្ញា​រក្សា​សន្តិភាព​នៅ​សមុទ្រ​ចិន​ខាងត្បូង និង​ស្នើ​ឲ្យ​ភាគី​ផ្សេង​ធ្វើតាម​ដែរ​
25, Sep 2020 , 11:58 pm        
រូបភាព
ប្រធានាធិបតីវៀតណាម លោក  ង្វៀន ភូជុង ថ្លែងក្នុងវីដេអូថតទុក នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ UN News
ប្រធានាធិបតីវៀតណាម លោក ង្វៀន ភូជុង ថ្លែងក្នុងវីដេអូថតទុក នៅមហាសន្និបាតអង្គការសហប្រជាជាតិ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។ រូបភាព៖ UN News
​ប្រធានាធិបតី​វៀតណាម លោក  ង្វៀន ភូ​ជុង នៅ​ថ្ងៃទី​២៤ ខែកញ្ញា បាន​ប្តេជ្ញា​រក្សា​ស្ថិរភាព សន្តិភាព សន្តិសុខ នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដែល​កំពុងមាន​ជម្លោះ​ជាមួយ​ចិន និង​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត​។ ជាមួយគ្នានេះ លោក​ប្រធានាធិបតី ក៏បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់ គោរព​តាមច្បាប់​អន្តរជាតិ និង​បញ្ឈប់​សកម្មភាព​ឯកតោភាគី ដែល​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុគស្មាញ​នៅក្នុង​តំបន់​ដែនទឹក​ជម្លោះ​ផងដែរ​។


 
​ជា​ភាគី​មួយ​នៃ​ជម្លោះ​សមុទ្រ​ចិន​ខាងត្បូង វៀតណាម​តែងតែ​លើកឡើង​ពី​ភាព​តានតឹង និង​ការទាមទារ​របស់​ចិន​ប្រាប់​វេទិកា​អន្តរជាតិ​។ តាមរយៈ​វីដេអូ​ថត​ទុក និង​បាន​ចាក់​នៅក្នុង​មហាសន្និបាត​អង្គការសហប្រជាជាតិ​ក្នុងសម័យ​COVID-19 ប្រធានាធិបតី​វៀតណាម លោក ង្វៀន ភូ​ជុង បានលើកឡើង​បញ្ហា​ជាច្រើន​រួមមាន COVID-19 បញ្ហា​ទាក់ទិន​អង្គការសហប្រជាជាតិ ជាពិសេស​គឺ​សមុទ្រ​ចិន​ខាងត្បូង ដែល​វៀតណាម​ហៅថា «​សមុទ្រ​ខាងកើត​»​។ 
 
​វៀតណាម ប្តេ​ជា​រក្សា​សន្តិភាព​, ស្ថិរភាព​, សន្តិសុខ​សមុទ្រ​, សុវត្ថិភាព និង​សេរីភាព​នៃ​នាវាចរណ៍​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង និង​គោរព​តាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ (UNCLOS)​។ ប្រមុខរដ្ឋ​វៀតណាម​បានលើកឡើង​បែបនេះ ដោយ​បន្ថែ​មយ៉ាង​ដូច្នេះ​ថា​៖ « យើង​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ទាំងអស់ អនុវត្ត​ដោយ​ប្រុងប្រយ័ត្ន បញ្ចៀស​សកម្ម​ភាពជា​ឯកតោភាគី ដែល​អាច​បង្ក​ឲ្យ​មាន​បញ្ហា​ស្មុ​គ្រ​ស្មាញ​នៅក្នុង​តំបន់​ជម្លោះ​»​។ 
 
​កន្លងមក ចិន​បានធ្វើ​សកម្មភាព​អុង​អាត់​ជា​ឯកតោភាគី ក្នុង​សមុទ្រ​ចិន​ខាងត្បូង តាមរយៈ​សមយុទ្ធ​យោធា និង​នាវា​យាមល្បាត​របស់ខ្លួន ដែល​បង្ក​ឲ្យ​វៀតណាម​ដាក់​ការតវ៉ា​ជា​ញឹកញាប់​។ ក្នុង​វីដេអូ​ដដែល​នេះ លោក​ប្រមុខរដ្ឋ​វៀតណាម ក៏បាន​អំពាវនាវ​ឲ្យ​ភាគី​ជម្លោះ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោះស្រាយ​បញ្ហា​ដោយ​សន្តិវិធី និង​តាមរយៈ​នីតិ​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា ការទូត ឬ​តាម​នីតិវិធី​ច្បាប់​ជាដើម​។ 
 
​នា​កិច្ចប្រជុំ​ដដែល​នេះ ហ្វីលីពីន លើក​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង​ដែរ​។ ប្រធានាធិបតី រ៉ូ​ឌ្រី​ហ្គោ ឌូ​ទើ​តេ ដែល​បានលើកឡើង​ពី​សាលក្រម​របស់ តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេ (PCA) ឆ្នាំ​២០១៦ បានប្រកាស​ពី​ការប្ដេជ្ញាចិត្ត​របស់​ហ្វីលីពីន​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ផ្អែក​ទៅតាម​អនុសញ្ញា​អង្គការសហប្រជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ​ឆ្នាំ​១៩៨២ និងសេចក្តីសម្រេច​រប​ស់​តុលាការ​ម​ជ្ឈ​ត្ត​ការ​អចិន្ត្រៃយ៍​ក្រុងឡាអេ​។ 
 
​សូមបញ្ជាក់ថា តាមរយៈ «​បន្ទាត់​ក្រហម​៩​ឆ្នូត​» ចិន​បានទាមទារ​ស្ទើរតែ​៩០​ភាគរយ​នៃ​ដែនទឹក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយ​ផ្អែក​តាមច្បាប់​សមុទ្រ​អន្តរជាតិ និង ហេតុផល​ប្រវត្តិសាស្ត្រ​របស់ខ្លួន​។ ការទាមទារ​របស់​ចិន​បែបនេះ បានធ្វើ​ឲ្យ​ជាន់​លើ​ដែនទឹក ដែល​ទាមទារ​ដោយ​បណ្តា​ប្រទេស​អាស៊ាន​ផ្សេងទៀត ដូចជា​វៀតណាម ហ្វីលីពីន ព្រុយ​ណេ និង​ម៉ាឡេស៊ី​៕ 

Tag:
 វៀតណាម​
  UN
© រក្សាសិទ្ធិដោយ thmeythmey.com