ជាតិ
ស្ពៃក្ដោប ស្ពៃបូកគោ និងការ៉ុត ក្នុងខេត្តមណ្ឌលគិរី នៅរក្សាតម្លៃថេ នៅចូលឆ្នាំចិន
13, Feb 2021 , 11:29 am        
រូបភាព
ដោយ:
តម្លៃបន្លែក្នុងសហគមន៍បន្លែសុវត្ថិភាពមនោរម្យខេត្តមណ្ឌលគិរី នៅតែមានតម្លៃថេរ នាថ្ងៃចូលឆ្នាចិននេះ ។ ក្នុងនោះស្ពៃក្ដោប ស្ពៃបូកគោ និងការ៉ុត ដែលជាបន្លែពេញនិយមក្នុងឱកាសបុណ្យចូលឆ្នាំចិន នៅតែមានតម្លៃពី ៤ ០០០រៀល ទៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាម ។
 
លោក ឃ្លោក ថេង ជាកសិករដាំស្ពៃក្ដោប ស្ពៃបូកគោ និងការ៉ុត ស្ថិតក្នុងភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ កសិករវ័យ៥៤ឆ្នាំរូបនេះ បានប្រាប់សារព័ត៌មានThmeyThmey25 តាមទូរសព្ទថា ទីផ្សារបន្លែដែលលោកដាំនៅតែមានតម្លៃថេរទោះជារដូវបុណ្យទានក៏ដោយ ដោយស្ពៃក្ដោប និងស្ពៃបូកគោ តម្លៃ ៤ ០០០រៀល ទៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាម និងការ៉ុតតម្លៃ ៤ ៥០០រៀលក្នុងមួយគីឡូក្រាម។
 
កសិករ ឃ្លោក ថេង បន្តថា រូបលោកជាសមាជិកសហគមន៍បន្លែសុវត្ថិភាពមនោរម្យ ដូច្នេះមានការចុះកុងត្រាជាមួយក្រុមហ៊ុន ដើម្បីផលិតបន្លែទៅតាមតម្រូវការរបស់ក្រុមហ៊ុនដែលទទួលបានតម្លៃមួយសមរម្យ។ លោក ប្រាប់យ៉ាងដូច្នេះ៖«ទីផ្សារបន្លែនៅតែទូលាយ ទោះជារដូវបុណ្យទានក៏ដោយក៏នៅតែមានតម្លៃថែរ ព្រោះមានកិច្ចសន្យាជាមួយក្រុមហ៊ុន តែនៅរដូវវស្សាបន្លែខ្ពស់ជាងប្រាំង»។ 
 
កសិករដែលមានបទពិសោធ១០ឆ្នាំក្នុងការដាំបន្លែរូបនេះ បានពន្យល់ថា តម្លៃបន្លែនៅរដូវវស្សាខ្ពស់ជាងរដូវប្រាំងព្រោះនៅរដូវវស្សាបន្លែពិបាកដាំជាងនៅរដូវប្រាំងនិងទទួលបានផលទាប ដូច្នេះស្ពៃ និងការ៉ុត ជាដើមអាចលក់បានតម្លៃ ៨ ០០០រៀលទៅ ១០ ០០០រៀលក្នុងមួយគីឡូក្រាម។


ខ្ទឹមបារាំង(រូបពីហ្វេសប៊ុក វេង សាខុន)
 
រីឯកសិករ មុយ រ៉ាដូ ជាអ្នកដាំបន្លែចម្រុះស្ថិតក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី និងមានហាងបន្លែធម្មជាតិនៅរាជធានីភ្នំពេញផ្ទាល់បានប្រាប់ThmeyThmey25ថា តម្លៃបន្លែដែលលោកដាំ និងលក់ក្នុងហាងរបស់លោកមិនឡើងថ្លៃនោះទេ ដ្បិតជិតដល់ថ្ងៃបុណ្យចូលឆ្នាំចិនក៏ដោយ។ សម្រាប់តម្លៃស្ពៃក្ដោបលក់ក្នុងតម្លៃ ៤ ០០០រៀល ទៅ ៥ ០០០រៀលក្នុងមួយគីឡូក្រាម និងការ៉ុតលក់ក្នុងតម្លៃ ៦ ០០០រៀលក្នុងមួយគីឡូក្រាម ចំពោះបន្លែផ្សេងៗក៏លក់ក្នុងតម្លៃធម្មតា។ នេះបើតាមលោក រ៉ាដូ។
 
ដោយឡែកលោក ភិន ភន ជាអ្នកដាំបន្លែនិងជាប្រធានសហគមន៍បន្លែសុវត្ថិភាពមនោរម្យ ខេត្តមណ្ឌលគិរី បានប្រាប់សារព័ត៌មានThmeyThmey25ថា ការបង្កើតសហគមន៍បន្លែសុវត្ថិភាពនេះឡើងគឺដើម្បីទប់ស្កាត់ការឡើងចុះនៃតម្លៃបន្លែក្នុងតំបន់ និងរក្សាបានតម្លៃមួយសមរម្យសម្រាប់កសិករ។ ប្រធានសហគមន៍រូបនេះបានប្រាប់ថា៖«ទោះជារដូវណាក៏ដោយតម្លៃបន្លែក្នុងសហគមន៍នៅក៏ថេរលើកលែងនៅរដូវវស្សាតម្លៃបន្លែខ្ពស់ជាងនៅរដូវប្រាំង។ មួយវិញទៀតនៅខែមួយខែពីរបន្លែអាចធ្លាក់ថ្លៃបន្តិច ព្រោះជារដូវសម្បូរ»។
 
ទោះមានបញ្ហាខ្លះៗតែនេះមិនមែនជាឧបសគ្គសម្រាប់ទីផ្សារបន្លែក្នុងសហគមន៍នោះទេ ដោយក្នុងមួយថ្ងៃៗសហគមន៍តែងនាំចេញបន្លែដើម្បីផ្គត់ផ្គង់លើទីផ្សារពី ៨០០គីឡូក្រាម ទៅ ១តោនក្នុងមួយថ្ងៃ ហើយសម្រាប់រដូវបុណ្យចូលឆ្នាំចិនកសិករបានបង្កើនការផលិត ដោយរក្សាតម្លៃដដែល។ ដូច្នេះសហគមន៍អាចនាំចេញបន្លែប្រមាណ១តោនទៅ២តោនក្នុងមួយថ្ងៃទៅក្រុងសែនមនោរម្យ និងតាមតំបន់ផ្សេងៗ។ នេះជាការលើកឡើងរបស់លោក ភិន ភន៕


បន្លែស្ពៃក្ដោបរបស់កសិករក្នុងខេត្តមណ្ឌលគិរី(រូបភាពពីលោក វេង សាខុន)


រូបភាពពីលោក វេង សាខុន



Tag:
 ស្ពៃក្ដោប
 ស្ពៃបូកគោ
 ការ៉ុត
© រក្សាសិទ្ធិដោយ thmeythmey.com