អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ពលរដ្ឋមីយ៉ាន់ម៉ាធ្វើបាតុកម្មថ្ងៃទី២ ប្រឆាំងរដ្ឋប្រហារយោធា
07, Feb 2021 , 3:40 pm        
រូបភាព
ពលរដ្ឋមីយ៉ាន់ម៉ាបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា។ រូបភាព៖AFP
ពលរដ្ឋមីយ៉ាន់ម៉ាបាតុកម្មប្រឆាំងរដ្ឋប្រហារយោធា។ រូបភាព៖AFP
 
ពលរដ្ឋមីយ៉ាន់ម៉ារាប់ម៉ឺននាក់នៅទីក្រុងយ៉ាំងហ្គោន នាថ្ងៃទី៧ ខែកុម្ភៈ ធ្វើបាតុម្មថ្ងៃទី២ ប្រឆាំងនឹងរដ្ឋប្រហារយោធា ដែលដណ្តើមអំណាចពីរដ្ឋាភិបាលស៊ីវិល។ ក្រៅពីបាតុកម្មនៅទីក្រុងពាណិជ្ជកម្មយ៉ាំងហ្គោន ក៏មានផងដែរបាតុកម្មនៅតាមរដ្ឋ ក៏ដូចជាក្រុងឯទៀតនៅទូទាំងប្រទេស។ ពលរដ្ឋមីយ៉ាន់ម៉ា ជម្នះធ្វើបាតុកម្មបើទោះបីជាយោធារឹតបន្តឹងការប្រើប្រាស់បណ្តាញសង្គមក្តី។


នៅព្រឹកថ្ងៃទី៧ ខែកុម្ភៈ ពលរដ្ឋមីយ៉ាន់ម៉ានៅគ្រប់ច្រកល្ហកទាំងអស់នៃក្រុងយ៉ាំងហ្គោនបានមកជួបជុំគ្នានៅចំណុចប្រសព្វHledan ដោយនាំគ្នាដើរតាមដងវិថីក្រោមកម្តៅថ្ងៃដ៏ក្តៅ។ ការជួបជុំនេះ ត្រូវបានមើលឃើញថាជាបាតុកម្មដែលមានមនុស្សចូលរួមច្រើនជាងបាតុកម្មឆ្នាំ២០០៧ប្រឆាំងរបបយោធា ដែលដឹកនាំដោយព្រះសង្ឃ។ នេះយោងតាមទីភ្នាក់ងារព័ត៌មានReuters។

«យើងមិនចង់បានយោធាផ្តាច់ការ។ យើងចង់បានប្រជាធិបតេយ្យ»។ នេះជាសម្រែករបស់ពលរដ្ឋមីយ៉ាន់ម៉ា ដោយអ្នកខ្លះគ្រវីទង់បក្សសម្ពន្ធជាតិដើម្បីប្រជាធិបតេយ្យ(NLD) ខ្លះទៀតលើកម្រាមដៃបីឡើងលើជាសញ្ញាប្រឆាំង ចំណែកអ្នកបើករថយន្តស៊ីផ្លេ រីឯអ្នកអង្គុយពីក្រោយលើករូបថតលោកស្ រីអ៊ុងសាន ស៊ូជី ដែលជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា។ យោងតាមអ្នកនាំពាក្យបក្ស NLD លោកស្រី អ៊ុងសាន ស៊ូជី បន្តស្ថិតក្រោមការឃុំឃាំងក្នុងផ្ទះ និងមានសុខភាពល្អ។

ក្រៅពីទីក្រុងពាណិជ្ជកម្មយ៉ាំងហ្គូន ពលរដ្ឋមីយ៉ាន់ម៉ាជាងមួយរយនាក់បានចេញធ្វើបាតុម្មនៅក្រុង Mawlamyine ភាគអាគ្នេយ៍ប្រទេស ចំណែកនៅក្រុងMandalay ភាគកណ្តាលប្រទេសវិញ និស្សិត និងគ្រូពេទ្យជួបជុំគ្នាមិនទៅសាលា និងមន្ទីរពេទ្យ។ នៅរដ្ឋ Karen វិញ ពលរដ្ឋរាប់រយនាក់នៅក្រុងPayathonzu បាន ព័ទ្ធស្នងការប៉ូលិស ទីដែលបាតុករជឿថាតំណាងរាស្ត្របក្ស NLD ត្រូវបានឃុំខ្លួន។ ពលរដ្ឋទាំងនោះបន្តស្រែកច្រៀងរហូតដល់ព្រឹកថ្ងៃទី៧ ខែកុម្ភៈ។

ប៉ុន្តែគ្មានឡើយបាតុកម្មនៅរដ្ឋធានីណៃពិដោ ទីដែលរដ្ឋប្រហារកើតឡើង។ ចំណែកយោធា ក៏ពុំធ្វើសេចក្តីថ្លែងការណ៍អ្វីដែរពីបាតុកម្មទាំងនោះ។ រដ្ឋធានីណៃពិដោ មានចំងាយ៣៥០គីឡូម៉ែត្រភាគជើងពីទីក្រុងយ៉ាំងហ្គោន។

លោកThu Thu បាតុករមួយរូបនិយាយថាបើយោធាបន្តគ្រប់គ្រងប្រទេសទៀត នោះពួកគេនឹងរឹតត្បិតបន្ថែមទៀតលើការអប់រំ ពាណិជ្ជកម្ម និងសុខាភិបាល។ បុរស រូបនេះអះអាងថាហេតុនេះហើយទើបលោកចេញមកធ្វើបាតុកម្ម។ បុរសវ័យ៥៧រូបនេះ ធ្លាប់បានក្រុមយោធាចាប់ខ្លួនម្តងក្នុងបាតុកម្មប្រឆាំងរបបយោធានៅទសវត្សរ៍១៩៨០។ ចំណែកយុវជនវ័យ២២ឆ្នាំមួយរូបទៀត ដែលមកជាមួយមិត្តភ័ក្តិ១០នាក់ និយាយថាពួកគេមិនអាចទទួលយករដ្ឋប្រហារនេះបានឡើយ។

លើការបិទអ៊ីនធឺណិត និងបណ្តាញសង្គមនៅមីយ៉ាន់ម៉ានេះ លោកThomas Andrews អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកមីយ៉ាន់ម៉ា និយាយថាក្រុមឧត្តមសេនីយ៍មានបំណងបង្អាក់ចលនាប្រឆាំងរបស់ប្រជាជន និងផ្តាច់ប្រជាជនមីយ៉ាន់ម៉ាពីពិភពលោកខាងក្រៅ។ លោក Andrews និយាយថាយោធាបានឃុំខ្លួនមនុស្សយ៉ាងហោចណាស់១៦០ក្រោយរដ្ឋប្រហារ៕


Tag:
 មីយ៉ាន់ម៉ា
  UN
© រក្សាសិទ្ធិដោយ thmeythmey.com