ជាតិ
សង្គមជាតិ
នាយកដ្ឋាន​ភាពយន្ត កំពុង​សិក្សា​ករណី Poster ភាពយន្ត​ថៃ​មួយ​មាន​រូប​ប្រាសាទអង្គរវត្ត​
15, Oct 2020 , 10:29 pm        
រូបភាព
​ភ្នំពេញ​៖ នាយកដ្ឋាន​ភាពយន្ត​នៃ​ក្រសួង​វប្បធម៌ កំពុង​សិក្សា​ករណី​ភាពយន្ត​ថៃ​មួយ​បាន​ប្រើប្រាស់​រូប​ប្រាសាទអង្គរវត្ត នៅក្នុង Poster នៅក្នុង​ភាពយន្ត​របស់ខ្លួន​។ លោក ប៉ុក បូរ​ក្ស ប្រធាន​នាយកដ្ឋាន​ភាពយន្ត បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា លោក​ក៏​មិនទាន់​ច្បាស់ ថា​រឿង​នោះ បាន​ថត​នៅ​កម្ពុជា ឬក៏​សុំ​សិទ្ធិ​ប្រើ​រូបថត​ប្រាសាទពី​កម្ពុជា​នោះឡើយ ព្រោះ​គេ​ទើប​ចេញផ្សាយ trailer​។ ទោះយ៉ាងណា​ក៏ដោយ លោក បូរ​ក្ស បញ្ជាក់ថា រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ថៃ មិនបាន​ស្នើសុំ​ថត​ភាពយន្ត​នៅ​កម្ពុជា​ឡើយ មានតែ​ថត​ជា​ឯកសារ​ប៉ុណ្ណោះ​។​
 
​ប្រធាន​នាយកដ្ឋាន​ភាពយន្ត លោក ប៉ុក បូរ​ក្ស បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្រសួង​កំពុង​សិក្សា​ស្រាវជ្រាវ​លើ​ករណី ការយក​រូប​ប្រាសាទអង្គរវត្ត​ដាក់​ក្នុង poster ភាពយន្ត​ថៃ​។ តាម​ការ​ផ្ទាំង​ផ្សព្វផ្សាយ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅក្នុង​បណ្តាញ​សង្គម​នោះ ភាពយន្ត​នេះ មាន​ចំណងជើង​អង់គ្លេស​ថា The Promise ហើយ​ដែល​នឹង​ចាប់ផ្តើម​ចាក់​បញ្ចាំង​នៅ​ថ្ងៃទី​១៦ តុលា ឆ្នាំ​២០២០ នៅលើ​បុ​ស្តិ៍​ទូរទស្សន៍​ថៃ​។ 


រូប​ពី​ Cambodia History
 
​ប្រធាន​នាយកដ្ឋាន​រូបនេះ ក៏​មិនទាន់​ដឹង​ច្បាស់ ថា​តើ​រឿង​នោះ បាន​ថត​នៅ​កម្ពុជា ឬក៏​សុំ​សិទ្ធិ​ប្រើ​រូបថត​ប្រាសាទពី​កម្ពុជា​ឬ​យ៉ាងណា ខណៈ​ភាពយន្ត​ថៃ​នេះ ទើប​ចេញផ្សាយ​ជា Trailer ប្រមាណ​២​នាទី​ប៉ុណ្ណោះ​។ លោក ប៉ុក បូរ​ក្ស បញ្ជាក់បន្ថែម​៖«​បើសិនជា​យើង បានឃើញ​ជា​ភាពយន្ត​តែម្ដង ហើយ​វា​មាន​អ្វីដែល​ពាក់ព័ន្ធ នោះ​យើង​អាចសន្និដ្ឋាន​បាន​។ ប៉ុន្តែ​នេះ មិនទាន់មាន​ជា​អ្វី​ទាំងអស់ វា​ត្រឹមតែ​ចេញ​ជា trailer ប្រមាណ​ត្រឹមតែ​២​នាទី​ទេ ដូច្នេះ​យើង​មិនអាច​សន្និដ្ឋាន​បានទេ​។ នៅក្នុង trailer នោះ​មិនមាន​អ្វី​ពាក់ព័ន្ធ​ជាមួយ​យើង​សោះ​។ អ្វីដែល​យើង​បានឃើញ គឺ​ឃើញតែ​នៅលើ Poster ដែល​គេ​ឌី​ហ្សា​ញ​។ យើង​មិនដឹងថា តើ​វា​ចេញពី​ក្រុមហ៊ុន​ដែលជា​អ្នក​ផលិត ឬក៏​ជា​អ្នកដទៃ​គេ​យកទៅ​ឌី​ហ្សា​ញ​? »​។​
 
​យ៉ាងណាក៏ដោយ ប្រធាន​នាយកដ្ឋាន​ភាពយន្ត​រូបនេះ​ថា ក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ភាគី​ថៃ មិនបាន​ស្នើសុំ​ថត​ភាពយន្ត​នៅ​កម្ពុជា​ឡើយ ទាំង​ភាពយន្ត​ខ្នាត​ធំ និង​ភាពយន្ត​ភាគ​។  «​ជា​ខ្សែភាពយន្ត​ភាគ​ថៃ យើង​មិនដែល​ទទួលបាន​ការស្នើ​សុំ​ថត​នៅ​កម្ពុជា​ទេ​កន្លងមក​។ កុន​ដុំ​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ យើង​ក៏​មិនដែល​មាន​ភាគី​ថៃ​សុំ​ថត​ដែរ​។ និយាយ​រួម​ទៅក្នុង​រយៈពេល​២​ឆ្នាំ​ចុង​ក្រោយនេះ ថៃ​មានតែ​សុំ​ថត​ជា​ឯកសារ​»​។ នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់លោក ប៉ុក បូរ​ក្ស​៕


 លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ (រូប​ពីហ្វេសប៊ុក Pok Borak)

Tag:
 ភាពយន្ត​
 ​សិល្បៈ​
  នាយកដ្ឋាន​ភាពយន្ត​
 ​ប្រាសាទអង្គរវត្ត​
 ​ថៃ​
  Poster
© រក្សាសិទ្ធិដោយ thmeythmey.com