អន្តរជាតិ
នយោបាយអន្តរជាតិ
មន្ត្រីជប៉ុន៤នាក់ស្ថិតក្រោមការស៊ើបអង្កេតក្រោយទៅបាយល្ងាចជាមួយកូននាយករដ្ឋមន្ត្រី 04, Feb 2021 , 5:59 pm
នាយករដ្ឋមន្រ្តីជប៉ុន លោក ស៊ូហ្កា យូស៊ីហ៊ីដេ។ រូបភាព៖ Reuters
× ជប៉ុន កំពុងបើកការស៊ើបអង្កេតលើ មន្ត្រីជាន់ខ្ពស់នៃក្រសួងទូរគមនាគមន៍យ៉ាងហោចណាស់ ៤រូប បន្ទាប់ពីទស្សនាវដ្តីក្នុងស្រុកមួយបានចុះផ្សាយថា មន្ត្រីទាំង ៤រូបនេះ បានបរិភាគអាហារពេលល្ងាចជាមួយកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីលោក ស៊ូហ្កា យូស៊ីហ៊ីដេ ដែលជាអ្នកធ្វើការនៅក្នុងក្រុមហ៊ុនប្រព័ន្ធផ្សាព្វផ្សាយ Tohokushinsha Film។ នេះបើតាមការបញ្ជាក់របស់ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន នៅថ្ងៃទី៤ ខែកុម្ភៈ។
ទស្សនាវដ្តីជប៉ុន Shukan Bunshun នៅថ្ងៃទី៣ ខែកុម្ភៈ បានចុះផ្សាយថា មន្ត្រីក្រសួងទូរគមនាគមន៍ ត្រូវបាននាំទៅបរិភោគអាហារពេលល្ងាចនៅក្នុងភោជនីយដ្ឋានជាច្រើន នៅក្នុងទីក្រុងតូក្យូ និងត្រូវបានផ្តល់អំណោយដោយកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រីជប៉ុន ស៊ូហ្កា យូស៊ីហ៊ីដេ ដែលជាអ្នកធ្វើការនៅក្រុមហ៊ុនផ្សព្វផ្សាយTohokushinsha Film ជាច្រើនលើកនៅចន្លោះខែតុលា ដល់ខែធ្នូ។
នៅក្នុងច្បាប់ក្រមសីលធម៌មន្ត្រីស៊ីវិលជប៉ុន មន្ត្រីរដ្ឋាភិបាលថ្នាក់កណ្តាល ត្រូវហាមឃាត់ពីការទទួលអំណោយ ឬសេវាកម្សាន្តណាមួយពីបុគ្គលឯកជន ឬក្រុមហ៊ុនឯកជន ដើម្បីបញ្ចៀសការស្វែងរកផលប្រយោជន៍ផ្សេងៗ រវាងភាគីទាំងពីរ។
ទាក់ទិននឹងការចុះផ្សាយនេះ លោកស៊ូហ្កា បានឆ្លើយសំណួរនៅក្នុងសភាយ៉ាងដូច្នេះថា៖ « មិនថានរណាពាក់ព័ន្ធនឹងរឿងនេះទេ ខ្ញុំចង់ឱ្យក្រសួងត្រួតពិនិត្យការពិតឱ្យបានម៉ត់ចត់ និងឆ្លើយតបដោយផ្អែកលើមូលដ្ឋានច្បាប់»។ បើតាមការបញ្ជាក់របស់ប្រធានលេខាធិការគណៈរដ្ឋមន្ត្រីជប៉ុន លោក Katsunobu Kato ព័ត៌មានលម្អិតកំពុងត្រូវបានស៊ើបអង្កេតនៅក្រសួងមហាផ្ទៃ និងក្រសួងទំនាក់ទំនង ដោយសហការជាមួយអាជ្ញាធរបុគ្គលិកជាតិ។ បើតាមលោក Kato បើសិនបើរឿងនេះ គឺជាការពិត វានឹងបំផ្លាញទំនុកចិត្តរបស់សាធារណៈ ហើយក្រសួងយុត្តិធម៌ នឹងចាត់វិធានការលើបញ្ហាខាងលើ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន The Japan Times។
បន្ទាប់ពីមានព័ត៌មាថា មានការជួបជុំរវាងមន្ត្រីទូរគមនាគមន៍ និងបុគ្គលិកក្រុមហ៊ុនរបស់ខ្លួន ក្រុមហ៊ុន Tohokushinsha Film បានចេញសេចក្តីថ្លែងការណ៍សុំទោសជាសាធារណៈថា ក្រុមហ៊ុនខ្លួន បានបង្កឱ្យមានបញ្ហាជាច្រើន និងបង្កឱ្យមានកង្វល់សម្រាប់អ្នកពាក់ព័ន្ធ។ បើតាមក្រុមហ៊ុនឯកជនមួយនេះ ក្រុមហ៊ុន នឹងចាត់វិធានការឱ្យបានសមស្រប បន្ទាប់ពីមានការស៊ើបអង្កេតលើអ្វីដែលបានកើតឡើង។
សូមបញ្ជាក់ថា ក្នុងមួយរយៈចុងក្រោយនេះ លោកនាយករដ្ឋមន្ត្រីស៊ូហ្កា បានធ្លាក់ចុះប្រជាប្រិយភាពយ៉ាងខ្លាំង ដោយសារតែដោះស្រាយបញ្ហាកូវីដ-១៩ យឺតពេល និងសមាជិកសភាចេញពីបក្សប្រជាធិបតេយ្យសេរី (LDP) បំពានបម្រាមកូវីដ-១៩ជាដើម។ តាមការស្ទង់មតិកាសែត Asahi Shimbun បានបង្ហាញថា ការគាំទ្ររបស់លោក ស៊ូហ្កា បានធ្លាក់ចុះពី ៣៩ភាគរយ នៅក្នុងខែធ្នូ ឆ្នាំ២០២០ មកត្រឹម ៣៣ភាគរយប៉ុណ្ណោះ នៅក្នុងខែមករា ឆ្នាំ២០២១ ៕
© រក្សាសិទ្ធិដោយ thmeythmey.com