ជាតិ
សង្គមជាតិ
ក្រសួងកសិកម្ម ប្រាប់​ឱ្យ​មន្ត្រី​ខ្លួន​ចុះ​វាយតម្លៃ​ផលប៉ះពាល់​ដំណាំ​កសិកម្ម ដោយសារ​ទឹកជំនន់​
16, Oct 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ស្ថានភាព​អាកាសធាតុ​មានការ​ប្រែប្រួល ដោយ​ធ្វើឱ្យ​តំបន់​មួយចំនួន​ទទួលរង​គ្រោះ​ជំនន់​ទឹកភ្លៀង ពិសេស​បណ្ដា​ខេត្ត​ភាគ​ពាយ័ព្យ និង​ភាគ​ខាងជើង​នៃ​ប្រទេស ដែល​ធ្វើឱ្យ​ខូចខាត​ដំណាំ​កសិកម្ម ការចិញ្ចឹម​សត្វ និង​ផ្នែក​វារីវប្បកម្ម​។


 សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្ម នៅ​ថ្ងៃទី ១៤ ខែតុលា​នេះ បាន​ប្រាប់​អង្គភាព​ក្រោម​ឱវាទ និង​មន្ទីរ​កសិកម្ម​រាជធានី​-​ខេត្ត ត្រូវ​តាមដាន​ស្ថានភាព​ទឹកជំនន់​ជាប្រចាំ និង ត្រៀមលក្ខណៈ សង្គ្រោះបន្ទាន់ វាយតម្លៃ​ផលប៉ះពាល់​នៃ​ការខូចខាត​ដំណាំ​កសិកម្ម ដើម្បី​ត្រៀមលក្ខណៈ​បញ្ចេញ​គ្រាប់​ពូជស្រូវ និង​ពូជ​ដំណាំ​ផ្សេងៗ សម្រាប់​ការស្ដារ​ការខូចខាត​ឡើងវិញ​តាម​ស្ថានភាព​ជាក់ស្ដែង​។ 
 
​គ្រប់​អង្គភាព​បច្ចេកទេស ត្រូវ​ជំរុញ​ការដាំដុះ​ដំណាំ​រយៈពេល​ខ្លី ការចិញ្ចឹម​សត្វ​និង​ការងារ​វារីវប្បកម្ម​នៅតាម​បណ្ដា​ខេត្ត ដែល​កំពុង​រង​ផលប៉ះពាល់ ដើម្បី​លើកកម្ពស់​កម្រិតជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​ល្អប្រសើរ​។ ជាមួយគ្នានេះ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ត្រូវ​ត្រៀម​ថ្នាំ សម្ភារ​បសុព្យាបាល​ចំណី​សត្វ​ឱ្យបាន​គ្រប់គ្រាន់ និង​ត្រៀម​ទីទួល​ខ្ពស់​មិន​លិច​ទឹក ដើម្បី​ជម្លៀស​ត្វ ដែល​កំពុង​រងគ្រោះ​ដោយសារ​ទឹកជំនន់ និង​សង្គ្រោះ​សត្វ​។ 
 
​គួរ​បញ្ជាក់ថា គិត​ត្រឹម​១៤ ខែតុលា​នេះ គ្រោះទឹកជំនន់ បាន​ជន​លិច​ដំណាំ​កសិកម្ម ជាង​១៧​ម៉ឺន​ហិកតា ក្នុង​រាជធានី​ខេត្ត​ចំនួន​១៦​។ ដំណាំ​កសិកម្ម​ដែល​បាន​លិចលង់​ទាំងនោះ​រួមមាន ដំណាំ​ស្រូវ​ជិត ជាង​១១ ម៉ឺន​ហិកតា និង​ដំណាំ​រួមផ្សំ​ដទៃទៀត​ជាង ៥​ម៉ឺន​ហិកតា​។ រីឯ កសិដ្ឋាន​វារីវប្បកម្ម​ប្រមាណ ១៦៣ បាន​រង​ប៉ះពាល់​ដោយសារ​ជំនន់​ទឹកភ្លៀង​ផងដែរ​។ រាជធានី​-​ខេត្ត ដែល​រងគ្រោះ​មាន រាជធានី​ភ្នំពេញ ខេត្តតាកែវ កំពង់ស្ពឺ​, ស្ទឹងត្រែង ,​កំពង់ចាម ,​ពោធិ៍សាត់​,​សៀមរាប​, បាត់ដំបង​, បន្ទាយមានជ័យ​, ឧ​ត្ត​រ​មានជ័យ​, ព្រះវិហារ​, ប៉ៃលិន​, កោះកុង​, ព្រះសីហនុ , ស្វាយរៀង និង​ខេត្តមណ្ឌលគិរី​៕

Tag:
 ទឹកជំនន់​
 ​កសិកម្ម
© រក្សាសិទ្ធិដោយ thmeythmey.com