ជាតិ
សង្គមជាតិ
ថ្នាក់ដឹកនាំ និង​ពលរដ្ឋ បង្ហាញ​ក្តី​នឹករលឹក​ដល់​ព្រះ​បរម​រតន​កោដ្ឋ នា​ខួប​៨​ឆ្នាំ​នៃ​ការ​សោយ​ទិវង្គត​
15, Oct 2020 , 11:29 pm        
រូបភាព
ព្រះមហាក្សត្រី គោរពព្រះវិញ្ញាណក្ខន្ធព្រះស្វាមី អតីតព្រះមហាវីរក្សត្រខ្មែរ (រូបពី Royal Du Cambodge)
ព្រះមហាក្សត្រី គោរពព្រះវិញ្ញាណក្ខន្ធព្រះស្វាមី អតីតព្រះមហាវីរក្សត្រខ្មែរ (រូបពី Royal Du Cambodge)
ដោយ:
​ភ្នំពេញ​៖ កាលពី​៨​ឆ្នាំមុន គឺ​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១២ គឺជា​ថ្ងៃ​នៃ​ការ​សោកសង្រេង​របស់​ពលរ​ដ្ឋ​ខ្មែរ ក្រោយពី​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហនុ អតីត​ព្រះមហាវីរក្សត្រ​កម្ពុជា បាន​សោយ​ព្រះ​ទិវង្គត ក្នុង​ព្រះជន្ម​៨៩​ព្រះវស្សា​។ ទោះបី​ព្រះកាយ​របស់​ព្រះអង្គ​បាន​ឃ្លាតឆ្ងាយ​ក៏ពិតមែន ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​នៅតែ​ចងចាំ​ជានិច្ច​នូវ​ស្នា​ព្រះហស្ត ព្រះរាជ​បណ្តាំ និង ព្រះរាជ​ហទ័យ​យកចិត្តទុកដាក់​របស់​ព្រះអង្គ ចំពោះ​ជាតិ សាសនា និង ប្រជានុរាស្ត្រ​។ 
 
​នា​ថ្ងៃ​រលឹក​ខួប​៨​ឆ្នាំ​នៃ​ការគោរព​ព្រះ​វិញ្ញាណក្ខន្ធ​របស់​ព្រះ​បរម​រតន​កោដ្ឋ ក្នុង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០២០​នេះ សារព័ត៌មាន​ថ្មីៗ សូម​ដកស្រង់​សារ​របស់​ប្រមុខ​ដ្ឋា​ភិ​បាល មន្ត្រី​នានា  និង​ពលរដ្ឋ​ទូទៅ ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម ដើម្បី​បង្ហាញ​ពី​ក្តី​នឹករលឹក​ដល់​ព្រះវររាជបិតា​ជាតិខ្មែរ​។  
 
​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​៖«​ប្រជារាស្ត្រ​ទូទាំងប្រទេស ព្រមទាំង​មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ជាន់ថ្នាក់ សូម​សម្តែង​នូវ​ការគោរព​ដឹងគុណ​ដ៏​ខ្ពង់​ខ្ពស់បំផុត​ថ្វាយ​ចំពោះ​ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​លះបង់​និង​បូជា​ព្រះកាយពល​ដ៏​ធំធេង​បំផុត​ចំពោះ​ជាតិ​មាតុភូមិ​កម្ពុជា​។ សូម​ថ្វាយ​ព្រះរាជ​កុសល​ថ្វាយ​ព្រះ​វិញ្ញាណ​ក្ខ​ន្ឋ​ព្រះ​បរមសព ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ សូម​ស្តេចយាង​ប​ដិ​ស​ន្ឋិ​ក្នុង​ព្រះ​បរម​សុគតិភព​កុំបី​ឃ្លៀងឃ្លាត​ឡើយ​»​។ 
 
​សម្តេច​ឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ ទៅ​ថ្វាយ​កម្រងផ្កា និង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ នៅ​មណ្ឌល​តម្កល់​ព្រះ​បរម​រូប ស្ថិតនៅ​សួនច្បារ​វិមានឯករាជ្យ រាជធានី​ភ្នំពេញ​នា​ព្រឹក​ថ្ងៃទី​១៥ ខែតុលា​។​
 
 
​សម្តេច ស ខេង រំលេច​សារ​ថា​៖«​ការយាង​សោយ​ទិវង្គត​របស់​ព្រះអង្គ​បានក្លាយ​មហាទុក្ខ​សោក​ប្រកបដោយ​សេចក្ដី​អាឡោះអាល័យ​រក​អ្វី​ប្រៀបផ្ទឹម​ពុំបាន​របស់​សម្ដេច​ព្រះមហា​ក្សត្រី ព្រះករុណា​ព្រះមហាក្សត្រ ព្រះ​ញាតិវង្សានុវង្ស និង​ប្រជារាស្ត្រ​ខ្មែរ​ជា​កូនចៅ ចៅទួត និង​មិត្ត​បរទេស​»​។​
 
 
​សម្តេច​រដ្ឋមន្ត្រី  បាន​រំលឹក​ពី​ស្នា​ព្រះហស្ត​របស់​ព្រះអង្គ ដែល​ពលរដ្ឋ​ខ្មែរ​ចងចាំ​ជានិច្ច ដូច្នេះ​ថា​៖«​ព្រះរាជ​បូជនីយកិច្ច​ទាមទារ​ឯករាជ្យ​ជូន​ប្រជាជាតិ​ខ្មែរ​ពី​នឹម​អាណានិគម​បារាំង រហូត​ទទួលបាន​ជោគជ័យ​នូវ​ឯករាជ្យ​ទាំងស្រុង នៅ​ថ្ងៃទី​៩ វិច្ឆិកា ឆ្នាំ​១៩៥៣​។ ព្រះអង្គ​បាន​បន្ត​ព្រះរាជកិច្ច​ដឹកនាំ​ប្រទេស​ក្នុងសម័យ​សង្គមរាស្ត្រនិយម ធ្វើ​ឲ្យ​មាតុភូមិ​កម្ពុជា​ស្គាល់​ការរីកចំរើន និង​ភាព​ស៊ី​វិ​ល័យ​យ៉ាង​ឆាប់រហ័ស ដោយ​ទទួល​បានការ​សាទរ​ទាំងពី​សំណាក់​ប្រជាពលរដ្ឋ​កម្ពុជា និង​មជ្ឈដ្ឋាន​អន្តរជាតិ​»​។​
 
​តាមរយៈ​រូបថត​ដែល​បង្ហាញ​ពី​សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល  និង​ព្រះករុណា ព្រះបាទ​ម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​កម្ពុជា កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ដែល​បង្ហោះ​នៅក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក Royal Du Cambodge បាន​បង្ហោះ​ព្រះឆាយាល័ក្ខណ៍ ដែល​បង្ហាញ​ពី​ព្រះមហា​ក្សត្រី កំពុង​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ ដោយ​អម​ជាមួយនឹង​សំណេរ​ថា​៖««៨​ឆ្នាំ​កន្លងផុតទៅ ស្នេហា​មួយ​ដែល​មិនមែនជា​រឿងព្រេង​និទាន​»​។ ទំព័រ​ហ្វេ​ស​ប៊ុ​ក Royal Du Cambodge ដែល​តែង​បង្ហោះ​ព័ត៌មាន​អំពី​ព្រះមហាក្សត្រ​និង​វង្សានុវង្ស ចង់​សំដៅលើ​ស្នេហា​រវាង​ព្រះ​បរម​រតន​កោដ្ឋ និង​ព្រះមហា​ក្សត្រី​។ 
 
​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ម្នាក់ មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Long Vitou បានសរសេរថា​៖«​កាល​ឆ្នាំ​២០១២ ពេល​ព្រះ​សព ទ្រង់​ដឹក​ពី​ប៉េកាំង​ប្រទេស​ចិន តាម​យន្តហោះ ចុះ​នៅ ពោធិ៍ចិនតុង ខ្ញុំ នៅចាំ​ទទួល​ទ្រង់​នៅមុខ​សាលា IFL​។ ខ្ញុំ​នៅតែ​ចងចាំ អនុស្សាវរីយ៍ មិន​ភ្លេច​បានឡើយ​»​។ 
​ខណៈ​កម្ពុជា កំពុង​ជួប​គ្រោះទឹកជំនន់ អ្នកប្រើប្រាស់​បណ្តាញ​សង្គម​មួយចំនួន បួងសួង​ឲ្យ​បារមី​ព្រះ​បរម​រតន​កោដ្ឋ ជួយ​ថែរក្សា​និង​ការពារ​ប្រជាជន​ខ្មែរ​ឲ្យ​រួច​ផុតពី​ជំងឺឆ្លង​ផ្សេងៗ និង​គ្រោះទឹកជំនន់​នេះ​។ 
 
​ព្រះ​បរម​រតន​កោដ្ឋ ទ្រង់​ប្រសូត​នៅ​ថ្ងៃ​អង្គារ ទី​៣១ ខែតុលា ឆ្នាំ​១៩២២ នៅ​រាជធានី​ភ្នំពេញ​និង​សោយ​ព្រះ​ទិវង្គត​នៅ​ថ្ងៃ​ចន្ទ ទី​១៥ ខែតុលា ឆ្នាំ​២០១២ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​៕  
 
 

© រក្សាសិទ្ធិដោយ thmeythmey.com