ជាតិ
សង្គមជាតិ
បុគ្គលិក​សូ​ហ្វី​តែ​ល​ភ្នំពេញ តវ៉ា​ឲ្យ​ក្រសួង​ការងារ​បញ្ជូន​វិវាទ​របស់​ពួកគេ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល
17, Nov 2020 , 3:55 pm        
រូបភាព
បុគ្គលិកសូហ្វីតែលតវ៉ានៅមុខក្រសួងការងារ នៅថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០២០។ (រូបពីទំព័រហ្វេសប៊ុក សង់ត្រាល់)
បុគ្គលិកសូហ្វីតែលតវ៉ានៅមុខក្រសួងការងារ នៅថ្ងៃទី១៧វិច្ឆិកា ឆ្នាំ២០២០។ (រូបពីទំព័រហ្វេសប៊ុក សង់ត្រាល់)
​ភ្នំពេញ​៖ បុគ្គលិក​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា ដែល​ត្រូវ​ថៅកែ​បញ្ឈប់​ពី​ការងារ បាន​តវ៉ា​សុំ​ការអន្តរាគមន៍​ពី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បញ្ជូន​សំណុំរឿង​របស់​ពួកគេ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដើម្បី​ដោះស្រាយ​។


​ប្រធាន​សហជីព​សម​គ្គី​ឯករាជ្យ​នៃ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រ លោក ផាត់ សា​រួន អះអាងថា បើ​ខាង​ក្រសួង​ការងារ​មិន​បញ្ជូន​សំណុំរឿង​របស់​ក្រុម​ខ្លួន​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ដើម្បី​ដោះស្រាយ​ទេ ពួកគេ​នឹង​បន្ត​តវ៉ា​នៅមុខ​ក្រសួង​ការងារ​និង​សណ្ឋាគារ​បន្តទៀត​។ 
 
​តំណាង​បុគ្គលិក​ជាង​១០​នាក់ ក្នុងចំណោម​បុគ្គលិក​៥៣​នាក់​ដែល​ត្រូវ​ភាគី​សណ្ឋាគារ​បញ្ឈប់​ការងារ​កាលពីដើម​ខែសីហា បាន​ប្រមូលគ្នា​តវ៉ា សុំ​ការអន្តរាគមន៍​នៅមុខ​ក្រសួង​ការងារ​នៅ​ព្រឹក​ថ្ងៃទី​១៧​វិច្ឆិកា​នេះ ដើម្បី​ឲ្យ​លោក អ៊ិត សំហេង រដ្ឋ​ម​ន្រី្ត​ក្រសួង​ការងារ​បញ្ជូន​សំណុំរឿង​ពួកគេ​ឲ្យ​ទៅ​ដោះស្រាយ​បន្ត​។ ប្រធាន​សហជីព លោក សា​រួន បញ្ជាក់ថា ការសម្រេច​ធ្វើបែបនេះ ដោយសារ​វិវាទ​របស់​ពួកគេ​មិនមាន​ដំណោះស្រាយ​ប្រមាណ​៣​ខែ​ហើយ​។ 
 
​លោក សា​រួន ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា ភាគី​សណ្ឋាគារ​បញ្ឈប់​បុគ្គលិក​កាល​ដើមខែ​សីហា​ភ្លាមៗ ហើយ​ដោះស្រាយ​សំណង​មិនត្រូវ​តាមច្បាប់​ការងារ​។ លោក​ថា កន្លងមក​ខាង​ក្រសួង​ការងារ​បាន​សម្របសម្រួល​ផ្សះផ្សា​ដែរ ប៉ុន្តែ​ចំណុច​ខ្លះ​មិនត្រូវ​គ្នា​។ 
 
«​កន្លងមក​ភាគី​សណ្ឋាគារ បាន​ដោះស្រាយ​ឲ្យ​ខ្លះ​ហើយ ដូចជា​ប្រាក់ខែ​ចុងក្រោយ ប្រាក់​ជូនដំណឹង អ​តី​ភាព​ការងារ និង​ថ្ងៃ​សម្រាក​ប្រចាំឆ្នាំ​។ ប៉ុន្តែ​អ្វីដែល​មិនត្រូវ​គ្នា គឺ​ភាគី​សណ្ឋាគារ​មិនបាន​ទូទាត់​ប្រាក់​អតីតភាព​ការងារ​មុខ​ឆ្នាំ​២០១៩ ប្រាក់​សងជំងឺចិត្ត និង​ប្រាក់​ភាគី​សណ្ឋាគារ​កាត់​ទុក​៧​ភាគរយ​នៃ​ប្រាក់ខែ​សម្រាប់​បង្ការ​ការបាក់​បែក​សម្ភារៈ​»​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក សា​រួន ដោយ​បញ្ជាក់​បន្ថែមថា គោលបំណង​នៅ​ដែល​ធ្វើការ​ទាមទារ​នៅមុខ​ក្រសួង​នេះ គឺ​ស្នើសុំ​ឲ្យ​បញ្ជូន​វិវាទ​នៃ​សំណុំ​រឿងនេះ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ដើម្បី​ដោះស្រាយ​បន្ត​។
 
​ជាមួយគ្នា​ដែរ លោក​បញ្ជាក់ថា គោលដៅ​នៃ​សុំ​អន្តរាមគ​មន៍​នេះ គឺ​ចង់​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ជួយ​ដោះស្រាយ ឲ្យ​មានការ​បញ្ឈប់​បុគ្គលិក​ឲ្យ​ស្របច្បាប់ និង​សម្របសម្រួល​ចំណុច​ដែល​មិនត្រូវ​គ្នា​ខាងលើ​។ មេ​សហ​ជី​រូបនេះ បានបញ្ជាក់​បន្ថែមថា​៖ «​ព្រឹក​នេះ​ភាគី​ខាង​ក្រសួង បានចេញ​មកជួប​ហើយ​ប្រាប់​ពួក​ខ្ញុំ​ថា នឹង​ជួយ​ពិនិត្យមើល​ករណី​របស់​ក្រុម​ខ្ញុំ​និង​ណែនាំ​ពី​នីតិវិធី​មួយចំនួន មិនបាន​ប្រាប់​ទេ​ថា​ថ្ងៃ​ណា​នឹង​ឆ្លើយតប​មកវិញ​។ ប៉ុន្តែ​ពីថ្ងៃ​ទៀត បើ​មិនឃើញ​មាន​ដំណឹង​ខ្ញុំ​នឹង​ទាក់ទង​ទៅខាង​ក្រសួង ហើយ​បើ​គ្មាន​ដំណោះស្រាយ​ឬ​មិន​បញ្ជូន​សំណុំរឿង​ពួក​ខ្ញុំ​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​ទេ ក្រុម​ខ្ញុំ​អាច​នឹងធ្វើ​ការតវ៉ា​នៅមុខ​ក្រសួង​និង​សណ្ឋាគារ​បន្តទៀត​»​។ 
 
​បុគ្គលិក​សណ្ឋាគារ​សូ​ហ្វី​តែ​ល​ភ្នំពេញ​ភូ​គី​ត្រា​៥៣​នាក់ ត្រូវបាន​បញ្ឈប់​ដោយសារ​វិ​ប​ត្ត​សេដ្ឋកិច្ច ក្រោម​ហេតុផល​រង​ផលប៉ះពាល់​ដោយសារ​កូ​វីដ​-១៩​កាលពី​ថ្ងៃទី​១​សីហា ឆ្នាំ​២០២០​។ ហើយ​វិវាទ​រវាង​ភាគី​បុគ្គលិក​និង​ភាគី​សណ្ឋាគារ​ក៏បាន​អូសបណ្លាយ​ពេលមកដល់​ពេលនេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក សា​រួន​៕  

Tag:
 វិវាទ​
  បុគ្គលិក​
© រក្សាសិទ្ធិដោយ thmeythmey.com