ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រីអប់រំ៖ មុខជំនាញ STEM ជួយឲ្យយុវជនមានការងារល្អ និងនាំកម្ពុជាឆ្ពោះទៅបច្ចេកវិទ្យាទំនើប 25, Jan 2021 , 9:59 pm
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៥ ខែមករា បានថ្លែងសន្ទរកថា ក្នុងពិធីបើកមហាស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២9 ខែមករា ឆ្នាំ២០២១
× ភ្នំពេញ៖ មុខជំនាញSTEM (បច្ចេកវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និងគណិតវិទ្យា) ជាមុខវិជ្ជាដ៏សំខាន់ ដែលអាចជំរុញឲ្យកម្ពុជា ឆ្ពោះទៅរកប្រព័ន្ធបច្ចេកវិទ្យាទំនើប ប្រកបដោយប្រសិទ្ធភាព និងគុណភាព។ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងបែបនេះនៅក្នុងពិធីបើកមហាស្រពពិព័រណ៍វិទ្យាសាស្ត្រកម្ពុជាប្រចាំឆ្នាំលើកទី១៦ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥-២៩ ខែមករា។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការអប់រំផ្នែកSTEM គឺមានសារសំខាន់សម្រាប់កម្ពុជានៅថ្ងៃខាងមុខ ដើម្បីជំរុញឲ្យគ្រប់វិស័យនៅកម្ពុជាទាំងអស់ បោះជំហានទៅតាមបែបបច្ចេកវិទ្យា ប្រកបដោយគុណភាព។
«ការបន្តអភិវឌ្ឍន៍សមត្ថភាពត្រៀមខ្លួនដើម្បីអនាគត គឺអាស្រ័យលើកម្លាំងចលករចំពោះជំនាញទាំងនេះ ដើម្បីរួមចំណែកយ៉ាងពេញលេញលើការអភិវឌ្ឍកំណើនសេដ្ឋកិច្ច ដែលអាស្រ័យលើការប្រើប្រាស់ចំណេះដឹង»។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីអប់រំ ដោយបញ្ជាក់ថា ក្រសួងអប់រំបានពង្រឹងសមត្ថភាពគ្រូបង្រៀន លើជំនាញSTEM ដោយដាក់បញ្ចូលផ្នែកព័ត៌មានវិទ្យា និងបច្ចេកវិទ្យានៅក្នុងសាលារៀន ដើម្បីឲ្យវិស័យអប់រំ និងវិស័យផ្សេងៗទៀតឆ្ពោះទៅរកប្រព័ន្ធបច្ចេកវិទ្យា។
លោករដ្ឋមន្ត្រីក្រសួងអប់រំ បានបញ្ជាក់ថា តាមរយៈកម្មវិធីស្ទែម ដែលរៀបចំជារៀងរាល់ឆ្នាំម្តងនេះ ក៏ជាផ្លូវមួយសម្រាប់ផ្តល់ចំណេះដឹង និងស្មារតីដល់សិស្សានុសិស្សឲ្យយល់ដឹងពីជំនាញមួយនេះ។ លោកបានថ្លែងដូច្នេះថា៖«មហាស្រពស្ទែមនៅឆ្នាំនេះ នឹងល្បងសមត្ថភាពយុវជននៅកម្ពុជាយើងឲ្យចេះប្រើប្រាស់ជំនាញស្ទែម ដើម្បីជួយឲ្យប្រទេសជាតិក្នុងការត្រៀមលក្ខណៈនៅថ្ងៃខាងមុខ»។
លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីអប់រំ បាននិយាយថា កម្ពុជាត្រូវការអ្នកជំនាញផ្នែកស្ទែម ដើម្បីឲ្យកម្ពុជាអាចឈានទៅរកប្រព័ន្ធបច្ចេកវិទ្យាទំនើបបាន។ «ប្រទេសកម្ពុជាយើងត្រូវការអ្នកជំនាញខាងផ្នែកបច្ចេកវិទ្យា វិទ្យាសាស្ត្រ វិស្វកម្ម និងគណិតវិទ្យា អ្នកជំនាញផ្នែកបម្រែបម្រួលអាកាសធាតុ អ្នកបច្ចេកវិទ្យា វិស្វករ វេជ្ជបណ្ឌិត គិលានុបដ្ឋា និងគិលានុបដ្ឋាយិកាជាច្រើននាក់ទៀត»។ នេះជាការលើកឡើងរបស់លោករដ្ឋមន្ត្រីអប់រំ។
បើតាមរដ្ឋមន្ត្រីអប់រំ កាលណាសិស្ស និស្សិត និងយុវជនមានជំនាញស្ទែមនេះច្បាស់លាស់ នឹងធ្វើឲ្យពួកគេមានការងារដ៏ល្អត្រឹមត្រូវមួយ និងរួមចំណែកឲ្យសង្គមកម្ពុជាមានភាពរីកចម្រើន។ លោកមានប្រសាសន៍ថា៖«មុខវិជ្ជាទាំងនេះនឹងជួយឲ្យក្មួយៗមានជំនាញ និងការងារល្អៗ ព្រមទាំងចូលរួមចំណែកប្រកបដោយអត្ថន័យខ្ពស់ និងប្រកបដោយប្រសិទ្ធភាពក្នុងការកសាងអនាគតកម្ពុជាយើងឲ្យកាន់តែត្រចេះត្រចង់ និងរុងរឿងថែមទៀត»។
គួរបញ្ជាក់ថា មុខវិជ្ជាSTEM គឹផ្ដោតទៅលើផ្នែកជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វករ និងគណិតវិទ្យា៕
Tag:
ស្ទែម
បច្ចេកវិទ្យា
© រក្សាសិទ្ធិដោយ thmeythmey.com