ជាតិ
​​​ន​យោ​បាយ​ជាតិ​
បក្ស​កាន់អំណាច មិន​ធ្វើ​ពិធី​ជួបជុំ​ក្នុង​ទិវា​៧​មករា​ឡើយ​
06, Jan 2021 , 9:29 pm        
រូបភាព
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពូជា (លើកដៃ) និង សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើជាអធិបតី កាលពីឆ្នាំ២០១៨ ក្នុងពិធីរម្លឹកខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (រូបពី AFP)
សម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពូជា (លើកដៃ) និង សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា ចូលរួមធ្វើជាអធិបតី កាលពីឆ្នាំ២០១៨ ក្នុងពិធីរម្លឹកខួបលើកទី៤០ នៃទិវាជ័យជម្នះ៧មករា (រូបពី AFP)
ទិវា​ជ័យជម្នះ​៧​មករា ដែល​គណបក្ស​ប្រជាជន​កម្ពុជា តែង​រៀបចំ​ប្រារព្ធ​និង​ជួបជុំគ្នា​ទ្រង់ទ្រាយ​ធំ​ជា​រៀងរាល់ឆ្នាំ មិនត្រូវ​បានធ្វើ​ឡើង​ឡើយ​សម្រាប់​ឆ្នាំ​២០២១​នេះ ដោយនៅ​បារម្ភ​ពី​ការ​រាលដាល​ជំងឺ​កូ​វីដ​-១៩​។ គណបក្ស​ប្រជាជន​កម្ពុជា បានចេញ​សេចក្តីជូនដំណឹង​តាំងពី​អំឡុង​ខែតុលា ឆ្នាំ​២០២០​មកម្ល៉េះ ស្តីពី​ការមិន​ប្រារព្ធ​ទិវា​៧​មករា​នេះ​។

​ថ្វីបើ​គ្មាន​ការ​ប្រារព្ធ​និង​ការជួប​ជុំគ្នា​ទ្រង់ទ្រាយ​ធំ តែ​គណបក្ស​ប្រជាជន​កម្ពុជា ដែល​ដឹកនាំ​រដ្ឋាភិបាល​ជាង​៣​ទសវត្សរ៍​មកហើយ​នោះ បាន​ណែនាំ​ឲ្យ​គ្រប់​សាខា​របស់ខ្លួន ឲ្យ​រៀបចំ​ស្លាក​សញ្ញា (Logo) និង​ពាក្យស្លោក​ផ្សេងៗ នៅតាម​ទីតាំង​នានា ដើម្បី​អបអរសាទរ​ទិវា​៧​មករា ដូច​រាល់​ឆ្នាំកន្លងមក​។ 
 
​លោក សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បាន​និយាយ​នូវ​ពាក្យ ដែល​គណបក្ស​របស់លោក តែង​និយាយ​កន្លងមក​ថា ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ គឺជា​ថ្ងៃ​សច្ចធម៌​ប្រវត្តិសាស្ត្រ និង​ជា​ថ្ងៃកំណើត​ទី​២​របស់​ប្រជាជន​កម្ពុជា​។ លោក បន្តថា មាន​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ទើប​មាន​នយោបាយ​បង្រួបបង្រួម​ជាតិ និង​ឈានដល់​ការចុះ​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ថ្ងៃ​២៣​តុលា ឆ្នាំ​១៩៩១​។ 
 
​លោក បន្ថែម មាន​ថ្ងៃ​៧​មករា ឆ្នាំ​១៩៧៩ ទើប​មាន​នយោបាយ​ឈ្នះ​ឈ្នះ ដែល​ធ្វើ​ឲ្យ​អង្គការ​ចាត់តាំង​នយោបាយ​និង​យោធា​ខ្មែរក្រហម​ត្រូវ​រលំរលាយ​ទាំងស្រុង ហើយ​នាំមក​នូវ​សន្តិភាព​ពេញលេញ​និង​ការឯកភាព​ជាតិ​នៅក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​។ លោក មានប្រសាសន៍​ទៀតថា មាន​សន្តិភាព​និង​ការឯកភាព​ជាតិ ទើប​កម្ពុជា មានឱកាស ដើម្បី​កសាង​និង​អភិវឌ្ឍ​ប្រទេស ឲ្យ​មានការ​រីកចម្រើន​ដូច​សព្វ​។ 
 
​តាមរយៈ​សារ​ក្នុង​បណ្តាញ​ទំនាក់ទំនង​តេ​ឡេ​ក្រាម អ្នកនាំពាក្យ​គណបក្សកាន់អំណាច​រូបនេះ សរសេរ​ដូច្នេះ​ថា​៖«​មាន​ថ្ងៃ​៧​មករា​៧៩ ទើប​មាន​ជីដូន​ជីតា​យើង មាន​ឪពុកម្តាយ​យើង មាន​បងប្អូន​យើង និង មាន​យើង​ថ្ងៃនេះ​។ មាន​ថ្ងៃ​៧​មករា ទើប​មាន​អ្វីៗ​ទាំងអស់​នៅថ្ងៃនេះ​និង​ទៅ​អនាគត​ទៀត​»​។ 
 
​នៅ​ថ្ងៃទី​៧ ខែមករា ឆ្នាំ​២០២១ គឺជា​ខួប​លើក​ទី​៤២​នៃ​ទិវា​ជ័យជម្នះ​៧​មករា​។ ៧​មករា ឆ្នាំ​១៩៧៩ ត្រូវបាន​ចាត់ទុកថា​ជា​ថ្ងៃ ដែល​របប​ខ្មែរក្រហម ត្រូវបាន​ផ្តួលរំលំ​៕ 
 

Tag:
 ៧​មករា
© រក្សាសិទ្ធិដោយ thmeythmey.com