ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ បានស្នើឲ្យក្រសួងអប់រំ យុវជន និង កីឡា ពិនិត្យលទ្ធភាពក្នុងការអប់រំច្បាប់ចរាចរណ៍ ដល់សិស្សនៅគ្រប់កម្រិត ជាពិសេសពីថ្នាក់មេត្តយ្យដល់ថ្នាក់ទី១២ ដើម្បីឲ្យពួកគេយល់ច្បាស់ពីច្បាប់ចរាចរណ៍។
ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០២០ និងលើកទិសដៅការងារឆ្នាំ២០២១ នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេច ស ខេង បានថ្លែងថា ការអប់រំច្បាប់ចរាចរណ៍ជារឿងដ៏សំខាន់សម្រាប់ឲ្យសិស្សានុសិស្សគ្រប់កម្រិតទាំងអស់យល់ដឹងកាន់តែច្បាស់ មុននឹងឲ្យពួកគេអាចបើកបរយានយន្តនៅថ្ងៃអនាគតដោយមានការប្រុងប្រយ័ត្ន។ ប្រសាសន៍របស់សម្តេច ត្រូវបានដកស្រង់យកទៅចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូការរបស់ក្រសួងមហាផ្ទៃ។
សម្តេចរដ្ឋមន្ត្រី មានប្រសាសន៍ថា៖«យើងត្រូវគិតឲ្យបានវែងឆ្ងាយ អនាគតកូនចៅយើងនឹងក្លាយជាអ្នកប្រើប្រាស់យានយន្ត។ ដូច្នេះប្រសិនបើយើងបង្កើន និងពង្រីកការអប់រំចាប់ពីថ្នាក់មត្តេយ្យទៅ នោះនឹងអាចឲ្យសិស្សទាំងអស់ទទួលបាននូវចំណេះដឹងពីច្បាប់ចរាចរណ៍កាន់តែច្បាស់ ហើយមានការប្រុងប្រយ័ត្នកាន់តែខ្ពស់ផងដែរ»។
រដ្ឋមន្ត្រីមហាផ្ទៃ បានជំរុញគ្រូបង្រៀនថ្នាក់មេត្តយ្យ ឲ្យបង្រៀននិមិត្តសញ្ញាចរាចរណ៍ងាយៗ សម្រាប់ឲ្យសិស្សតូចឆាប់យល់ពីច្បាប់ចរាចរណ៍។ ប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោគ ថ្លែងដូច្នេះថា៖«ព្រោះតែសន្ទុះនៃការរីកចំរើនរបស់ប្រទេសកម្ពុជានឹងមានផ្លូវខ្វាត់ខ្វែងកាន់តែច្រើនមិនថាតែនៅទីក្រុង ឬក៏ជនបទនោះទេ ដូច្នេះចាំបាច់បំផុតត្រូវតែយល់ដឹងអំពីច្បាប់ចរាចរណ៍ផ្លូវគោក»។
លោក រស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំបានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗតាមតេឡេក្រាមថា ក្រសួងអប់រំនឹងត្រួតពិនិត្យលទ្ធភាពអប់រំច្បាប់ចរាចរណ៍ដល់សិស្សបន្ថែមទៀត។ លោក បញ្ជាក់ថា កន្លងមកក្រសួងអប់រំបានរៀបចំ និងចងក្រងសៀវភៅស្តីពី«ការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក»សម្រាប់សិស្សថ្នាក់ទី១ ដល់ទី៩ ដែលបោះពុម្ពផ្សាយក្នុងឆ្នាំ២០០៦។
លោក បន្តថា ខ្លឹមសារមេរៀនច្បាប់ចរាចរណ៍នេះក៏បានបញ្ចូលក្នុងកម្មវិធីសិក្សារបស់សិស្សថ្នាក់ទី១ ដល់ថ្នាក់ទី៩ផងដែរ ហើយចំពោះសិស្សថ្នាក់ទី១០ និងទី១២ ក្រសួងធ្វើឡើងជាវេទិកាផ្សព្វផ្សាយការអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដោយសហការជាមួយនឹងក្រសួងមហាផ្ទៃ គ្រប់ភាគីពាក់ព័ន្ធ និងគណៈកម្មការអន្តរក្រសួង។
អ្នកនាំពាក្យក្រសួងអប់រំរូបនេះ បានឲ្យដឹងទៀតថា កន្លងមកក្រសួងក៏បានអប់រំនៅតាមសាលារៀនទូទាំងប្រទេស និងបានបណ្តុះបណ្តាលគ្រូផ្នែកច្បាប់ចរាចរណ៍ចប់សព្វគ្រប់ក្នុងឆ្នាំ២០០៩។ លោកបន្តថា ក្រសួងអប់រំក៏កំពុងដាក់បញ្ជូលមេរៀនផ្នែកច្បាប់ចរាចរណ៍ក្នុងមុខវិជ្ជាសិក្សាសង្គមផងដែរ។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក៏បានមានប្រសាសន៍ដែរថា កន្លងមកអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍រាជធានីខេត្តបានអប់រំផ្សព្វផ្សាយស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកដល់គ្រូបង្រៀន សិស្ស មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងពលរដ្ឋចំនួនជិត៤៥ម៉ឺននាក់ និងបានចែកឯកសារពាក់ព័ន្ធនឹងច្បាប់ចរាចរណ៍ចំនួន១,២ម៉ឺនសន្លឹក។
សូមបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៍បានកើតឡើងក្នុងឆ្នាំ២០២០មានចំនួនជាង៣ពាន់លើក ដែលបណ្តាលឲ្យមនុស្សស្លាប់ចំនួនជាង១ពាន់នាក់ របួសស្រួលជាង៤ពាន់នាក់ និងរងរបួសធ្ងន់ជាងជិត៣ពាន់នាក់។ តាមរបាយការណ៍គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០២០ អ្នកស្លាប់ភាគច្រើននៅរាជធានីភ្នំពេញ ខេត្តកណ្តាល និង ខេត្តកំពង់ធំ។
បើតាមរបាយការណ៍ដដែល ក្នុងប្រតិបត្តិការរឹតបន្តឹងការអនុវត្តច្បាប់តាមរយៈការដំឡើងប្រាក់ផាកពិន័យក្នុងឆ្នាំ២០២០ សមត្ថកិច្ចបានរកឃើញយានយន្តលើ្មសច្បាប់ជាង២០ម៉ឺនគ្រឿង ក្នុងនោះម៉ូតូជាង១៨ម៉ឺនគ្រឿង និងរថយន្តជាង៥ពាន់គ្រឿង ដោយប្រមូលបានថវិកាដែលទទួលបានពីការផាកពិន័យមានចំនួន២៥ប៊ីលានរៀល៕