បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទ​យកការណ៍៖ យុវវ័យ​កំណត់​តម្លៃ​ជីវិត​ខុសគ្នា!
25, Nov 2013 , 9:08 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ មនុស្ស​ជាច្រើន​នៅក្នុង​សង្គម​ខ្មែរ​បច្ចុប្បន្ននេះ បានកំណត់​តម្លៃ​ជីវិត​របស់ខ្លួនខុសៗគ្នា។ អ្នកខ្លះ​ឲ្យ​តម្លៃ​ទៅលើ​ទ្រព្យសម្បត្តិ មាសប្រាក់​ជា​កត្តា​ចំបង អ្នកខ្លះ​ឲ្យ​តម្លៃ​លើ​ការងារ អ្នក​ខ្លះទៀត​ចង់បាន​សេរីភាព និង​ភាពយុត្តិធម៌​ជាជាង​មាសប្រាក់។ ដោយឡែក អ្នក​មួយចំនួន​ផ្សេងទៀត ឲ្យ​តម្លៃ​ជីវិត​ទៅលើ​កាយវិការ​ចេះ​តបស្នង​សងគុណ​ឪពុកម្តាយ។

ទើបនឹង​បញ្ចប់​ការសិក្សា​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​ស្ថាបត្យកម្ម​បាន​ជាង​មួយឆ្នាំ កញ្ញា មុន្នី​រ័ត្ន ទទួលបាន​ការងារ​ភ្លាម​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ​នៅ​ទីក្រុង​ភ្នំពេញ​ជាមួយនឹង​ប្រាក់ខែ​សមរម្យ។ នាង​ខិតខំ​ប្រឹងប្រែង​ក៏​សាង​ប្រសិទ្ធភាព​ការងារ គ្មាន​ពេល​សម្រាក ព្រោះ​នាង​បាន​ឲ្យ​តម្លៃ​ជីវិត​របស់ខ្លួន​នៅ​ថ្ងៃ​អនាគត​លើ​ការ​មាន​ការងារ​ពិតប្រាកដ។ សម្រាក​ពី​ការងារ​បន្តិច ក​ញ្ញ មុន្នី​រ័ត្ន បាន​លើកឡើងថា៖«មានការ​ងា​ពិតប្រាកដ​ទើប​អ្នក​ដ៏​ទៃ​ឲ្យ​តម្លៃ»។

មាឌ​រៀង​ស្គម​បន្តិច លោក វិ​បុត្រ ជា​និស្សិត​ឆ្នាំ​ទី៤ ខំរៀន​ទាំងយប់​ទាំង​ថ្ងៃ​មិនសូវមាន​ពេល​សម្រាក​ទេពី​ព្រោះ​លោក​មាន​ក្តីសង្ឃឹម​នឹងមាន​ភាពសប្បាយ​រីករាយ​នៅក្នុង​គ្រួសារ​ក្រោយពេល​ទទួលបាន​ការងា​រ​ដ៏​ល្អ​មួយ។ យុវជន​រូបនេះ​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា៖«ការជួប​ជុំគ្នា​ក្នុង​ក្រុមគ្រួសារ​ជា​កត្តា​សំខាន់
ណាស់។ ប្រសិនបើម្នាក់ៗមាន​លុយ ហើយ​រស់នៅ​ដាច់ពីគ្នា​នោះទេ ជីវិត​គ្មាន​តម្លៃ​ឡើយ»។

ស្រដៀង​នឹង​លោក វិ​បុត្រ ដែរ កញ្ញា មករា ជា​បុគ្គលិក​មន្ត្រីរាជការ​ម្នាក់ទៀត ប្រាថ្នា​ចង់បាន​ភាព សប្បាយរីករាយ​ជាមួយ​ក្រុមគ្រួសារ​ផងដែរ ជាជាង​មាន​មាសប្រាក់​ច្រើនតែ​មិនមាន​ក្តី​សុខ។ កញ្ញា​បញ្ចេញយោបល់​ដោយ​មិន​ខ្មាស់អៀន​ថា៖«ខ្ញុំ​ឲ្យ​តម្លៃ​លើ​ការសប្បាយ​ក្នុង​ជីវិត ទើប​ជីវិត​មានន័យ បើ​មាន​លុយ​ច្រើន ហើយ​មិន​សប្បាយចិត្ត​ក៏​គ្មាន​ន័យ​ដែរ»។ សម្រាប់​កញ្ញា មករា សេចក្តី​ស្ងប់​ក្នុង​ផ្លូវ​អារម្មណ៍ ភាព​គ្មាន​កង្វល់​ច្រើន​គឺមាន​តម្លៃ​ខ្លាំង​ជាង​ទ្រព្យសម្បត្តិ​ទៅទៀត។

ដោយ​មើលឃើញ​ភាពអយុត្តិធម៌ និង​អំពើរ​ពុករលួយ​មួយចំនួន​ក្នុងសង្គម​បច្ចុប្បន្ន លោក សម្បត្តិ មាន​អាយុ៤៥ឆ្នាំ ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ឯកជន​មួយ មានប្រសាសន៍ថា៖«ខ្ញុំ​ឲ្យ​តម្លៃ​ជីវិត​លើសេរីភាព និង​ភាពត្រឹមត្រូវ​យុត្តិធម៌​ក្នុងសង្គម»។

ចំណែក​លោក សេង សម្បត្តិ វ័យ៣០ឆ្នាំ ជា​ទន្តពេទ្យ​ឯណោះ​វិញ លោក​មាន​ទស្សនៈ​ប្លែក​ពី​អ្នកដទៃបន្តិច ដោយ​លោក​យល់ឃើញថា បន្ទុក​របស់​ឪពុកម្តាយ​ក្នុងការ​ចំណាយពេល​វេលា​កម្លាំងកាយ​ចិត្ត និង​ថវិការ​យ៉ាងច្រើន​ដើម្បី​ចិញ្ចឹម​បីបាច់ និង​ការផ្គត់ផ្គង់​សម្រាប់​ការសិក្សា​ទៀតផង​នោះ ដូច្នេះ ការ​តបស្នង​សងគុណ​ជា​គឺជា​រឿង​ចាំបាច់។

លោក សម្បត្តិ បាន​លើកឡើងថា៖ «ការ​តបស្នង​សងគុណ​ដល់​ឪពុកម្តាយ​វិញ​នៅ​ថ្ងៃក្រោយ គឺជា​តម្លៃ​នៃ​ជីវិត​របស់ខ្ញុំ ហើយ​ខ្ញុំ​នឹង​ខំ​ធ្វើ​ឲ្យ​អស់ពី​លទ្ធភាព»។

បើទោះជា​យ៉ាងណាក៏ដោយ ក៏​មនុស្ស​មួយចំនួន​នៅតែ​ឲ្យ​តម្លៃ​លើ​ទ្រព្យសម្បត្តិ មាសប្រាក់ បុណ្យ​ស័​ក្ត​ជា​កត្តា​សំខាន់​ដដែល។ ជាក់ស្តែង កញ្ញា ស្រី​ល័​ក្ខ ជា​និស្សិត​ឆ្នាំ​ទី២ បាន​ឲ្យ​ដឹងថា មាន​ប្រាក់​ច្រើន អាចធ្វើអ្វីៗបាន​គ្រប់យ៉ាង ដូច​ជា អាចបង្កើត​គ្រួសារ​ដ៏​មាន​សុភមង្គល​ជាដើម។ ក​ញ្ញ​បាន​អះអាង​យ៉ាង​ដូច្នេះ​ថា៖«មានទ្រព្យ​សម្បត្តិ មាន​លុយ គ្មានអ្វី​ត្រូវ​ខ្វាយខ្វល់​ទៀត​នោះទេ»៕


© រក្សាសិទ្ធិដោយ thmeythmey.com