បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ យុវវ័យ​សម័យថ្មី«ដេក»តិច ជាង​ធ្វើការ និង​កម្សាន្ត
21, Nov 2013 , 9:13 am        
រូបភាព
ដោយ:
មាន​អ៊ីនធឺណិត​ក្នុង​ដៃ​ហាក់ដូច​ពិភពលោក​ស្ថិតនៅក្នុង​ដៃ​ដូច្នោះ​ដែរ។ មនុស្ស​មួយចំនួនធំ ជាពិសេស យុវវ័យ បាននិងកំពុង​ពេញនិយម​ប្រើប្រាស់​មធ្យោបាយទំនើបៗ ដូចជា៖ ហ្វេ​ស​ប៊ុ​ក(facebook) ស្កា​យ(Skype) ឡាញ(Line) វ៉ា​យ​ប៊ើ(Viber) និង​កម្មវិធី​ហ្គែ​ម​កំសាន្ត​ជាច្រើន​ផ្សេងទៀត។ អ្នកខ្លះ ឈ្លក់​វង្វេង​រហូតដល់​ភ្លេច​បាយ ភ្លេច​ទឹក ហើយ​ភ្លេច​ទាំង​ពេលវេលា​ចូល​ដំណេក​ទៀតផង។

សព្វថ្ងៃ​រៀន​បណ្តើរ ធ្វើការ​បណ្តើរ កញ្ញា នី​កា អាយុ២៤ឆ្នាំ បាន​ឲ្យ​ដឹងថា កាលពីមុន​នាង ទម្លាប់​ចូល​គេង​នៅ​ម៉ោង៨ ហើយ​យ៉ាងយូរបំផុត​នៅ​ម៉ោង៩យប់។ ប៉ុន្តែ​ក្រោយពី​នាង​បាន​ប្រើ​ទូរស័ព្ទ​សេរី​ថ្មី​មក នាង​មិនដែល​ចូល គេង​ក្រោម​ម៉ោង១២ឡើយ។ លេង​ហ្គែ​ម​តាម​ទូរស័ព្ទ​បណ្តើរ មើល​ទូរទស្សន៍​បណ្តើរ នាង​បាន​លើកឡើងថា៖«តាំងពី​បាន​ទូ​ស័ព្ទ​ថ្មី​មក ខ្ញុំ​លេង​ហ្គែ​ម​ដល់​យប់​ជ្រៅ​រហូត ពេលខ្លះ​ជក់​ពេក​ដល់​ម៉ោង១ ឬ​ម៉ោង២ព្រឹក​ឯណោះ...»។

អង្គុយ​នៅមុខ​កុំព្យូទ័រ​ដល់​យប់​ជ្រៅ​រៀងរាល់ថ្ងៃ លោក វុទ្ធី វ័យ អាយុ២៣ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី៣ បាន​រៀបរាប់ថា៖«វា​បាន​ក្លាយជា​ទម្លាប់​អាក្រក់​មួយ​ទៅហើយ កាលពីមុន​មិនទាន់មាន​កុំព្យូទ័រ​ប្រើ អាន​សៀវភៅ​ហើយ ក៏​ឆាប់​ចូល​គេង​ដែរ តែ​ឥឡូវ​លេង​ហ្វេ​ស​ប៊ុ​ក​ផង លេង​ហ្គែ​ម​ផង ជ្រុល​ដល់​ម៉ោង១២ ឬ​ម៉ោង១រាល់​យប់។ ឥឡូវ​ជក់​ខ្លាំងពេក​ទៅ ខ្ញុំ​លែង​សូវ​កាន់​សៀវភៅអាន​ទៀតហើយ»។

លោក សុភាព បុគ្គលិក​ក្រុមហ៊ុន​ឯកជន​ម្នាក់ទៀត​ក៏មាន​ទម្លាប់​ចូល​គេង​នៅ​ម៉ោង១២កណ្តាលអធ្រាត្រ ឬ​យំ​ជ្រៅ​ជាង​នេះ​ផងដែរ។ លោក សុភាព បាន​និយាយថា៖«ចូល​គេង​យឺត​មិនមែន​ខ្វាយខ្វល់​ពី​ការងារ​នោះទេ។ តែដោយសារ​ចូលចិត្ត​មើល​រឿង​តាម​អ៊ី​ន​ធើ​ណែ​ត និង​លេង​ហ្គែ​ម​អន​ឡាញ(Online)»។

ជា​អ្នក​ចូលចិត្ត​រៀន​ភាសា​អង់គ្លេស​តាម​អ៊ី​ន​ធើ​ណែ​ត លោក ឆេង ហាក់ សព្វ​ថ្ងៃជា​បុគ្គលិក​ក្រុមហ៊ុន ឯកជន​មួយ លោក​តែងតែ​រម្លឹក​ចំណេះដឹង​ភាសា​អង់គ្លេស​តាម​ទូរស័ព្ទ​រាល់​យប់។ លោក​បាន​អះអាង ថា៖«មាន​ទូរស័ព្ទ​ទំនើប​ស្រួល​ណាស់ រៀន​អង់គ្លេស​ក៏បាន រៀន​អ្វី​ក៏បាន។ ពេលខ្លះ​រៀន​ជ្រុល​រហូតដល់ ម៉ោង១២ ឬ​ម៉ោង១ទៀតផង»។

ចំណែក​លោក វិ​បុត្រ ជា​និស្សិត​ឆ្នាំ​ទី៤ ផ្នែក​ស្ថាបត្យកម្ម​ម្នាក់ទៀត បាន​ឲ្យ​ដឹង​ដែរ​ថា លោក​តែង​ចូល ដំណេក​ខក​ដល់​យប់​ជ្រៅ​សឹងតែ​រាល់ថ្ងៃ ព្រោះ​មុខវិជ្ជា​ដែល​លោក​រៀន​ត្រូវការ​ការស្រាវជ្រាវ​ច្រើន បើ​មិន​ដូច្នោះ​ទេ​ច្បាស់​ជា​រៀន​មិនទាន់​គេ​ឡើយ។ មួយថ្ងៃៗគ្រូ​ដាក់​កិច្ចការ​ឲ្យ​ធ្វើ​នៅផ្ទះ​ច្រើនណាស់ ហើយ​ត្រូវ​ស្រាវជ្រាវ​តាម​អ៊ី​ន​ធើ​ណែ​ត​ទើប​ធ្វើបាន។ លោក​បាន​អះអាងថា៖«ពេលខ្លះ​ម៉ោង២ ម៉ោង៣ ឬដ​ល​ម៉ោង៥ទាបភ្លឺ​ទើប​ខ្ញុំ​ចូល​គេង ហើយ​ត្រូវ​ភ្ញាក់​ទៅ​រៀន​ពី​ព្រឹក​ទៀតផង។ ពេលខ្លះ​អត់ងងុយ​ពេក អង្គុយ​ស្តាប់​គ្រូ​បណ្តើរ ងក់​បណ្តើរ​ក៏មាន»។

ពេលខ្លះ អ្នកទីក្រុង​ចូលសម្រាន្ត​យប់​ជ្រៅ​មិនមែន​ដោយសារតែ​ការងារ ឬ​ញៀន​លេង​ហ្វេ​ស​ប៊ុ​ក ឬ​ហ្គែ​ម​អន​ឡាញ​នោះទេ។ តាមពិត ពួកគេ​មួយចំនួន​ជាប់រវល់​ចូល​ក្លឹប​កម្សាន្ត ចូល​បា ឬ​អង្គុយ​ពិសារ​កាហ្វេ​នៅតាម​ភោជនីយដ្ឋាន​ទំនើប​នានា។

ជាការ​សង្កេត យុវវ័យ​មួយចំនួន​កំពុង​កាត់បន្ថយ​ពេលវេលា​ចូល​ដំណេក​របស់ខ្លួន​ដោយសារ​ជក់ចិត្ត​នឹង​ក​ម្ម​វិធី​កម្សាន្តប្លែកៗតាម​បណ្តាញ​អ៊ី​ន​ធើ​ណែ​ត និង​ស្រាវជ្រាវ​ព័ត៌មាន ឬ​ឯកសារផ្សេងៗដែល​ទាក់ទង​នឹង​ការងារ និង​ការសិក្សា រហូតដល់​ភ្លេច​ពេលវេលា​ចូល​ដំណេក​ផង។

ដោយឡែក យុវជន​មួយចំនួន​ផ្សេងទៀត​វិញ ពួកគេ​តែង​ស​ង្ងំ​ចុច​ទូរស័ព្ទ​ផ្ញើ​សារ​ជាមួយ​សង្សារ ឬ​មើល​រឿង​អាសអាភាសន៍​ជាដើម។ អ្នកខ្លះ ចូល​ដំណេក​ខក​ដល់​ម៉ោង១២ អ្នកខ្លះ​ទៀត​ដល់​ម៉ោង១ ឬ​អាច​ជ្រុល​ដល់​ម៉ោង២ ឬ​ម៉ោង៣ ទៀបភ្លឺ​ក៏មាន​ផងដែរ។

«មិនមែន​មានតែ​យុវជន​នោះទេ មាន​ទាំង​កុមារ និង​មនុស្ស​ចាស់​អាយុ​ជាង៤០ឆ្នាំ​ផងដែរ​ដែល​កំពុង ចំណាយពេល​យ៉ាងច្រើន​ជាមួយ​បច្ចេកវិទ្យា​សម័យថ្មី ហើយ​ភ្លេច​ពេលវេលា​ចូល​ដំណេក»។  នេះ​គឺជា​ការ លើកឡើង​របស់ លោក ឈួ​ត បូរិទ្ធ នាយក​ប្រតិបត្តិ​អង្គការ​យុវជន​ខ្មែរ និង​ការអភិវឌ្ឍ​សង្គម(KYSD)។ លោក​បាន អត្ថាធិប្បាយ​ទៀតថា កុមារ​មួយចំនួន​វក់វី​នឹង​ហ្គែ​ម​តាម​អ៊ី​ធើ​ណែ​ត ភ្លេច​គិត​ពេលវេលា​ចូល ដេក​ជ្រុល​ដល់​យប់​ជ្រៅ ចំណែកឯ​មនុស្ស​វ័យ​ចំណាស់​មួយចំនួនទៀត​ក៏​ចូលចិត្ត​លេង​ហ្គែ​ម​ដើម្បី​បំ បាត់​ស្ត្រេ​ស​ក្រោយពី​មមាញឹក​នឹង​ការងារ​ពេញ​មួយថ្ងៃ​ផងដែរ។

នៅ​ជនបទ ប្រជាពលរដ្ឋ​ចូល​ដំណេក​ពី​ក្បាល​ព្រលប់
បើទោះបីជា​នៅ​ទីក្រុង​មនុស្ស​មា្ន​មិន​ចូល​ដំណេក​លឿន​ក៏ដោយ​ក្តី ក៏​ទម្លាប់​បែប​បុរាណ​ឆាប់​ចូលសម្រាន្ត​ត្រូវបាន​ប្រជាពលរដ្ឋ​នៅ​ជនបទ​រក្សា​ដដែល។ នៅក្នុង​ស្រុក​រលៀប្អៀ​ខេត្តកំពង់ឆ្នាំង​ប្រជាពលរដ្ឋ​ភាគច្រើន​ពិសារ​អាហារ​ពេល​ល្ងាច​នៅ​ម៉ោងជាង៦ ហើយ​ចូល​សម្រាក​នៅ​ម៉ោង៧ឬ៨យប់។ មូលហេតុ​គឺ​ដោយសារ​កង្វះខាត​ប្រព័ន្ធ​បច្ចេកវិទ្យា កង្វះខាត​សម្ភារៈ​បច្ចេកវិទ្យា​ទំនើប ដូចជា ទូរស័ព្ទ​ទំនើប កុំព្យូទ័រ អគ្គីសនី។ល។

លោក រិ​ន ពលរដ្ឋ​នៅក្នុង​ស្រុក​រលៀប្អៀ​បានអោយដឹងថា៖«ខ្ញុំ​ចូល​គេង​នៅ​ម៉ោង៧យប់។ ចូល​សម្រាក​លឿន ពីព្រោះ​ក្រោយ​ហូបបាយ​រួចហើយ យើង​មិនដឹង​ធ្វើ​អ្វី​ទេ»។ មិនមែន​តែ​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ទេ​ដែល​ប្រជាពលរដ្ឋ ចូលសម្រាន្ត​លឿន​នោះ។ តាមពិត នៅតាម​ទីជនបទ​នៃ​ខេត្តផ្សេងៗទៀត ប្រជាពលរដ្ឋ​ភាគច្រើន​ចូលសម្រាន្ត​ពី​ក្បាល​ព្រលប់។ មូលហេតុ​ចម្បង​មួយទៀត គឺ​ដោយសារ​ជនបទ​គ្មាន​សកម្មភាព​សេដ្ឋកិច្ច​ច្រើន​ដូច​នៅ​ទីក្រុង។

លោក ឈួ​ត បូរិទ្ធ នាយក​ប្រតិបត្តិ​អង្គការ​យុវជន​ខ្មែរ និង​ការអភិវឌ្ឍ​សង្គម​បានបញ្ជាក់​អោយដឹង​ផងដែរ​ថា ការ​ទម្លាប់​ចូល​ដំណេក​យប់​ជ្រៅ​ពេក​អាចមាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ខួរក្បាល។ ខួរក្បាល​មិនសូវមាន​ការចងចាំ​ល្អ ស្ពឹក ហើយ​អ្នក​អត់ងងុយ​ក៏​មិនអាច​បំពេញ​កិច្ចការ​នៅ​ថ្ងៃ​បន្ទាប់​បានល្អ​នោះដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com