បទយកការណ៍ / បទសម្ភាសន៍
ជាតិ
បទសម្ភាសន៍៖ ការជូន​កាដូ​ទៅ​មន្ត្រី​ថ្នាក់លើ​មិនមែនជា​អំពើពុករលួយ​ទេ
25, Nov 2013 , 11:17 am        
រូបភាព
លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​
លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា​
ដោយ:
អំពើពុករលួយ ត្រូវបាន​ប្រជាជន​នៅលើ​ពិភពលោក​និយាយ​ច្រើនជាងគេ ហើយ​យើង​អាច​កំណត់ថា​វា​ជា អំពើពុករលួយ​បាន​រយៈ​សកម្មភាព ឬ​ទម្រង់​នានា​របស់​វា គឺ​អាស្រ័យទៅលើ​បរិបទ​របស់​ប្រទេស​ដែល ។ ទម្រង់ ឬ សកម្មភាព​មួយ នៅក្នុង​ប្រទេសមួយ​អាច​ចាត់ទុកថា ជា​អំពើពុករលួយ ប៉ុន្តែ​រូបភាព ឬ សកម្មភាព​ដដែល​នេះ មិនត្រូវ​បានចាត់ទុក​ថា​ជា​អំពើពុករលួយ​នោះទេ នៅក្នុង​លក្ខខណ្ឌ​ប្រទេសមួយ​ផ្សេងទៀត​នោះ។

ដើម្បី​ស្វែងយល់​ពី​ប្រភេទ​នានា នៃ​អំពើពុករលួយ​ដែល​តែងតែ​កើតមានឡើង​នៅលើ​ពិភពលោក ក៏ដូចជា​ក្នុងប្រទេស​កម្ពុជា ផងដែរ​នោះ លោក បាន សំអាង ជា​អ្នកយកព័ត៌មាន​ប្រចាំ​គេហទំព័រថ្មីៗ បានធ្វើ​បទសម្ភាសន៍​ជាមួយ លោក ព្រាប កុល នាយក​ប្រតិបត្តិ​អង្គការ​តម្លាភាព​កម្ពុជា ដែលជា​ស្ថាប័ន​ក្រៅ​រដ្ឋាភិបាល​មួយ ធ្វើ​សកម្មភាព​ពាក់ព័ន្ធ​នឹង​ការប្រយុទ្ធប្រឆាំង​អំពើពុករលួយ​នេះ។

ថ្មីៗ៖ ដូចម្ដេច​ដែល​ហៅថា​អំពើពុករលួយ ?

លោក ព្រាប កុល៖ យោងតាម​និយមន័យ​របស់ ធនាគារពិភពលោក បាន​កំណត់ថា អំពើពុករលួយ​គឺជា​ការបំពាន​មុខតំណែង​សាធារណៈ ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន។ ចំណែកឯ​អង្គការ​តម្លាភាព​អន្តរជាតិ​វិញ ក៏បាន​ឲ្យ​និយមន័យ​ផងដែរ​ថា អំពើពុករលួយ​គឺជា​ការរំលោភ បំពាន​អំណាច ដែល​ទទួលបាន​ពី​ប្រជាពលរដ្ឋ ដើម្បី​ប្រើ​ជា​ប្រយោជន៍​ឯកជន។ ប៉ុន្តែ​ក្នុងន័យ​សាមញ្ញ​វិញ អំពើពុករលួយ​គឺជា រាល់​ទម្រង់​នៃ​ការប្រព្រឹត្ត​ទាំងឡាយណា ដែល​បាន​ផលប្រយោជន៍​មក​ខ្លួនឯង ឬក៏​ធ្វើ​ឲ្យ​ខូចប្រយោជន៍​ដល់​អ្នកដទៃ ដោយ​មិនចាំបាច់​ទាក់ទង​តែ​នឹង​រឿង​លុយ​នោះទេ។

ថ្មីៗ៖  តើ​អំពើពុករលួយ​មាន​ប៉ុន្មាន​ប្រភេទ នៅក្នុង​ប្រទេស​កម្ពុជា?

លោក ព្រាប កុល៖ អំពើពុករលួយ​ត្រូវបាន​គេ​ចែកចេញជា ៥ ប្រភេទ ដូចខាងក្រោម៖
    ទី១គឺ អំពើពុករលួយ​តាមរយៈ​ការ​សូកប៉ាន់ ឬ​ការស៊ីសំណូក ការ​ឲ្យ​លុយ​ទឹកតែ ការ​ឲ្យ​លុយ​លើស ឬ​លុយ​សម្រាប់​ជូន​ជា​សារ​គុណ​ជាដើម។ប្រភេទ​ទី១នេះ គឺ​ត្រូវបាន​គេ​មើលឃើញ​ក្រោម​ទម្រង់ និង​រូបភាព ច្រើនជាងគេ​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្នុង​មាន​ទំហំ​ទឹកប្រាក់​តិចតួច​ប៉ុណ្ណោះ។ 
   ទី២គឺ អំពើពុករលួយ​តាមរយៈ​ការប្រើប្រាស់​អំណាច ដើម្បី​ជំរិត​យកលុយ ដែល​ទាក់ទង​នឹង​អ្នកមានអំណាច ដែល​បាន​ប្រើប្រាស់​ឥទ្ធិពល​នៃ​អំណាច​របស់ខ្លួន ដើម្បី​បំរើ​ឲ្យ​ប្រយោជន៍​ផ្ទាល់ខ្លួន។
    ទី៣គឺ អំពើពុករលួយ​តាមរយៈ​ការបន្លំ ដូចជា​ការបន្លំ​ឯកសារ បន្លំ​តួលេខ ដូចជា​បន្លំ​លុយ​រដ្ឋ​ជាដើម ហើយ​វា​មាន​លក្ខណៈ​ទ្រង់ទ្រាយ​ធំ។ ករណីនេះ​គឺមាន​ច្រើន​នៅក្នុង​ស្ថាប័ន គយ និង ពន្ធដារ។
    ទី៤គឺ អំពើពុករលួយ​តាមរយៈ​ការប្រកាន់​បក្សពួក ឬ ដែល​គេ​និយម​ហៅថា បក្សពួកនិយម ដែល​ទម្រង់​នេះ​កើតមាន​នៅពេលដែល ប្រធាន​ស្ថាប័ន​មួយ​ជ្រើសរើស​បងប្អូន សាច់ញាតិ សែស្រលាយ​របស់ខ្លួន ចូលមក​ធ្វើការ ឬក៏​ជាការ​ឲ្យ​ឱកាស ការយោគយល់ ឬក៏​សកម្មភាពផ្សេងៗទៀត ដើម្បី​ឲ្យ​បក្ស​បក្ស​ពួកខ្លួន​ទទួលបាន​ប្រយោជន៍​ជាដើម។
   និង​ទី៥គឺជា​អំពើពុករលួយ​តាមរយៈ​អ្នក​ដែល​រកស៊ី ផ្ដល់ប្រាក់​ទៅ​ឲ្យ​អ្នកមានអំណាច ដើម្បី​ឲ្យ​បុគ្គល​ដែលមាន​អំណាច​នោះ ជួយ​ការពារ​នូវ​មុខរបរ​របស់គាត់ ឬក៏​បង្ក​ជា​ឱកាស​សម្រាប់​រកស៊ី​ជាដើម។ ទម្រង់​នេះ​បាន​បង្ក​ឲ្យ​អ្នក​ដែល​រកស៊ី​នូវ​មុខរប​រ​ដូចគ្នា ពិបាក​ក្នុងការ​ប្រកប​របរ​នេះ ដោយសារតែ​ឈ្មួញ​ដែល​យក​បុគ្គល​មានអំណាច​នៅ​ពីក្រោយ​នោះ អាច​រកស៊ី​ផ្ដាច់មុខ ឬក៏​អាច​បង្ក​ជា​ផល​លំបាក​ផ្លូវច្បាប់​ពី​សំណាក់​អាជ្ញាធរ​ផងដែរ។

ថ្មីៗ៖ ឧទាហរណ៍​ថា មាន​មន្ត្រី​ជា​ថ្នាក់ដឹកនាំ​ម្នាក់ រៀបចំ​ធ្វើ​ខួបកំណើត ឬក៏​ពិធីផ្សេងៗ ហើយ​មាន​មន្ត្រី​តូចតាច​នៅក្រោម​ឱវាទ​របស់ខ្លួន ជូន​ជា​កាដូ​ជា​វត្ថុ​មានតម្លៃ ឬ​ជា​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ សម្រាប់​ជូន​ជា​ចំណងដៃ​ក្នុង​ពិធី​នោះ តើ​សកម្មភាព​នេះ​គេ​អាច​ចាត់ទុកថា​ជា​អំពើពុករលួយ​ដែរឬទេ នៅក្នុង​បរិបទ​ប្រទេស​កម្ពុជា​យើង?

លោក ព្រាប កុល៖ នៅក្នុង​ច្បាប់​ប្រឆាំងនឹង​អំពើពុករលួយ របស់​ប្រទេស​កម្ពុជា​មិនបាន​ចាត់ទុក​សកម្មភាព​ខាងលើនេះ ជា​អំពើពុករលួយ​នោះទេ។ ប៉ុន្តែ​ក្នុង​ក្រមសីលធម៌ និង​វប្បធម៌​ជាស​កល កាលណា​យើង​ធ្វើ​ដូច្នេះ វា​អាច​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការបង្កើត​ឲ្យ​មាន​ជា​វប្បធម៌ នៃ​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ឬក៏​បក្សពួកនិយម។ ប៉ុន្តែ​សម្រាប់​ប្រទេស​ជាច្រើន​ទៀត​គេ​បាន​ចាត់ទុកថា អំណោយ​មួយ​ដែលជា​អំណោយ​ស្របច្បាប់ គឺ​ត្រូវ​បានកំណត់​នៅក្នុង​ច្បាប់ ឧទាហរណ៍ បើ​ច្បាប់​កំណត់ ៥០ ដុល្លារ​ចុះក្រោម​គឺជា​អំណោយ​ស្របច្បាប់ ហើយ​លើសពី​គឺ​ត្រូវ​ចាត់ទុកថា​ជា​អំពើពុករលួយ៕


© រក្សាសិទ្ធិដោយ thmeythmey.com