ជាតិ
លោកស្រី កែវ ម៉ាលី អតីតសមាជិកព្រឹទ្ធសភាទទួលមរណភាពក្នុងអាយុ៦៥ឆ្នាំ
14, Oct 2020 , 10:05 am        
រូបភាព
លោកស្រី កែវ ម៉ាលី ដែលជាអ្នកជំនួញល្បីឈ្មោះ និងជាអតីតសមាជិកព្រឹទ្ធសភាអាណត្តិទី៣ បានទទួលមរណភាពក្នុងអាយុ៦៥ឆ្នាំ នៅក្រុងបាងកក ដោយរោគាពាធ កាលពីយប់ម៉ោង១រំលងអធ្រាត្រឈានចូលថ្ងៃទី១៤  ខែតុលា។ នេះបើតាមការអះអាងរបស់លោកស្រី កែវ សួយឆេង ដែលជាកូនបង្កើត។
 
សពលោកស្រី កែវ ម៉ាលី ត្រូវដឹកបញ្ជូនពីក្រុងបាងកក តាមច្រកព្រំដែនខេត្តកោះកុង។ ក្រុមគ្រួសារសម្រេចតម្កល់ធ្វើបុណ្យនៅគេហដ្ឋានក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងបញ្ចុះនៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត ប៉ុន្តែមិនបានបញ្ជាក់ពេលវេលាច្បាស់នោះឡើយ។
 
លោកស្រី កែវ ម៉ាលី ជាអតីតសមាជិកព្រឹទ្ធសភា និងជាសមាជិកគណៈកម្មការទីពីរ ហិរញ្ញវត្ថុនិង ធនាគារ។ ក្រោយផុតអាណត្តិ លោកស្រីមានតួនាទីជាទីប្រឹក្សាសម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា ឋានៈស្មើទេសរដ្ឋមន្ត្រី ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាអនុប្រធានសមាគមន៏អ្នកអភិវឌ្ឍន័លំនៅឋានកម្ពុជា។ លោក ម៉ុង ឫទ្ធី ដែលជាសមាជិកព្រឹទ្ធសភា បានសរសេររំលែកទុក្ខចំពោះការបាត់បង់លោកស្រី កែវ ម៉ាលី ផងដែរ។
 
លោកស្រី កែវ ម៉ាលី ជាម្ចាស់ក្រុមហ៊ុន Keo Maly Group ដែលរកស៊ីផ្នែកអចលនទ្រព្យ និងគម្រោងវិនិយោគផ្សេងៗ៕
 
 

Tag:
 ព្រឹទ្ធសភា
© រក្សាសិទ្ធិដោយ thmeythmey.com