អន្តរជាតិ
ក្នុងការសន្ទនាដំបូង លោក ស៊ី ប្រាប់លោក បៃឌិន ឱ្យប្រយ័ត្នរឿងហុងកុង ស៊ីនជាំង និងតៃវ៉ាន់
11, Feb 2021 , 8:59 pm        
រូបភាព
លោក ចូ បៃឌិន កាលនៅជាអនុប្រធានាធិបតីអាមេរិកចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបឆ្នាំ២០១៣ ។ រូបថត AFP
លោក ចូ បៃឌិន កាលនៅជាអនុប្រធានាធិបតីអាមេរិកចាប់ដៃប្រធានាធិបតីចិន ស៊ី ជិនភីង នាជំនួបឆ្នាំ២០១៣ ។ រូបថត AFP
ដោយ:
ប្រធានាធិបតីអាមរិកចូ បៃឌិន និងលោកប្រធានាធិបតីចិនស៊ី ជិនភីង បានសន្ទនាគ្នាតាមទូរសព្ទជាលើកដំបូងនៅថ្ងៃទី១០ខែកុម្ភៈ។ បញ្ហាជារសើបដូចជាតៃវ៉ាន់ ហុងកុង និងសិទ្ធិមនុស្សនៅស៊ីនជាំង ជាប្រធានបទសំខាន់។ កិច្ចសន្ទនារវាងមេដឹកនាំមហាអំណាចពិភពលោកទាំងពីរ ធ្វើឡើងបន្ទាប់ពីលោកបៃឌិន បញ្ជាឱ្យក្រសួងការពារជាតិពិនិត្យគោលនយោបាយអាមេរិកក្នុងទំនាក់ទំនងជាមួយចិន។
 
លោក ស៊ី ជិនភីង ជាមេដឹកនាំប្រទេសមហាអំណាចចុងក្រោយគេមួយ ដែលនិយាយតាមទូរសព្ទជាមួយលោក ចូ បៃឌិន ។ ការសន្ទនានេះធ្វើឡើង៣សប្តាហ៍ក្រោយលោក បៃឌិន ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក។ មុនសន្ទនាជាមួយថ្នាក់ដឹកនាំចិន លោក បៃឌិន បានចរចាតាមទូរសព្ទជាមួយថ្នាក់ដឹកនាំកាណាដា បារាំង អង់គ្លេស ជប៉ុន ឥណ្ឌា អាល្លឺម៉ង់ និងរុស្ស៊ីផង។
 
 
ក្នុងកិច្ចសន្ទនាមុនបុណ្យចូលឆ្នាំចិន ប្រធានាធិបតីអាមេរិក បានលើកឡើងពីការធ្វើពាណិជ្ជកម្មបែបគំរាម និងអយុត្តិធម៌របស់ចិន។ នេះបើតាមសេចក្តីថ្លែងការណ៍របស់សេតវិមាននៅថ្ងៃទី១០ ខែកុម្ភៈ។ លោក បៃឌិន ក៏និយាយផងដែរពីការបង្ក្រាបនៅហុងកុង ការរំលោភសិទ្ធិមនុស្សលើក្រុមជនជាតិភាគតិចមូស្លីមវីហ្គ័រនៅតំបន់ស៊ីនជាំង សកម្មភាពរបស់ចិនទៅលើតៃវ៉ាន់ និងសកម្មភាពកាន់តែកម្រោលឡើង និងការពង្រីកអំណាចយោធារបស់ចិននៅក្នុងតំបន់។
 
«ខ្ញុំលើកឡើងពីក្តីបារម្ភ លើការអនុវត្តពាណិជ្ជកម្មរបស់ចិន ការរំលោភសិទ្ធិមនុស្ស និងការគំរាមលើតៃវ៉ាន់»។ នេះជាការបញ្ជាក់របស់លោក បៃឌិន ក្នុងសន្និសីទសារព័ត៌មាននាក្រសួងការពារជាតិនៅពេលក្រោយមក។ ប្រមុខរដ្ឋអាមេរិក និយាយថា លោកនឹងធ្វើការជាមួយចិន ដើម្បីបម្រើប្រយោជន៍ប្រជាជនអាមេរិក។
 
ចំណែកលោក ស៊ី វិញនិយាយថា ការប្រឈមមុខដាក់គ្នារវាងចិន និងអាមេរិក ជាមហន្តរាយសម្រាប់ពិភពលោក ហើយប្រទេសទាំងពីរត្រូវតែស្រោចស្រង់ឡើងវិញមធ្យោបាយទំនាក់ទំនងដើម្បីបញ្ចៀសការយល់ច្រឡំ និងការមិនចុះសម្រុងគ្នា។ បន្ថែមពីនេះ ប្រមុខរដ្ឋចិន ក៏ប្រាប់អាមេរិកផងដែរឱ្យប្រយ័ត្នប្រយែងលើបញ្ហាតៃវ៉ាន់ ហុងកុង និងស៊ីនជាំងដែលសុទ្ធតែជារឿងទាក់ទងទៅនឹងអធិបតេយ្យ និងបូរណភាពដែនដីចិន។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋចិន។
 
ជាមួយគ្នានេះ លោក ស៊ី ក៏សង្កត់ធ្ងន់ពីសារសំខាន់កិច្ចសហប្រតិបត្តិការអាចជួយប្រទេសទាំងពីរ និងពិភពលោកទាំងមូលសម្រេចគោលបំណងរួម។ បើតាមមេដឹកនាំចិន មានតែកិច្ចសហប្រតិបត្តិការប៉ុណ្ណោះដែលជាជម្រើសត្រឹមត្រូវ។
 
ក្រៅពីបញ្ហាទាំងអស់នេះ មេដឹកនាំប្រទេសអំណាចទាំងពីរ ក៏ជជែកពីបញ្ហាសំខាន់ៗផ្សេងទៀតដែលអនុញ្ញាតឱ្យភាគីទាំងពីរពង្រីកកិច្ចសហប្រតិបត្តិការដូចជាសុខាភិបាលសាកល បម្រែបម្រួលអាកាសធាតុ និងការបង្ការការសាយភាយអាវុធនុយក្លេអ៊ែរ។
 
សូមរំឭកថា រដ្ឋបាលលោក បៃឌិន អះអាងកន្លងថា នឹងពិភាក្សាជាមួយសម្ពន្ធមិត្ត និងដៃគូយុទ្ធសាស្ត្រជាមុនសិនដើម្បីរកផ្លូវតទឡ់ជាមួយគូប្រជែងដូចជារុស្ស៊ី ឬចិនជាដើម។ ក្នុងទស្សនកិច្ចទៅមន្ទីរបញ្ចកោណនៅថ្ងៃទី១០ ខែកុម្ភៈ លោកបៃឌិន បានចេញបញ្ជាឱ្យពិនិត្យឡើងវិញយុទ្ធសាស្ត្ររបស់អាមេរិកក្នុងទំនាក់ទំនងជាមួយចិន ជាពិសេសលើវិស័យចារកម្ម បច្ចេកវិទ្យា និងវត្តមាននៃកងទ័ពអាមេរិកក្នុងតំបន់។ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin ធ្លាប់បានបង្ហើបថា ការតទល់ទៅនឹងចិន ជាអាទិភាពដំបូងបង្អស់នៃវិស័យការពារជាតិអាមេរិក។ លោក Austin ក៏បានបង្កើតក្រុមការងារដើម្បីពិនិត្យលើយុទ្ធសាស្ត្រយោធាដែលពាក់ព័ន្ធជាមួយចិន៕
 
 
 

Tag:
 អាមេរិក
  ចិន
  ចូ បៃឌិន
  ស៊ី ជិនភីង
© រក្សាសិទ្ធិដោយ thmeythmey.com