ជាតិ
គោយន្ត កា្លយជាមធ្យោបាយសំខាន់មួយ សម្រាប់ដឹកភ្ញៀវទស្សនាសត្វស្លាប ក្នុងរដូវវស្សា
14, Feb 2021 , 9:59 pm        
រូបភាព
ដោយ៖ ស៊ុល រ៉វី
 
ព្រះវិហារ៖ គោយន្ត ជាមធ្យោបាយថ្មីមួយក្នុងការដឹកអ្នកដំណើរ ទស្សនាសត្វស្លាបក្នុងតំបន់ការពារ នារដូវស្សា។ លោក សាង មុនី ជាអ្នកនាំភ្ញៀវទស្សនាសត្វស្លាបបញ្ជាក់ថា៖ «គោយន្តផ្ដល់ភាពកាន់តែងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការធ្វើដំណើរទស្សនាសត្វស្លាប ក្នុងតំបន់សត្វស្លាបនានា ក្នុងរដូវវស្សា តែចំណាយពេលច្រើនជាង បើប្រៀបធៀបនឹងរថយន្ត ឬម៉ូតូ»។

 
ដើម្បីជ្រាបកាន់តែច្បាស់ សូមអញ្ជើញលោកអ្នកនាង ទស្សនាបទសម្ភាសរវាងលោក ស៊ុល រ៉វី អ្នកសារព័ត៌មាន ThmeyThmey25 និង លោក សាង មុនី អ្នកនាំភ្ញៀវទស្សនាសត្វស្លាបនៃក្រុមហ៊ុនសំ វាសនា ខន់សឺវេសិនធួរ ដូចតទៅ៖ 

 
 
ជាអ្នកនាំភ្ញៀវទស្សនាសត្វស្លាប ក្នុងដែនការពារធម្មជាតិនានាក្នុងប្រទេស លោក សាង មុនី លើកឡើងថា នៅក្នុងរដូវវស្សាការធ្វើដំណើរជូនភ្ញៀវទស្សនាសត្វស្លាប មានភាពលំបាក និងមិនអាចធ្វើដំណើរតាមរថយន្ត ឬម៉ូតូបាន ក្នុងតំបន់ខ្លះ។ ដោយមើលឃើញពីផលលំបាកក្រុមហ៊ុនសំ វាសនា ខន់សឺវេសិនធួរ ក៏មានគំនិតកែច្នៃនេះ គោយន្តមានកៅអីសម្រាប់ភ្ញៀវទេសចរអង្គុយ ដែលជាជំនួយបន្ថែមក្នុងការធ្វើដំណើរចូលទស្សនាសត្វស្លាប។
លោក សាង មុនី  ប្រាប់សារព័ត៌មានThmeyThmey25ដូច្នេះថា៖ «ការបង្កើតថ្មីនេះ មិនត្រឹមតែបង្កភាពងាយស្រួលទេ គឺក្នុងគោលបំណងដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈគំនិតបង្កើតថ្មីៗប្លែកៗ ដើម្បីទាក់ទាញពួកគាត់មកមើលសត្វស្លាបតាមតំបន់ការពារ និងបង្កើតការងារដល់សហគមន៍ក្នុងតំបន់ការពារផងដែរ»។
 
ជុំវិញការផ្ដល់ការងារដល់សហគមន៍នេះ ភ្ញៀវម្នាក់ដែលទស្សនាសត្វស្លាប ត្រូវបង់ថ្លៃអភិវឌ្ឍន៍ក្នុងសហគមន៍ ចំនួន៣០ ទៅ ៤០ដុល្លារ។ នេះជាការលើកឡើងរបស់លោក សាង មុនី ដោយបានបន្តថា សហគមន៍ក៏អាចរកប្រាក់ចំណូលបន្ថែមតាមរយៈការផ្ដល់សេវាទេសចរណ៍រួមមាន សេវាកម្មស្នាក់នៅ ម្ហូបអាហារ ជាដើម។
 
ទោះជាការប្រើប្រាស់គោយន្តនេះផ្ដល់ភាពងាយស្រួល ក្នុងការនាំភ្ញៀវទស្សនាសត្វស្លាបក៏ដោយ ក៏ការប្រើប្រាស់មធ្យោបាយនេះ ត្រូវការចំណាយពេលច្រើនជាងការធ្វើដំណើរតាមរថយន្ត ឬម៉ូតូផងដែរ។ ដោយឡែកការនាំភ្ញៀវទស្សនាសត្វស្លាប លោក សាង មុនី បង្ហាញថា ក្នុងឆ្នាំ២០១៩មានភ្ញៀវទេសចរប្រមាណជាង ២០០០នាក់ ជាភ្ញៀវអន្តរជាតិស្ទើរទាំងអស់ ដែលអញ្ជើញទស្សនា។ ចំណែកក្នុងឆ្នាំ ២០២០វិញ គឺភ្ញៀវទេសចរមានការធ្លាក់ចុះជាងពាក់កណ្ដាល ពោលគឺទទួលភ្ញៀវទេសចរបានប្រមាណ ១,០០០នាក់ប៉ុណ្ណោះ៕

Tag:
 ThmeyThmey25
  សាង មុនី
  គោយន្តកែច្នៃ
© រក្សាសិទ្ធិដោយ thmeythmey.com