ជាតិ
សង្គមជាតិ
ទូត​ចិន​៖«២០២១ ជា​ឆ្នាំ​ដែល​ពោរពេញ​ដោយ​ក្តីសង្ឃឹម សម្រាប់​ទំនាក់ទំនង​ចិន​-​កម្ពុជា​»
31, Dec 2020 , 3:32 pm        
រូបភាព
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក វ៉ាង​ វិនទៀន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានសន្តិភាព កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១៨ (រូបពីក្រសួងព័ត៌មាន)
ជំនួបរវាងសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន និង លោក វ៉ាង​ វិនទៀន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅវិមានសន្តិភាព កាលពីអំឡុងខែធ្នូ ឆ្នាំ២០២១៨ (រូបពីក្រសួងព័ត៌មាន)
​លោក វ៉ាង វិ​ន​ទៀន (Wang Wentian) ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​កម្ពុជា បាន​ផ្ញើ​សារ​អបអរសាទរ សម្រាប់​ការចូល​មក​នៃ​ឆ្នាំ​២០២១ ជា​ឆ្នាំ​សាកល​ថ្មី ទៅកាន់​ប្រជាជន​ខ្មែរ​ទូទៅ រួមទាំង​ប្រជាជន​ខ្មែរ​ជាប់​សែ​ស្រាយ​ចិន ក្រុមហ៊ុន​ចិន អ្នកជំនាញ​ចិន និង និស្សិត​ចិន ដែល​កំពុងមាន​វត្តមាន​នៅ​កម្ពុជា​។ លោក ក៏បាន​រំលេច​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​និង​ចិន​ដែរ​។


​តាមរយៈ​សារ​អបអរសាទរ ដែល​បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​ស្ថានទូត​ចិន​ប្រចាំ​កម្ពុជា លោក វ៉ាង វិ​ន​ទៀន បាន​សរសេរ​ដូច្នេះ​ថា​៖«​ឆ្នាំ​២០២១ គឺជា​ឆ្នាំ​ដែល​ពោរពេញ​ទៅដោយ​ក្តីសង្ឃឹម សម្រាប់​ទំនាក់ទំនង​ចិន​និង​កម្ពុជា​។ មិន​ថា ស្ថានភាព​អន្តរជាតិ មានការ​ផ្លាស់ប្តូរ​យ៉ាង​ណា​ក្តី ចិន​និង​កម្ពុជា នឹង​ជំរុញ​ការកសាង​សហគមន៍​ជោគវាសនា​រួម​យ៉ាង​ម៉ឺងម៉ាត់ បន្ត​គាំទ្រ​គ្នា​ទៅវិញទៅមក លើ​បញ្ហា​ដែល​ទាក់ទង​នឹង​អត្ថប្រយោជន៍​ស្នូល [​នៃ​] ប្រទេស​ទាំង​២»​។ 
 
​លោក​អគ្គរដ្ឋទូត មានប្រសាសន៍ថា ចិន​និង​កម្ពុជា នឹង​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ និង​និង​បន្ត​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ​ជាក់ស្តែង​ក្នុង​វិស័យ​នានា​ឲ្យ​កាន់តែ​ស៊ីជម្រៅ​។ 
 
​លោក លើកឡើង​ទៀតថា ចិន នឹង​បន្ត​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​ចិន មក​វិនិយោគ​នៅ​កម្ពុជា​ឲ្យ​កាន់តែច្រើន ព្រមទាំង​ជំរុញ​ឲ្យ​កាន់តែ​ឆាប់រ​ហ័យ​លើ​គម្រោង​វិនិយោគ​ធំៗ​ជាច្រើន ដូចជា គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ គម្រោង​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ គម្រោង​អាកាសយានដ្ឋាន​ថ្មី​ក្នុង​ខេត្តសៀមរាប និង គម្រោង​ស្ថានីយ​អគ្គិសនី ដែលមាន​ថាមពល 2×350MW ជាដើម​។ 
 
​ជាមួយគ្នានេះ លោក អះអាងថា ចិន រីករាយ​បន្ត​កិច្ចសហប្រតិបត្តិការ​ក្នុងការ​បង្ក្រាប​សកម្មភាព​បទល្មើស​និង​ឧក្រិដ្ឋកម្ម ដែល​ពាក់ព័ន្ធ​នឹង​ពលរដ្ឋ​ចិន នៅ​កម្ពុជា ដូចជា លេងល្បែង​ស៊ីសង​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ជាដើម ដើម្បី​បង្កើត​ប្រយោជន៍​កាន់តែច្រើន​ដល់​ប្រជាជន​និង​ប្រទេស​ទាំង​២៕   

Tag:
 ទំនាក់ទំនង​កម្ពុជា​-​ចិន​
  Wang Wentian
© រក្សាសិទ្ធិដោយ thmeythmey.com