ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានត្រៀមការងារជាង២ម៉ឺនកន្លែងសម្រាប់ពលករខ្មែរដែលត្រឡប់ពីថៃ ដើម្បីជៀសវាងត្រឡប់ទៅថៃវិញ។ ការងារជាង២ម៉ឺនកន្លែងនេះ ជាប្រភេទការងារក្នុងវិស័យឧស្សាហកម្ម កម្មន្តសាល សេវាកម្ម សំណង់ និងកម្មសិកម្ម។
ក្រសួងការងារបានចេញផ្សាយលើទំព័រហ្វេសប៊ុករបស់ខ្លួនថា សម្ដេច ហ៊ុន សែន ចេញវិធានការជួយដោះស្រាយបញ្ហាដល់ពលករ តាមទីភា្នក់ងារជាតិមុខរបរ និងការងារ(NEA) ជាអ្នករៀបចំការចុះឈ្មោះនិងស្វែងរកការងារនៅក្នុងស្រុកដល់ពលករ។ ការធ្វើបែបនេះ គឺដើម្បីបង្កើនភាពងាយស្រួលស្វែងការងារ និងជៀសវាងការចំណាកស្រុកទៅកាន់ប្រទេសថៃវិញ។
![](https://image.thmeythmey.com/pictures/2021/01/12/thumb2/pov__2_.jpg)
ពលករត្រឡប់ពីប្រទេសនៅតាមមណ្ឌលចត្តាឡីស័ក។ ( រូបពី ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ)
លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ បានអះអាងថា៖ «NEA បានដាក់ចេញនូវយន្តការគាំទ្រនិងត្រៀមផ្តល់ឱកាសការងារប្រមាណ២ម៉ឺនកន្លែងសម្រាប់ពលករខ្មែរ ក្រោយពីបញ្ចប់ការធ្វើចត្តាឡីស័ក តាមវិធានការបង្ការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល។ ការងារដែលបានត្រៀមសម្រាប់ពលករខ្មែរ មាននៅផ្នែកវិស័យឧស្សាហកម្ម និងកម្មន្តសាល សេវាកម្ម សំណង់ និងកសិកម្ម»។
លោក ប៊ុនឡេង បញ្ជាក់បន្ថែមថា ក្រុមការងារNEA គឺចុះសម្របសម្រួល និងបង្កើតជនបង្គោលទំនាក់ទំនងជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីប្រមូលទិន្នន័យពីពលករដែលវិលត្រឡប់មកពីថៃវិញ។ លើសពីនេះ ក្រុមការងារក៏ចុះផ្សព្វផ្សាយអំពីសេវាការងារ និងព័ត៌មានទីផ្សារការងារ ដល់ពលករតាមមណ្ឌលចត្តាឡីស័កនីមួយៗ។ ក្រៅពីនេះ ក្រុមការងា NEA នឹងសម្របសម្រួលជាមួយរោងចក្រ សហគ្រាស និងវិនិយោគិន ដើម្បីងាយស្រួលផ្តល់ឱកាសការងារដល់ពលករ។
![](https://image.thmeythmey.com/pictures/2021/01/12/thumb2/pov__3_.jpg)
លោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍។ រូបពី៖ ក្រសួងមហាផ្ទៃ
ការត្រៀមការងារសម្រាប់ពលករនេះ លោក វន់ ពៅ មេសហជីពប្រធានសហគមសេដ្ឋកិច្ចក្រៅប្រព័ន្ធ ហៅកាត់ថា IDEA ថ្លែងប្រាប់សារព័ត៌មានថ្មីៗថា ជារឿងល្អដែលរដ្ឋាភិបាលគិតដល់ពលករនៅអំឡុងវិបត្តិកូវីដ-១៩។ប៉ុន្តែការងារ២ម៉ឺនកន្លែងនេះ មិនទាន់បំពេញតម្រូវការពលរដ្ឋខ្មែរឡើយ ខណៈកម្មកររោងចក្រ និងពលរដ្ឋផ្សេងទៀតកំពុងប្រឈមបាត់បង់ការងារធ្វើដែរ។ យ៉ាងណាក៏ដោយ លោកថា រដ្ឋាភិបាលគួរពង្រីកសក្ដានុពលផ្នែកវិស័យកសិកម្ម ដែលអាចជួយដោះស្រាយបញ្ហាការងារដល់ពលករនិងពលរដ្ឋក្នុងស្រុក។
មេសហជីពរូបថ្លែងយ៉ាងដូច្នេះថា៖ «ការត្រៀមការងាដល់ពលករនេះ ជារឿងល្អ។ ប៉ុន្តែមើលឃើញថា ទំហំការងារនៅក្នុងស្រុកយើងហាក់បីដូចមិនទាន់គ្រប់គ្រាន់នៅឡើយទេ ព្រោះនៅពេលនេះ សូម្បីតែកម្មកររោងចក្រកាត់ដេរនិងបុគ្គលិកវិស័យទេសចរណ៍ដែលអត់ការងារធ្វើ នៅតែពិបាករកការងារទៅហើយ ហើយ កម្មករក្រៅប្រព័ន្ធក៏ពិបាករកការងារធ្វើដែរ។ ប្រសិនរដ្ឋាភិបាលមានវិធានការពង្រីកសក្ដានុពលកសិកម្មជាចំណុចប្រសើរមួយ ដែលឲ្យពលករនិងពលរដ្ឋផ្សេងទៀតបាន»។
ចាប់ពីថ្ងៃទី២០ធ្នូ ឆ្នាំ២០២០ ដល់ថ្ងៃទី១១ មករានេះ មានពលករត្រឡប់ពីថៃជាង៥.៨ពាន់នាក់ហើយ ក្នុងនោះមានស្រីជាង២ពាន់នាក់។ រយៈពេលដូចគ្នានេះដែរ ក៏មានពលរដ្ឋខ្មែរឆ្លងដែងខុសច្បាប់ត្រូវអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញជាង៣៤០នាក់ផងដែរ។ នេះបើតាមរបាយការណ៍ដែលសារព័ត៌មានថ្មីៗទទួលបានពីលោក កែវ វណ្ណថន អគ្គនាយករងអន្តោប្រវេសន៍៕
![](https://image.thmeythmey.com/pictures/2021/01/12/thumb2/pov__4_.jpg)
លោក វន់ ពៅ ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ រូបពីទំព័រហ្វេសប៊ុក IDEA ថ្ងៃទី៦តុលា ២០២០)
![](https://image.thmeythmey.com/pictures/2021/01/12/thumb2/pov__5_.jpg)
លោក ហៃ ហ៊ុនឡេង ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារ(រូបខាងឆ្វេង)។ រូបពី៖ ក្រសួងការងារ