ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ​៖ ទឹកជំនន់​នៅ​តំបន់​ជួរ​ភ្នំ​ដងរែក​-​ក្រវាញ គឺ​ដោយសារ​ទឹក​ហូរ​ពី​ភ្នំ​មក​
10, Oct 2020 , 3:58 pm        
រូបភាព
កងកម្លាំង​កំពុងតែប្រតិបត្តិការ​​ក្នុងការ​ជួយសង្រ្គោះអ្នកដែល​រងគ្រោះដោយសារ​ទឹកជំនន់នៅ​ខេត្ត​បាត់ដំបង រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង​
កងកម្លាំង​កំពុងតែប្រតិបត្តិការ​​ក្នុងការ​ជួយសង្រ្គោះអ្នកដែល​រងគ្រោះដោយសារ​ទឹកជំនន់នៅ​ខេត្ត​បាត់ដំបង រូបភាពពីរដ្ឋបាលខេត្តបាត់ដំបង​
ដោយ:
​ភ្នំពេញ​៖ លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម អះអាងថា ខេត្ត​មួយចំនួន​ដែល​នៅជាប់​ជួរ​ភ្នំ​ដងរែក និង​ជួរ​ភ្នំក្រវាញ នឹង​បន្ត​រងទឹក​ភ្លៀង និង​រង​ខ្យល់​បោកបក់​ខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ទៅមុខទៀត​នេះ​។ បើតាម​អ្នកនាំពាក្យ ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តពោធិ៍សាត់ គឺជា​ខេត្ត​ដែល​នឹង​បន្ត​រងគ្រោះ​ទឹកជំនន់​ធ្ងន់ធ្ងរ​ជាងគេ​។
 
​លោក ចាន់ យុ​ត្ថា ប្រាប់​អ្នកសារព័ត៌មាន​ថ្មីៗ នៅ​ព្រឹក​ថ្ងៃទី​១០ ខែតុលា ថា ទឹក​នៅ​ស្ទឹង​មង្គលបុរី​ដែល​ស្ថិតនៅ​ខេត្តបន្ទាយមានជ័យ គឺ​នៅតែ​បន្ត​កើនឡើង​។ រីឯ​ទឹក​នៅតាម​ស្ទឹង​សង្កែ​ខេត្តបាត់ដំបង​ក៏​នៅតែ​បន្ត​កើនឡើង​ខ្លាំង​។ ចំណែក​ទឹក​នៅ​ស្ទឹង​ពោធិ៍សាត់ ក៏​បន្ត​កើនឡើង​ខ្លាំង​ផងដែរ​។ 
 
​លោក បន្តថា តំបន់​មួយចំនួន​ដែល​នៅជាប់​ស្ទឹង​របស់​ខេត្ត​ទាំង​៣ នឹងមាន​ជំនន់​ទឹកភ្លៀង​ផងដែរ​។  លោក ថ្លែង​ដូច្នេះ​ថា​៖«​មន្ទីរ និង​អាជ្ញាធរខេត្ត​នីមួយៗ​ក៏​កំពុងតែ​រៀបចំ​បាវ​ខ្សាច់​ទប់ទឹក​នៅ​កន្លែង​ទំនាបៗ​»​។ 
 
​អ្នកនាំពាក្យ និយាយថា ជំនន់​ទឹកភ្លៀង​ដែល​បណ្តាល​ឲ្យ​លិច​ផ្ទះសម្បែង និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​នៅតាម​បណ្តា​ខេត្ត​នេះ​គឺ​បណ្តាលមកពី​ជំនន់​ទឹក​របស់​ភ្នំ ដែល​ហូរ​ឆ្លា​ក់មក​។ លោក មានប្រសាសន៍​ដូច្នេះ​ថា​៖«​ជា​ជំនន់​របប​ភ្នំ គឺ​ទឹក​វា​ខ្លាំង វា​បុក​ផ្តាច់​ទំនប់​ទន្លេបាសាក់​។ ឥឡូវនេះ​យើង​កំពុងតែ​ជួសជុល​ទំនប់​បាសាក់​ឡើងវិញ​។ ទឹក​មួយផ្នែក​នៅ​មង្គលបុរី ខេត្តបន្ទាយមានជ័យ​គឺ​ហៀរ​ចេញ​មកពី​ប្រទេស​ថៃ ដែល​ធ្វើ​ឲ្យ​ស្ទឹង​មង្គលបុរី​មានទឹក​ហូរ​ច្រើន​»​។  
 
​អ្នកនាំពាក្យ​រូបនេះ បាន​បញ្ជាក់ថា កងកម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់​កំពុងតែ​ប្រតិបត្តិការ​ជួយសង្គ្រោះ​ប្រជាជន ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដោយ​ក្នុងនោះ​មាន​ប្រជាជន​ជាច្រើន​គ្រួសារ​ត្រូវបាន​ជួយសង្គ្រោះ​ទៅ​ទី​សុវត្ថិភាព​បាន​ទាន់ពេលវេលា​។ 
 
​លោក ឃុន សុខា អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា គ្រោះទឹកជំនន់​នេះ​បាន​បណ្តាល​ឲ្យ​ពលរដ្ឋ​ជាង​១​ម៉ឺន​៤​ពាន់​នាក់ នៅ​ខេត្ត​ចំនួន​១០ ត្រូវ​រងគ្រោះ​ដោយសារ​ទឹកជំនន់ ដោយ​ក្នុងនោះ​ជម្លៀស​ជាង​៧០០​នាក់​។ លោក​បន្តថា ក្នុង​ហេតុការណ៍​គ្រោះធម្មជាតិ​នេះ ក៏​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន​២​នាក់ ដោយ​ម្នាក់​លង់ទឹក​ស្លាប់ និង​ម្នាក់ទៀត​ស្លាប់​ដោយសារ​រន្ទះបាញ់​។​
 
​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ លើកឡើងថា គ្រោះទឹកជំនន់​នេះ​ក៏​បណ្តាល​ឲ្យ​ខូចខាត​ស្រូវ​ជាង​១​ម៉ឺន​ហិច​តា និង​ដំណាំ​រួមផ្សំ​ចំនួន​ជាង​៣​ម៉ឺន​ហិច​តា​។ បើតាម​អ្នកនាំពាក្យ​រូបនេះ​ដដែល គិត​ត្រឹម​ថ្ងៃនេះ (១០​តុលា​) មានផ្ទះ​ចំនួន​៤៣​ខ្នង​ត្រូវបាន​ខូចខាត​ដោយសារ​ខ្យល់​កន្ត្រាក់​៕ 
 
 
 
 
 
 
 

Tag:
 ទឹកជំនន់
© រក្សាសិទ្ធិដោយ thmeythmey.com