ជាតិ
សង្គមជាតិ
រដ្ឋមន្រ្តីសុខាភិបាល បំភ្លឺថា ការចាក់ម្ជុលលើម្រាមដៃ មិនអាចព្យាបាលជំងឺឈាមសស៊ីឈាមក្រហមឡើយ
10, Oct 2020 , 6:12 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ ក្រសួងសុខាភិបាល នាថ្ងៃទី៩ ខែតុលា បានច្រានចោលការផ្សាយរបស់គណនីហ្វេប៊ុកឈ្មោះ Maha Share អំពីការព្យាបាលជំងឺឈាមសស៊ីឈាមក្រហមជាសះស្បើយ ដោយគ្រាន់តែចាក់ម្ជុលលើម្រាមដៃ ហើយច្របាច់យកឈាមចេញនោះ។ ក្រសួង អះអាងថា វា ពុំមានជាវិធីសាស្រ្ត សម្រាប់ព្យាបាលជំងឺឈាមសស៊ីឈាមក្រហមឡើយ។


លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បំភ្លឺថា គ្មានការព្យាបាលជំងឺឈាមសស៊ីឈាមក្រហមណាជាសះស្បើយ ក្រៅពីការព្យាបាលតាមបែបវិទ្យាសាស្ត្របច្ចេកទេសពេទ្យឡើយ។ លោក មានប្រសាសន៍ដូច្នេះថា៖«ការព្យាបាលជំងឺឈាមសស៊ីឈាមក្រហម គឺតម្រូវឲ្យមានការព្យាបាលតាមបែបវិទ្យាសាស្ត្របច្ចេកទេសពេទ្យ ដោយគ្រូពេទ្យដែលមានជំនាញត្រឹមត្រូវ ដែលមិនតម្រូវឲ្យមានការព្យាបាលតាមបែបបុរាណដោយពុំមានការទទួលស្គាល់ពីក្រសួងសុខាភិបាលឡើយ»។

លោករដ្ឋមន្រ្តីបានសង្កត់ធ្ងន់ថា ការប្រើវិធីចាក់ម្ជុលសម្រាប់ព្យាបាលជំងឺឈាមសស៊ីឈាមក្រហមនេះនឹងបណ្តាឲ្យឆ្លងជំងឺអេដស៍ ជំងឺរលាកថ្លើមប្រភេទB និងC ពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។

លោករដ្ឋមន្រ្តី បានអំពាវនាវដល់ពលរដ្ឋកុំជឿលើការព្យាបាលជំងឺឈាមសស៊ីឈាមក្រហមតាមបែបបុរាណ របស់គ្រូបុរាណដែលមានឈ្មោះហ្វេសប៊ុក Maha Share នេះឲ្យសោះ។ លោក បានបង្គាប់ឲ្យអាជ្ញាធរចាត់វិធានការលើគ្រូបុរាណនោះតាមច្បាប់ជាធរមានហើយ។

កន្លងមកក្រសួងសុខាភិបាល ក៏បានចាត់វិធានការដល់ម្ចាស់គណនីហ្វេសប៊ុកឈ្មោះថា Sen Sayan ដែលបានផ្សព្វផ្សាយពីការព្យាបាលជំងឺគ្រុនឈីក ដោយប្រើថ្នាំខ្មែរ រួមមាន ស្លឹកត្រចៀកជ្រូក ផ្លែចេកណាំវ៉ាខ្ចី និងទឹកដូងខ្ចី។ ក្រសួងសុខាភិបាល បានបដិសេធថា គ្មានវិធីទាំងនេះអាចព្យាបាលបានឡើយ។ ក្រសួងសុខាភិបាល បញ្ជាក់ថា អ្នកដែលមានជំងឺឈីកគឺត្រូវទៅរកសេវាព្យាបាលសាធារណៈ ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យរដ្ឋ ដែលនៅជិតបំផុត៕

Tag:
 ជំងឺឈាមសស៊ីឈាមក្រហម
© រក្សាសិទ្ធិដោយ thmeythmey.com