ខ្មែរ​ក្រហម
ជាតិ
តុលាការ​ខ្មែរក្រហម​ ត្រូវការ​ថវិកា​​ជាង​៥០​លាន​ដុល្លារ​ដើម្បី​ដំណើរការ​២​ឆ្នាំ​ខាង​មុខ​
25, Nov 2013 , 9:16 am        
រូបភាព
បន្ទប់​សវនាការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ (រូបថត៖ សាលាក្តី​ខ្មែរ​ក្រហម)
បន្ទប់​សវនាការ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​ (រូបថត៖ សាលាក្តី​ខ្មែរ​ក្រហម)
សាលាក្តី​ខ្មែរ​ក្រហម​ដែល​តែងតែ​ជួប​វិបត្តិ​ថវិកា​ញឹកញាប់​នោះ បាន​ធ្វើ​គម្រោង​ចំណាយ​ថវិកា​សម្រាប់​ឆ្នាំ​២០១៤-២០១៥​ ហើយ​បាន​បង្ហាញ​​​គម្រោង​នេះ​ទៅ​ថ្នាក់ដឹកនាំ​អង្គការ​សហប្រជាជាតិហើយ។ ប្រភព​សិ្នទ្ធ​នឹង​តុលាការ​កូនកាត់​មួយ​នេះ​បាន​បង្ហើប​អោយ​ដឹងថា សាលាក្តី​នេះ​ត្រូវការ​ថវិកា​ជាង​៥៦​លាន​ដុល្លារ ដើម្បី​ដំណើរការ​សវនាការ​ក្នុង​រយៈ​ពេល​២​ឆ្នាំ​ខាង​មុខ​នេះ។

គម្រោង​ចំណាយ​ថវិកា​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ដោយ​រាប់​បញ្ចូល​ទាំង​ផែនការ​កំណែ​ទម្រង់​រដ្ឋបាល និង​ចំណាយ​របស់​សាលាក្តី​រួចហើយ។ នេះ​បើតាម​ការ​បញ្ជាក់​របស់ប្រភព​ដដែល​នោះ ដែល​មិន​ហ៊ាន​និយាយ​លំអិត​ជាង​នេះ។

គួរ​បញ្ជាក់ថា ដោយសារ​តែ​ការ​បិទ​បញ្ចប់​សំណុំរឿង​០០១ និង​ការបិទ​សំណុំរឿង​របស់​អៀង សារី និង​អៀង ធិរីទ្ធ​នោះ ព្រមទាំង​ការ​បញ្ចប់​ការងារ​រដ្ឋបាល​មួយ​ចំនួន​ផងនោះ សាលាក្តី​ពិសេស​នេះ​ បាន​កាត់​បន្ថយ​បុគ្គលិក​២ដង​ក្នុង​មួយ​ឆ្នាំ ដោយ​ម្តងៗ​ត្រូវ​កាត់​ចំនួន​បុគ្គលិក​១០​ភាគរយ។

នៅ​ចុងខែ​ធ្នូនេះ ភាគីជាតិ​នៃ​សាលាក្តី​ខ្មែរ​ក្រហម​នឹង​អនុវត្ត​ផែនការ​កាត់បន្ថយ​បុគ្គលិក​នេះ​ជា​ថ្មី​ទៀត ក្នុង​ចំណោម​​​ចំនួន​បុគ្គលិក​បច្ចុប្បន្ន​ដែលនៅ​សល់​២៣១​នាក់។ នេះ​បើតាម​ការ​បញ្ជាក់​របស់លោក​នេត្រ ភក្ត្រា អ្នកនាំពាក្យ​តុលាការ​ខ្មែរ​ក្រហម។

និយាយ​អំពី​ការងារ​បច្ចុប្បន្ន​របស់​តុលាការ​កូនកាត់​នេះ លោក​នេត្រ ភក្ត្រា​បាន​ប្រាប់​អោយដឹងផងដែរ​ថា សាលាក្តី​ដំបូង​របស់​សាលាក្តី​នឹង​រៀបចំ​កិច្ច​ប្រជុំនៅ​ខែ​ធ្នូ​ក្រោយ​នេះ ដើម្បី​រៀបចំកាលបរិច្ឆេទ​នៃ​​សវនាការសំណុំរឿង​០០២​វគ្គ២។ សវនាការ​នេះ​ដែល​ត្រូវ​គ្រោង​ចាប់ផ្តើម​មុន​ការ​ចេញ​សាលក្រម​សំណុំរឿង​០០២​វគ្គ​១។ សាលក្រម​នេះ​អាច​នឹង​ត្រូវ​ប្រកាស​នៅ​ក្នុង​ពាក់កណ្តាល​ឆ្នាំ​២០១៤៕



© រក្សាសិទ្ធិដោយ thmeythmey.com