ជាតិ
បុរសដែលអះអាងជាអាវុធហត្ថ ហើយដកកាំភ្លើងគំរាមយុវជនម្នាក់ នៅម្ដុំផ្សារថ្មី ត្រូវបានឃាត់ខ្លួន 14, Jan 2021 , 3:19 pm
![](https://image.thmeythmey.com/pictures/2021/01/14/thumb2/bosros.png)
×![]()
ភ្នំពេញ៖ បុរសដែលអះអាងជាអាវុធហត្ថ ហើយដកកាំភ្លើងភ្ជង់យុវជនម្នាក់ នៅម្ដុំផ្សារថ្មីកាលពីថ្ងៃទី១០ មករានោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនហើយ។ នេះបើតាមលោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីថ្ងៃទី១៣ មករា។
លោក អេង ហ៊ី បានបញ្ជាក់ថា បុរសដែលត្រូវបានឃាត់ខ្លួននេះ មានឈ្មោះ សុខ ណាម៉ាលីដូ មុខរបរបុគ្គលិករោងចក្រកាត់ដេរ មិនមែនជាមន្ត្រីកងរាជអាវុធហត្ថ ដូចការអះអាងរបស់គេឡើយ។ ការឃាត់ខ្លួននេះ ក្រោមការដឹកនាំ និងសម្របសម្រួលដោយលោក ប្លង់ សុផល ព្រះរាជអាជ្ញារង តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
«កងរាជអាវុធហត្ថបានចេញសេចក្តីប្រកាសព័ត៌មាន និងបានបញ្ជាក់ច្បាស់ថា ក្នុងករណីបុគ្គលណាប្រព្រឹត្តល្មើសច្បាប់ ត្រូវតែបញ្ជូនបុគ្គលនោះទៅតុលាការផ្តន្ទាទោសតាមច្បាប់ ដូចទិសស្លោកដែលបានដាក់ចេញ“ចំពោះប្រទេសជាតិត្រូវតែការពារ! ចំពោះប្រជាត្រូវតែបម្រើ! ច្បាប់ត្រូវតែគោរព! បទល្មើសត្រូវតែបង្ក្រាប”!»។ នេះជាការលើកឡើងរបស់លោក អេង ហ៊ី។
កាលពីយប់ថ្ងៃទី១០ មករា បុរសដែលត្រូវបានឃាត់ខ្លួនខាងលើ បានបើករថយន្ត ទៅប៉ះគ្នាជាមួយយុវជនម្នាក់ដែលជិះម៉ូតូ។ ក្នុងគ្រោះថ្នាក់ចរាចរណ៍នេះ បុរសត្រូវបានឃាត់ខ្លួននោះ បានដកកាំភ្លើងគំរាមលើភាគីម្ខាងទៀត ដោយអះអាងថា ខ្លួនជានាយករងមជ្ឈមណ្ឌលហ្វឹកហ្វឺន៕
© រក្សាសិទ្ធិដោយ thmeythmey.com