ជាធម្មតាអាការៈទល់លាមកកើតមានឡើងនៅពេលប្រព័ន្ធរំលាយអាហារ ឬក្រពះពោះវៀនជួបភាពពិបាកក្នុងការរំលាយនិងធ្វើចលនាបណ្ដាលអោយមានការស្ដុកកាកសំណល់មិនបញ្ចេញមកក្រៅរហូតដល់ទៅច្រើនជាង ៣ ថ្ងៃ។ បញ្ហាទល់លាមក គឺមិនមែនជារឿងលេងសើចនោះទេ ខណៈដែលរាងកាយត្រូវការបញ្ចេញកាកសំណល់ដើម្បីជៀសវាងការបង្កទៅជាជាតិពុលផ្ដល់ផលប៉ះពាល់គួរអោយព្រួយបារម្ភក្នុងរាងកាយ រួមទាំងជំងឺឬសដូងបាត និងមហារីកពោះវៀនធំ។ ថ្ងៃនេះវេប
សាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់បញ្ហាទល់លាមកឆាប់រហ័ស ៖
១. ទឹកក្រូចឆ្មារក្ដៅឧណ្ហៗ
អ្វីដែលអ្នកត្រូវ គឺគ្រាន់តែបន្ថែមក្រូចឆ្មារស្រស់ ២ បន្ទះក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង។ ទុកចោលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទីសិន មុននឹងទទួលទាន។ ទទួលទាន ១ ពែងមុននិងក្រោយពេលអាហារ។ វិធីនេះនឹងជួយបង្កើនការដុតរំលាយអាហារ ហើយសម្រួលចលនាពោះវៀន។ អ្នកក៏អាចឆុងតែមួយពែងដោយបន្ថែមទឹកឃ្មុំនិងទឹកក្រូចឆ្មារស្រស់ចូល។ ទឹកឃ្មុំមានប្រសិទ្ធភាពបន្ទន់លាមកហើយក៏ជួយបន្ថយភាពជូរនៃតែដោយសារក្រូចឆ្មារផងដែរ។ ក្រូចឆ្មារក៏មានលក្ខណៈសម្បត្តិសម្រួលប្រព័ន្ធរំលាយអាហារនិងជួយកម្ចាត់ជាតិពុលចេញពីរាងកាយគួរឱ្យកត់សម្គាល់។
២. ទទួលទានទឹកឱ្យបានច្រើន
លាមកស្ងួតរឹងជាកត្តាចម្បងបំផុតមួយនៃបញ្ហាទល់លាមក ហើយការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់នឹងជួយទប់ស្កាត់បញ្ហាខ្សោះជាតិទឹកក្នុងរាងកាយធ្វើឱ្យលាមកមានភាពទន់។ ទឹកធម្មតានិងទឹកផ្លែឈើស្រស់ៗ គឺជាភេសជ្ជៈដែលប្រសើរបំផុតសម្រាប់ប្រយុទ្ធប្រឆាំងបញ្ហាទល់លាមក។ ចៀសវាងភេសជ្ជៈកាហ្វេអ៊ីននិងភេសជ្ជៈសូដា ឬភេសជ្ជៈកំប៉ុងខណៈដែលភេសជ្ជៈទាំងនេះបញ្ចុះជាតិទឹកចេញពីរាងកាយបង្កបញ្ហាខ្សោះជាតិទឹក។
៣. ទទួលទានអាហារសម្បូរជាតិសសៃ
ជាធម្មតាបញ្ហាទល់លាមកច្រើនតែកើតឡើងដោយសារកង្វះជាតិសសៃដើម្បីសម្រួលដល់ចលនាពោះវៀននិងការរំលាយអាហារ។ ដូច្នេះអ្នកគួរព្យាយាមរួមបញ្ចូលជាតិសសៃយ៉ាងហោចណាស់ពី ២០ ទៅ ៣៥ ក្រាមក្នុងរបបអាហារប្រចាំថ្ងៃដើម្បីចៀសផុតពីបញ្ហាទល់លាមក។
៤. កុំរំលងប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានប្រេងអូលីវពី ១ ទៅ ២ ស្លាបព្រាកាហ្វេនៅពេលព្រឹកពោះទទេរ។ កុំទទួលទានទឹកតាមក្រោយភ្លាម ត្រូវរងចាំយ៉ាងហោចណាស់ ១ ម៉ោងសិន។ បន្តអនុវត្តរូបមន្តនេះរហូតដល់អាការៈទល់លាមកបាត់ទៅទាំងស្រុង។
៥. ធ្វើលំហាត់ប្រាណ
ការរក្សាសកម្មភាពរាងកាយនឹងជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារបានយ៉ាងប្រសើរ។ កង្វះលំហាត់ប្រាណ ឬសកម្មភាពរាងកាយអាចជាមូលហេតុចម្បងបំផុតមួយនៃបញ្ហាទល់លាមក។ ពិសេសអ្នកដែលអង្គុយច្រើនរាប់ម៉ោងក្នុងមួយថ្ងៃៗ គឺងាយនឹងជួបប្រទះអាការៈទល់លាមកណាស់។ ការធ្វើលំហាត់ប្រាណ ឬធ្វើសកម្មភាពរាងកាយធម្មតាៗនឹងជួយធ្វើឱ្យសាច់ដុំត្រង់តំបន់ពោះវៀនធំប្រសើរឡើង។ សាច់ដុំទាំងនេះនឹងជួយរុញកាកសំណល់ចេញពីរាងកាយ។ ការដើរបន្តិចក្រោយពេលទទួលទានអាហារអាចជួយសម្រួលដល់ការរំលាយអាហារ។ លំហាត់ប្រាណសន្ធឹងពត់ពែនខ្លួននៅពេលព្រឹកអាចជួយព្យាបាលអាការៈទល់លាមកគួរឱ្យកត់សម្គាល់។
៦. ម្យៅ Baking Soda
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅBaking soda ១ ស្លាបព្រាកាហ្វេក្នុងទឹកក្ដៅឧណ្ហៗ ១ ពែង។ កូរឱ្យរលាយសព្វ សឹមទទួលទាន។ អ្នកអាចទទួលទានភេសជ្ជៈនេះនៅមុនពេលអាហារ ឬមុនពេលចូលគេង៕