ជាតិ
សង្គមជាតិ
អាជ្ញាធរ ព្រមានប្ដឹងក្រុមហ៊ុនស៊ីម៉ា កែច្នៃធ្យូងថ្មនៅស្រុកស្ទឹងហាវ បើមិនព្រមប្ដូរទីតាំង
02, Feb 2021 , 1:50 pm        
រូបភាព
លោក ហេង ណារ៉េត (ខាងឆ្វេង) អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីផលប៉ះពាល់ដោយសារសំណល់ផេះធ្យូងថ្មនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូពពីរដ្ឋបាលខេត្តព្រះសីហនុ
លោក ហេង ណារ៉េត (ខាងឆ្វេង) អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំស្តីពីផលប៉ះពាល់ដោយសារសំណល់ផេះធ្យូងថ្មនៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។ រូពពីរដ្ឋបាលខេត្តព្រះសីហនុ
ភ្នំពេញ៖ ក្រសួងបរិស្ថាន បានបញ្ជាឱ្យក្រុមហ៊ុនស៊ីម៉ា កែច្នៃកាកសំណល់ធ្យូងថ្ម នៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ផ្លាស់ប្ដូរទីតាំង ក្រោយពីអនុញ្ញាតឲ្យបើកដំណើរការជាង៦ឆ្នាំមកនេះ។ មូលហេតុដែលក្រសួងបរិស្ថាន សម្រេចឲ្យក្រុមហ៊ុនេះ ផ្លាស់ប្ដូរទីតាំងនោះ ដោយសារមានផលប៉ះពាល់ដល់ពលរដ្ឋ។ អ្នកជំនាញបរិស្ថាន យល់ថា នេះជាបទពិសោធន៍អវិជ្ជមានមួយ សម្រាប់ក្រសួង និងស្ថាប័នរដ្ឋ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន បើកដំណើរការកែច្នៃធ្យូងថ្ម ដោយខ្វះការសិក្សាស៊ីជម្រៅ។


អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ហេង ណារ៉េត បាននិយាយថា ក្រុមហ៊ុនស៊ីម៉ា កែ្នច្នៃសំណល់ផេះធ្យូងថ្មនេះ បានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់បរិស្ថាននិងពលរដ្ឋនៅតំបន់នោះ ដូចជាការបង្ហូរទឹកចូលព្រែកបង្កឲ្យត្រីងាប់ បង្កសំឡេងរំខាន និងផលប៉ះពាល់ដល់សុខភាពពលរដ្ឋ ដោយសារផេះហុយនៅក្នុងអាកាសជាដើម។

ដោយសារមើលឃើញបញ្ហានេះ ទើបក្រសួងបរិស្ថាន កំណត់ឲ្យក្រុមហ៊ុនស៊ីម៉ា ផ្លាស់ប្ដូរទីតាំង ដោយត្រូវប្រមូលសំណង់ផេះធ្យូងថ្មជាង២ម៉ឺនតោនចេញពីទីតាំងចាស់ រួមទាំងសម្អាតទីតាំងចាស់ឲ្យស្អាត នៅត្រឹមថ្ងៃទី១៥ កុម្ភៈ ។

«គិតត្រឹមរយៈថ្ងៃទី១៥ ម៉ោង៥ល្ងាច លើសតែមួយម៉ោងក៏មិនបានដែរ, ប្រសិនក្រុមហ៊ុនហ្នឹង(ស៊ីម៉ា) មិនអនុវត្តឲ្យទាន់ពេលកំណត់ទេ អាជ្ញាធរខេត្តនឹងប្ដឹងទៅតុលាការ។ នេះជាវិធានការចុងក្រោយដែលត្រូវអនុវត្តជាមួយម្ចាស់គម្រោង(ក្រុមហ៊ុនស៊ីម៉ា) មិនគោរពទៅតាមលិខិតបទដ្ឋានគតិយុត្តរបស់រដ្ឋនិងបញ្ជាផ្សេងរបស់ខេត្ត»។ នេះបើតាមអនុរដ្ឋលេខាធិការក្រសួងបរិស្ថាន ដែលលើកឡើងក្នុងសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗនៅថ្ងៃទី១ កុម្ភៈថា ជាង៣ឆ្នាំហើយ ដែលពលរដ្ឋនៅតំបន់នោះ បានដាក់ពាក្យបណ្ដឹងជុំវិញផលប៉ះពាល់ចេញពីរោងចក្រនេះ។

បើតាមលោក ហេង ណារ៉េត ក្រសួង និងអាជ្ញាធរ បានប្រាប់ឱ្យម្ចាស់ក្រុមហ៊ុននេះ ប្ដូរទីតាំងច្រើនដងមកហើយ ប៉ុន្តែភាគីក្រុមហ៊ុនមិនធ្វើតាមការណែនាំ។ អនុរដ្ឋលេខាក្រសួងបរិស្ថានរូបនេះ បាននិយាយដូច្នេះថា៖«ជារឿងដែលគួរឲ្យអស់សំណើចណាស់ ពេលដែលលិខិតយើងបញ្ជាឲ្យគាត់(ក្រុមហ៊ុនស៊ីម៉ា)ប្ដូរទីតាំងរាប់ខែ រាប់ឆ្នាំមកហើយ បែរជានៅអង្គប្រជុំគាត់ថា ប្រសិនបើឲ្យគាត់រើសទីតាំងគឺត្រូវការ៦ខែទៀត‌! អ៊ីចឹងយើងពិបាកនិយាយ ព្រោះយើងមានលិខិតទាំងអស់ ដល់ពេលអ៊ីចឹង ទើបគាត់ភ្ញាក់ខ្លួន។ ត្រូវការ៦ខែទៀត! បានន័យថាគាត់គ្មានចតនាទាំងស្រុងក្នុងការប្ដូរទីតាំងនេះទេ»។

បើតាមលោក ណារ៉េត ការសម្រេចផ្អាកសកម្មភាព និងប្ដូរទីតាំងក្រុមហ៊ុននេះ គឺដើម្បីឲ្យពលរដ្ឋមានជំនឿលើមន្រ្តីជំនាញនិងអាជ្ញាធរវិញ។

ជុំវិញករណីនេះ លោក ហែម ឧត្តម អ្នកប្រឹក្សាយោបល់ឯករាជ្យស្ដីពីការបម្រែបម្រួលអាកាសធាតុ ចាត់ទុកវិធានការអាជ្ញាធរខេត្ត និងក្រសួងបរិស្ថាន មានភាពយឺតយ៉ាវបន្តិច ក្នុងការបញ្ចៀសផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។ «ខ្ញុំយល់ថា គួរតែមានការសិក្សាឬចែករំលែកអ្វីដែលបានសិក្សារួចហើយ លើផលប៉ះពាល់បរិស្ថាន ក្នុងគម្រោងកែច្នៃផេះធ្យូងថ្ម រួមទាំងរោងចក្រគម្រោងអគ្គិសនីធ្យូងថ្មទាំងមូលផងដែរ ដើម្បីដឹងថាតើធ្យូងថ្មដែលគេយកមកជាប្រភេទអ្វី ទើបយើងដឹងថា សារធាតុគីមីក្នុងសំណល់វាជាអ្វី! ទើបយើងដឹងថា យើងគួរយកវាទៅកែច្នៃឬលក្ខខណ្ឌបច្ចេកទេស ...»។ នេះជាការបញ្ជាក់របស់លោក ឧត្តម ដែលបន្ថែមថា បើក្រសួងផ្លាស់ប្តូរទីតាំងថ្មីៗ ត្រូវរកទីតាំងណា ដែលកុំបង្កផលប៉ះពាល់ដល់បរិស្ថាន និងពលរដ្ឋទៀត។

ក្រុមហ៊ុនកែច្នេះសំណល់ផេះធ្យូងថ្ម ស៊ីម៉ា ចាប់ផ្ដើមដំណើរការនៅឆ្នាំ២០១៤ ប៉ុន្តែមិនការរៀបចំបច្ចេកទេសបិទជិត កុំឲ្យផេះធ្យូងថ្មហោះចេញក្រៅត្រឹមត្រូវឡើយ។ នេះបើតាមការលើកឡើងរបស់លោក ឃាង ភារម្យ អ្នកនាំពាក្យខេត្តព្រះសីហនុ។

ទាក់ទងនឹងការអនុញ្ញាតឲ្យក្រុមហ៊ុនស៊ីម៉ាដំណើរការ ក្រសួងបរិស្ថានក៏បានចុះសិក្សាពីផលប៉ះពាដល់ពលរដ្ឋដែរ ប៉ុន្តែកាលណោះមានផ្ទះពលរដ្ឋតែ៣គ្រួសារប៉ុណ្ណោះ ទើបអនុញ្ញាតឲ្យបើកដំណើរការ ។ ប៉ុន្តែបច្ចុប្បន្នពលរដ្ឋប្រមាណ៣០គ្រួសារបានរងផលប៉ះពាល់ ដោយសាររោងចក្រកែច្នេះនេះ។ នេះបើតាមបញ្ជាក់របស់លោក ហេង ណារ៉េត។

អ្នកជំនាញបរិស្ថាន ចាត់ទុកថា បញ្ហាខាងលើនេះជាបទពិសោធន៍អវិជ្ជមានមួយ សម្រាប់ក្រសួង និងស្ថាប័នរដ្ឋ ដែលអនុញ្ញាតឲ្យក្រុមហ៊ុន បើកដំណើរការកែច្នៃធ្យូងថ្ម ដោយខ្វះការសិក្សាស៊ីជម្រៅវែងឆ្ងាយ។បើតាមលោក ឧត្តម មិនមែនតែពលរដ្ឋ៣០គ្រួសារ ដែលរងផលប៉ះពាល់ធ្ងន់ធ្ងរនោះទេ ពោលគឺមានពលរដ្ឋច្រើនទៀត ដែលរងគ្រោះដោយប្រយោល។

ថ្លែងប្រាប់សារព័ត៌មានថ្មីៗ អ្នកស្រាវជ្រាវលើការបម្រែបម្រួលអាកាសធាតុរូបនេះ បាននិយាយដូច្នេះថា៖ «(ពលរដ្ឋ)ប្រមាណ៣០គ្រួសារនេះ អាចជាអ្នករងផលប៉ះពាល់ធ្ងន់ធ្ងរដែលយើងមើលឃើញនឹងភ្នែក ដែលផ្ទះគាត់(ពលរដ្ឋ)ពោពេញដោយផេះឬធូលីធ្យូងថ្ម។ នៅមានពលរដ្ឋផ្សេងទៀត ដែលរងផលប៉ះពាល់ដោយប្រយោល ព្រោះធូលីនៅលើអាកាសហោះហើរឆ្ងាយណាស់! នេះមិនគិតពីពលរដ្ឋបាត់បង់ចំណូលពីការនេសាទត្រីនៅតំបន់នោះផង សូម្បីត្រីក៏ងាប់និងលែងនៅតំបន់នោះបន្តទៀត»។

ពលរដ្ឋក្នុងឃុំចំនួន២ នៅស្រុកស្ទឹងហាវ គឺឃុំកំពេញ និងឃុំអូរត្រេះ ដែលមានប្រមាណ៣០គ្រួសារ បានរងផលប៉ះពាល់ដោយផ្ទាល់ ពីការកែច្នៃធ្យូងថ្មរបស់ក្រុមហ៊ុន ស៊ីម៉ា ។ នេះបើតាមអភិបាលស្រុកស្ទឹងហាវ លោក ឆាយ សុគន្ធដា ថ្លែងប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទ។

ការព្រួយបារម្ភ​អំពី​គ្រោង​រោងចក្រ​អគ្គិសនី​ធ្យូងថ្ម 


ក្នុងស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានរោងចក្រអគ្គិសនីធ្យូងថ្មចំនួន២ ដោយមានសំណល់ធ្យូងថ្មជិត៣០០តោនក្នុងមួយថ្ងៃ។ ក្នុងនោះប្រភេទFly ash ដែលជាប្រភេទផេះមានប្រមាណ២៥០តោន និង Bottom ash ប្រមាណ២៥តោន។ Fly ash ជាប្រភេទផេះធ្យូងថ្ម សម្រាប់យកទៅលាយបេទីម នៅតាមរោងចក្រក្រឡុកស៊ីម៉ងត៍ ព្រោះវាជួយការពារជម្រាបទឹក។ ចំណែក Bottom ash ជាសំណល់ធ្យូងដែលមានរាងជាដុំៗ អាចប្រើសម្រាប់ក្រាលជាគ្រឹះធ្វើផ្លូវ និងយកទៅកម្ទេចកែច្នៃបន្តទៀត។ នេះបើតាមការបញ្ជាក់របស់លោក ហេង ណារ៉េត អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។

លោក ហេង ណារ៉េត ក៏បង្ហាញពីការព្រួយបារម្ភពីការគ្រប់គ្រងសំណង់ធ្យូងថ្មនេះដែរ ខណៈមានគម្រោងរោងចក្រធ្យូងថ្ម២ទៀត គ្រោងនឹងសាងសង់នៅតំបន់ស្ទឹងហាវនេះ។ បើតាមលោក ណារ៉េត បច្ចុប្បន្នតម្រូវការផេះធ្យូងថ្មនៅកម្ពុជា ប្រមាណ២០ម៉ឺនតោនក្នុងមួយឆ្នាំ។

អនុរដ្ឋលេខាធិការក្រសួងបរិស្ថានរូបនេះ ថ្លែងយ៉ាងដូច្នេះថា៖ «យើងមានការព្រួយបារម្ភដែរ នៅពេលមានរោងចក្រធ្យូងថ្មពីរកំពុងសាងសង់បន្ថែមទៀត នឹងជួបបញ្ហា។ ពិសេស Bottom ash ហ្នឹង។ អ៊ីចឹងហើយបានយើងពិភាក្សាជាមួយក្រសួងជំនាញ ដើម្បីដោះស្រាយបញ្ហាហ្នឹង អាចនឹងយកទៅក្រាលធ្វើផ្លូវអ៊ីចឹងទៅ»។

ដោយមើលឃើញពីបញ្ហានេះលោក ហេង ណារ៉េត ជំរុញឲ្យអាជ្ញាធរខេត្ត កៀងគក្រុមហ៊ុនផ្សេងៗទៀត ឲ្យវិនិយោគលើការប្រមូលកាកសំណល់ផេះធ្យូងថ្ម ដើម្បីមានប្រកួតប្រជែង ប្រកបដោយគុណភាព និងតម្លាភាព។ ជាពិសេសត្រូវដោះស្រាយជាមួយក្រុមហ៊ុនស៊ីម៉ា ដែលទទួលបានសិទ្ធផ្ដាប់មុខលើការកែច្នៃធ្យូងថ្មនេះ។

«រឿងរ៉ាវនេះពិបាកត្រង់ថា រោងចក្រអគ្គិសនីធ្យូងថ្មទាំងអស់ នៅស្រុកស្ទឹងហាវ បានប្រគល់សិទ្ធិផ្ដាប់មុខឲ្យក្រុមស៊ីម៉ា ។ យ៉ាងក៏ដោយក្រសួងនិងអាជ្ញាធរខេត្តនឹងតាមដានដោះស្រាយបញ្ហានេះបន្តទៀត»។ នេះបើតាមលោក ណារ៉េត ដែលបានបន្ថែមថា ក្រុមហ៊ុន Minerva Investment Co,LDT Waste Project ជាក្រុមហ៊ុនរោងចក្រកែច្នៃ និងកម្ទេចចោលកាកសំណល់ឧស្សាហកម្ម លើផ្ទៃដី៣០ហិកតា ស្ថិតនៅស្រុកស្ទឹងហាវ ក៏ចាប់អារម្មណ៍លើគម្រោងច្នៃសំណល់ធ្យូងថ្មនេះដែរ។

ជុំវិញគម្រោងរោងចក្រធ្យូងថ្មនេះ អ្នកប្រឹក្សាយោបល់ឯករាជ្យស្ដីពីការបម្រែបម្រួលអាកាសធាតុ លោក ហែម ឧត្តម លើកឡើងថា ក្រសួងបរិស្ថាននិងអាជ្ញាធរពាក់ព័ន្ធ មិនបានបង្ហាញនិងចែករំលែកអំពីលទ្ធផលសិក្សាកន្លងមក ស្ដីពីផលប៉ះពាល់បរិស្ថាននិងពលរដ្ឋមូលដ្ឋាន ដល់សាធារណជនឲ្យបានដឹងទូលំទូលាយនៅឡើយទេ។ បើតាមលោក ឧត្តម ពលរដ្ឋត្រូវការដឹងអំពីបញ្ហាអភិវឌ្ឍន៍ទាំងនេះ ដើម្បីជៀសវាងជម្លោះទៅថ្ងៃមុខ។

អ្នកជំនាញបរិស្ថានរូបនេះ បានសង្កត់ធ្ងន់ថា៖ «ខ្ញុំមែនទែនទៅព្រួយបារម្ភខ្លាំង។ ខ្ញុំមិនជំទាស់ទេ ការអភិវឌ្ឍន៍ ព្រោះហេតុផលថា ដើម្បីកំណើនសេដ្ឋកិច្ច យើងត្រូវមានថាមពលគ្រប់គ្រាន់។ ប៉ុន្តែយើងគួរទាញយកថាមពលពីប្រភពណា។ អាហ្នឹងទើបជាបញ្ហា? ឥឡូវមិនមែនមានតែប្រភពថាមពលធ្យូងថ្មទេ វាអាចមានប្រភពស្អាតជាហ្នឹង ដូចជាសូឡា ខ្យល់ជាដើម ក្នុងសម័យវិវឌ្ឍន៍ខ្លាំងនេះ ហើយតម្លៃក៏អាចប្រកួតប្រជែងគ្នាបានទៀត»។

សម្រាប់លោក ឧត្តម ក្រសួងនិងអាជ្ញាធរពាក់ព័ន្ធ មិនត្រឹមតែខ្វះការចែករំលែកព័ត៌មានស្ដីពីផលប៉ះពាល់នោះទេ រួមទាំងខ្វះការសិក្សាបណ្ដុំគម្រោងទៀតផង ពោលគឺគម្រោងរោងចក្រអគ្គិសនីនៅផ្ដុំគ្នា ដែលអាចជះឥទ្ធិពលអាក្រក់ដល់ពលរដ្ឋនិងបរិស្ថាន។

ទោះបីកម្ពុជាមានគម្រោងក្នុងការកាត់បន្ថយការបម្រែបម្រួលក្តី ប៉ុន្តែរដ្ឋាភិបាលកម្ពុជាបានបន្តអនុញ្ញាតឲ្យបង្កើតរោងចក្រថាមពលធ្យូងថ្ម ជាប្រភេទថាមពលដ៏ខ្លាំងមួយក្នុងការជំរុញឲ្យមានការបម្រែបម្រួលអាកាសធាតុផងដែរ។ រោងចក្រធ្យូងថ្មនៅកម្ពុជា ដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យបង្កើតមាននៅស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ, ស្រុកបុទុមសាគរ ខេត្តកោះកុង និងស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

កាលពីឆ្នាំ២០២០ កម្ពុជាត្រូវការថាមពលអគ្គិសនី ៤ពាន់មេហ្គាវ៉ាត់ ក្នុងនោះថាមពលផលិតក្នុងស្រុកមាន២,៩៦៥ម៉េហ្គាវ៉ាត់ និងនាំចូលពីប្រទេសជិតខាងជាង១ពាន់មេហ្គាវ៉ាត់។ សម្រាប់ឆ្នាំ២០២១នេះ កម្ពុជាត្រូវការថាមពលនាំចូលប្រមាណ២៥ភាគរយបន្ថែមទៀតនៃថាមពលប្រើប្រាសសរុបប្រចាំថ្ងៃ។ នេះបើតយោងតាមផែនការថាមពលអគ្គិសនីឆ្នាំ២០១៩ របស់ក្រសួងរ៉ែ និងថាមពល និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាននិងអាស៊ីបូព៌ា ដែលបានព្យាករថា តម្រូវការថាមពលអគ្គិសនីនៅកម្ពុជា នឹងកើនឡើងជាមធ្យម៩ភាគរយ នៅចន្លោះឆ្នាំ២០១៥ដល់២០៤០៕

Tag:
 ក្រុមហ៊ុនធ្យូងថ្ម
© រក្សាសិទ្ធិដោយ thmeythmey.com