បទយកការណ៍ / បទសម្ភាសន៍
ជាតិ
លោក ហង់ ជួន ណា​រ៉ុ​ន៖ «កែទម្រង់​វិស័យ​អប់រំ​មិនបាន ខ្ញុំ​នឹង​ទៅធ្វើ​អ្វី​ផ្សេង​វិញ»
25, Nov 2013 , 8:29 pm        
រូបភាព
ភ្នំពេញ៖ អស់​រយៈពេល​បី​ខែ​ហើយ​ដែល​លោក ហង់ ជួន ណា​រ៉ុ​ន អតីត​រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ មកកាន់​តំណែង​រដ្ឋមន្ត្រី​ក្រសួង​អប់រំ។ ក្នុង​អាណត្តិ​នេះ លោក​រដ្ឋមន្ត្រី​អប់រំ​ថ្មី សន្យា​កែទម្រង់​វិស័យ​អប់រំ​ស៊ីជម្រៅ។ ខាងក្រោម​នេះ​ជា​បទ​សម្ភាស​ន៍​រវាង​អ្នកយកព័ត៌មាន​គេហទំព័រថ្មីៗ លោក គី សុខ​លីម និង​លោក ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ។ 

លោក​គី សុខ​លីម៖ បី​ខែក្រោយ​ការចូល​កាន់តំណែង​នៅក្នុង​ក្រសួង​អប់រំ តើ​លោក​រដ្ឋមន្ត្រី​បាន​សន្យា​ធ្វើកំណែទម្រង់​វិស័យ​អប់រំ​យ៉ាងដូចម្តេចខ្លះ?

លោក​ហង់ ជួន ណា​រ៉ុ​ន៖
យើង​បានរៀបចំ​ការប្រឡង​ជ្រើសរើស​គ្រូបង្រៀន​ចំនួន៥ដង​រួចមកហើយ។ ការរៀបចំ​ចំនួន៥ដង​នេះ គឺ​ផ្អែកលើ​គោលការណ៍​ចាំបាច់៤យ៉ាង។ ទី១ អ្នកពាក់ព័ន្ធ​ត្រូវគោរព​ច្បាប់។ ទី២ ការប្រឡង​ត្រូវមាន​តម្លាភាព។ ទី៣ ការប្រឡង​ត្រូវមាន​យុត្តិធម៌ និង​ទី៤ កំណែ​ប្រឡង​គ្រូវ​បង្រៀន​ត្រូវតែ​ជា​កំណែ​រួម។

លោកគី សុខ​លីម៖
ការប្រឡង​បាក់​ឌុប​ឆ្នាំក្រោយ តើ​លោក​ព្យាយាម​ធ្វើ​យ៉ាងដូចម្តេច​ដើម្បី​កុំ​អោយមាន​អំពើពុករលួយ​កើតឡើង​ដូច​កាលពីឆ្នាំមុនៗទៀត?

លោក​ហង់ ជួន ណា​រ៉ុ​ន៖
ការប្រឡង​បាក់​ឌុប​វា​ធំ និង​ស្មុគស្មាញ​ជាង​ការប្រឡង​គ្រូបង្រៀន។ ប៉ុន្តែ​គោលការណ៍៤យ៉ាង​ដែល​ខ្ញុំ​បាន​លើក ឡើង​ខាងលើ​ត្រូវតែ​គោរព​អោយបាន​ជាដាច់ខាត។ កូនសិស្ស​ត្រូវ​ហាម​ដាច់ខាត​មិនអោយ​យក​ទូរស័ព្ទ​ឬ​ប្រដាប់ប្រដារផ្សេងៗដែល​អាច​ផ្តល់ព័ត៌មាន​ចូល​ថ្នាក់​ប្រឡង​បានឡើយ។ ប្រសិនបើ​មាន​បញ្ហា​អ្វី​កើតឡើង ដូចជា​ពាក្យបណ្តឹង។ ក្រសួង​ត្រូវតែ​ធ្វើការ​អង្កេត​ជា​ចាំបាច់។

លោក​គី សុខ​លីម៖
បញ្ហា​គុណភាព​អប់រំ​គឺជា​កង្វល់​របស់​មនុស្ស​គ្រប់រូប តើ​លោក​ក្នុងនាម​រដ្ឋមន្ត្រីក្រសួង​អប់រំ លោក​នឹងធ្វើ​យ៉ាងដូចម្តេច?

លោក ហង់ ជួន ណា​រ៉ុ​ន៖
កំណែទម្រង់​វិស័យ​អប់រំ យើង​មិន​អាចធ្វើ​មួយថ្ងៃ​បានទេ។ វា​ត្រូវការ​ពេលវេលា​យូរ និង​ត្រូវការ ការចូលរួម​ពី​ច្រើន​ភាគី ដូចជា​អាណាព្យាបាល​ជាដើម។ គុណភាព​គ្រូ​ក៏ត្រូវ​លើកតម្កើង។ ប្រាក់ខែ​គ្រូបង្រៀន​ក៏ត្រូវ​ពិចារណា​ឡើងវិញ។ កូនសិស្ស​ខ្លួនឯង​ក៏ត្រូវ​ប្រឹងប្រែង​ដែរ។ និយាយ​ជារួម មនុស្ស​គ្រប់រូប​ត្រូវ​ចូលរួម ទើប​កំណែទម្រង់​អាចទៅរួច​ដោយ​រលូន។

លោក គី សុខ​លីម៖
តាម​អ្វីដែល​ខ្ញុំ​លឺ គឺថា​លោក​ធ្លាប់​ប្រជុំ​ផ្ទៃក្នុង ក្នុង​ក្រសួង​អប់រំ ក្រោយពេល​ឡើងកាន់តំណែង ដោយ​លោក​បាន​និយាយថា ប្រសិនបើ​លោក​មិនអាច​កែទម្រង់​វិស័យ​អប់រំ​បានទេ លោក​នឹង​ចុះ​ចេញពី​តំណែង តើ​លោក​ធ្លាប់​សន្យា​ដូច្នេះ​មែន​ឬទេ?

លោក ហង់ ជួន ណា​រ៉ុ​ន៖
(គិត​បន្តិច​មុន​ឆ្លើយ)។ ខ្ញុំ​ត្រូវ​ទទួលខុសត្រូវ​ចំពោះមុខ​រដ្ឋាភិបាល និង​រដ្ឋសភាជាតិ។ អ្វីដែល​ខ្ញុំ​សន្យា ខ្ញុំ​នឹងធ្វើ។ ប្រសិនបើ​ខ្ញុំ​ធ្វើ​មិនបាន រដ្ឋាភិបាល​អាច​នឹង​គិតពិចារណា​ពី​តំណែង​របស់ខ្ញុំ។ ប៉ុន្តែ សម្រាប់​រូបខ្ញុំ ប្រសិនបើ​ខ្ញុំ​ធ្វើ​មិនបាន ខ្ញុំ​គួរ​ធ្វើ​អ្វី​ផ្សេង​វិញ​ប្រសើរ​ជាង។ កំណែ​ង​ទម្រង់​ជាការ​ទទួលខុស​របស់​ខ្ញុំ។ ប៉ុន្តែ​កំណែទម្រង់​មិនមែន​សម្រាប់​រូបខ្ញុំ​ម្នាក់ឯង​ទេ គឺ​សម្រាប់​យើងទាំងអស់គ្នា៕
 
   

© រក្សាសិទ្ធិដោយ thmeythmey.com