ជាតិ
ពានរង្វាន់​ដឹងគុណ​ដល់​អ្នកសារព័ត៌មាន​៥​ទសវត្សរ៍ ពី​ឆ្នាំ​១៩៧០​ដល់​ឆ្នាំ​២០១០
08, Jan 2021 , 2:47 pm        
រូបភាព
​ភ្នំពេញ​៖ ក្រសួង​ព័ត៌មាន ផ្តួចផ្តើម​គំនិត​រៀបចំ​«​ពានរង្វាន់​ដឹងគុណ​» សម្រាប់​អ្នកសារព័ត៌មាន​ដែល​បាន​ចូលរួមចំណែក​លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​ចន្លោះ​ពី​ឆ្នាំ​១៩៧០ ដល់​ឆ្នាំ​២០១០​។ ពានរង្វាន់​នេះ នឹង​ផ្តល់ជូន​អ្នកសារព័ត៌មាន​៥​រូប ​ដែល​ស្ថិត​បំពេញការងារ​ក្នុង​ទសវត្សរ៍​ផ្សេងៗ​គ្នា​។​
 
​លោក គី សុខ​លីម ស្ថាបនិក​សារព័ត៌មាន​ថ្មីៗ និង​លោក Liu Yuwei នាយក​ប្រតិបត្តិ​នៃ​សារព័ត៌មាន​ត្នោត (TNAOT) នា​ព្រឹក​ថ្ងៃទី​៨ ខែមករា បាន​ទៅ​ជួបពិភាក្សា​ជាមួយ​លោក ផុស សុវណ្ណ ប្រតិភូ​រដ្ឋាភិបាល និងជាអគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​ព័ត៌មាន និង​សោតទស្សន៍​នៃ​ក្រសួង​ព័ត៌មាន លើ​គម្រោង​រៀបចំ​កម្មវិធី​ពានរង្វាន់​នេះ​។​
 
​លោក ផុស សុវណ្ណ បានលើកឡើង​ពី​សារសំខាន់​ចំពោះ​ការដឹងគុណ​ដល់​អ្នកសារព័ត៌មាន​ដែល​បំពេញការងារ​ប្រកបដោយ​វិជ្ជាជីវៈ​។ លោក​បាន​សំដែង​ការគាំទ្រ​ចំពោះ​ការចូលរួម​គំនិត​ផ្តួច​ផ្តើមកម្មវិធី​រៀបចំ​ពានរង្វាន់​ដឹងគុណ​ដល់​អ្នកសារព័ត៌មាន​នេះ ហើយ​លោក​សុំ​យោបល់​បន្ថែមទៀត​ពី​លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។​
 
​បើតាម​លោក គី សុខ​លីម  ពានរង្វាន់​ដឹងគុណ​ចំពោះ​អ្នកសារព័ត៌មាន​នឹង​រួមចំណែក​លើកកម្ពស់​វិស័យ​សារព័ត៌​មាននៅ​កម្ពុជា​នេះ ជាពិសេស​ការដឹងគុណ និង​លើកទឹកចិត្ត​សម្រាប់​អ្នកសារព័ត៌មាន ស្ថិតនៅក្នុង​ឆ្នាំ​១៩៧០, ១៩៨០, ១៩៩០, ២០០០ និង​ឆ្នាំ​២០១០​។​
 
​សារព័ត៌មាន​ថ្មីៗ និង​សារព័ត៌មាន​ត្នោត នឹង​ជួយ​ដល់​ក្រសួង​ព័ត៌មាន​សម្រាប់​ដំណើរការ​រៀបចំ​ពានរង្វាន់ «​ពានរង្វាន់​ដឹងគុណ​ដល់​អ្នកសារព័ត៌មាន ៥​ទសវត្សរ៍​» ជា​លើកដំបូង​នេះ​៕


លោក គី សុខលីម ស្ថាបនិកសារព័ត៌មានថ្មីៗ


លោកLiu Yuwei នាយកផ្នែកប្រតិបត្តិ នៃសារព័ត៌មានត្នោត


លោកផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាននិងសោតទស្សន៍








 

© រក្សាសិទ្ធិដោយ thmeythmey.com