បទយកការណ៍ / បទសម្ភាសន៍
ជាតិ
លោក ញឹក ប៊ុនឆៃ ៖ គណបក្ស​ហ៊្វុនស៊ិនប៉ិច​នៅតែ​បន្ត​អាយុ​ទៅមុខទៀត
27, Nov 2013 , 9:39 am        
រូបភាព
ដោយ:
នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី៥ នេះ គណបក្ស​រាជានិយម​ហ្វ៊ុនស៊ិនប៉ិច ដែល​ធ្លាប់តែ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​ពលរដ្ឋ​កាលពីមុន​នោះ បាន​បាត់បង់​អាសនៈ​របស់ខ្លួន​អស់ហើយ ពោលគឺ​សូម្បី​តែមួយ​កៅអី​ក៏​គណបក្ស​នេះ​មិន​ទទួលបាន​នៅក្នុង​អាណត្តិ​នេះដែរ។ ការណ៍​នេះ ត្រូវបាន​លោក ញឹក ប៊ុនឆៃ ថ្លែងថា មូល​ហេតុដែល​គណបក្ស​នេះ មិន​ទទួលបាន​អាសនៈ​នៅក្នុង​សភា ដោយសារតែ​ការបោះឆ្នោត​មាន​ភាពមិនប្រក្រតី​ច្រើន។

ខាងក្រោម​នេះ ជា​បទសម្ភាសន៍​ត​ពី​លើក​មុន​រវាង​អ្នកយកព័ត៌មាន​ឲ្យ​គេហទំព័រថ្មីៗ លោក ជា ធី​រិ​ទ្ធ ជាមួយ​លោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង ត្រូវបានតែងតាំង​ជាទី​ប្រឹក្សា​រដ្ឋាភិបាល ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​ក្នុង​អណ​ត្តិ​នេះ។

ថ្មីៗ ៖ លោក ញឹក ប៊ុនឆៃ គណបក្ស​របស់លោក​ក្នុង​អាណត្តិ​នេះ គ្មាន​បាន​មួយ​អាសនៈ​សោះ​នៅក្នុង​រដ្ឋសភា តើ​លោក​មាន​ដឹង​ទេ​ថា មកពី​មូលហេតុ​អ្វី?

លោក ញឹក ប៊ុនឆៃ៖ មិន​ដូច្នោះ​ទេ​ធាតុពិត​ទៅ គណបក្ស​ហ្វ៊ុនស៊ិនប៉ិច បានទទួល​ការគាំទ្រ​ច្រើន ដូចជា​នៅ​ខេត្ត​ខ្ញុំ​បន្ទាយមានជ័យ និង​ខេត្តសៀមរាប ព្រមទាំង​ខេត្ត​ដទៃទៀត ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច ត្រូវ​ទទួលបាន​អាសនៈ​នៅក្នុង​សភា តែដោយសារ​តែមាន​បញ្ហា​ក្នុង​ការរៀបចំ​ការបោះឆ្នោត ទើប​មិនបាន​អាសនៈ​នោះ។

ថ្មីៗ ៖ លោក​ថា មិនបាន​អាសនៈ​ដោយសារ​មាន​បញ្ហា​បោះឆ្នោត គណបក្ស​លោក​មាន​ភស្តុតាង​ទេ?

លោក ញឹក ប៊ុនឆៃ៖ ខ្ញុំ​មាន​ភស្តុតាង​ពី​ភាពមិនប្រក្រតី​ច្រើន​នៅក្នុង​ដៃ ជុំវិញ​បញ្ហា​នៃ​ការបោះឆ្នោត​នៅក្នុង​អាណត្តិ​នេះ។

ថ្មី៖ លោក​ឃើញ​ភាពមិនប្រក្រតី ហើយ​មាន​ភស្តុតាង​នៅក្នុង​ដៃ​ទៀត ហេតុអ្វី​គណបក្ស​នេះ នៅ​ស្ញៀ​ម​មិនឃើញ​ប្តឹងផ្តល់?

លោក ញឹក ប៊ុនឆៃ៖ (និយាយ​រាងយឺត) ខ្ញុំ​មាន​ឯកសារ​ឬ​ភស្តុតាង​នៃ​ភាពមិន​ក្រ​តី​មែន តែ​ឲ្យ​ខ្ញុំ​ទៅ​ប្តឹងផ្តល់​អ្វី វា​មិនសូវ​ជា​ល្អមើល​នោះទេ ដូច​លោក​បានដឹង​ហើយ ខ្ញុំ​មិនបាច់​និយាយ​ទៀត​ទេ ម្លោះ​ហើយ​ទើបបានជា​យើងខ្ញុំ​នៅ​ស្ញៀ​ម​មិន​ចេញមុខ​ប្តឹងផ្តល់​ពី​ភាពមិន​ប្រក​តី​ទាំងនោះ។

ថ្មី៖ ខ្ញុំ​សូម​ងាក​មក​និយាយ​ពី​ការច្របាច់បញ្ចូលគ្នា​រវាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច និង​គណបក្ស​ជាតិនិយម​បន្តិច។ ទាក់ទង​នឹង​សំឡេងគាំទ្រ បើ​មើលទៅ​គណបក្ស​នេះ មាន​ដល់​ទៅ​ពីរ​បក្ស​ឯណោះ ដែល​ល្មម​នឹង​អាចមាន​អាសនៈ​ក្នុង​សភា បើទោះបី​ជាមាន​ភាពមិន​ប្រក្រតី​ខ្លះ ដូច​ការលើកឡើង​រប​ស់លោក។ តើ​លោក​យល់​យ៉ាងម៉េច​ដែរ​ត្រង់ចំណុច​នេះ?

លោក ញឹក ប៊ុនឆៃ៖ ខ្ញុំ​សូម​ជម្រាប​លោក​ចុះ ដោយសារតែ​លោក​សួរ​ហើយ តាមពិតទៅ​គណបក្ស​ជាតិនិយម​ដែលជា​អតីត​គណបក្ស​នរោត្តម រណ​ឫទ្ធ បាន​ចូល​ជាមួយ​ហ្វ៊ុនស៊ិនប៉ិច ពិតមែន។ តែ​ចូល​បានតែ​ក្បាលម៉ាស៊ីនធំៗតែប៉ុណ្ណោះ។ ចំណែក​សមាជិក​គណបក្ស​នេះ មិនបាន​បោះឆ្នោត​ឲ្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នោះទេ គឺ​គេ​បោះឆ្នោត​ឲ្យ​គណបក្ស​ដទៃ​ទៅវិញ។

ថ្មី៖ លោក​មាន​ដឹងថា ចំណុច​អ្វី​បានជា​សមាជិក​បក្ស​ជាតិនិយម​មិន​មិន​បោះឆ្នោត​ឲ្យ​ហ្វ៊ុន ស៊ិនប៉ិច? ហើយ​ខ្ញុំ​ភ្ជាប់​សំណួរ​មួយ​ទៀតថា គណបក្ស​លោក​នឹងធ្វើ​អ្វី​បន្តទៀត ដើម្បី​ទាក់ទាញ​ការគាំទ្រ​មកវិញ?

លោក ញឹក ប៊ុនឆៃ៖  គណបក្ស​ហ្វ៊ុនស៊ិនប៉ិច នឹង​បន្ត​អាយុ​ទៅមុខទៀត ហើយ​ធ្វើការ​កែទម្រង់​នូវ​គោលនយោបាយ​មួយចំនួន​បន្ថែមទៀត ដើម្បី​ឲ្យ​ស្របទៅនឹង​ការចង់បាន​របស់​ប្រជាពលរដ្ឋ។ ហើយ​ខ្ញុំ​បញ្ជាក់​សារជាថ្មី​ថា បើ​នៅពេល​ខាងមុខ​គេ​កែទម្រង់​ការបោះឆ្នោត គណបក្ស​ហ្វ៊ុនស៊ិនប៉ិច អាចនឹងទទួល​បាន​អាសនៈ​ឡើងវិញ៕



© រក្សាសិទ្ធិដោយ thmeythmey.com