ជាតិ
យុវជន ឃឹម សុប៉ុច រៀនជំនាញវិទ្យាសាស្រ្តកសិកម្ម ព្រោះចង់លើកស្ទួយ និងចែករំលែកចំណេះដឹងដល់កសិករ
15, Feb 2021 , 8:59 am        
រូបភាព
និស្សិតកសិកម្ម
និស្សិតកសិកម្ម
ដោយ ៖ ហុង ស្រីណា

ភ្នំពេញ៖ វិស័យកសិកម្ម កំពុងដើរតួយ៉ាងសំខាន់ ក្នុងការចូលរួមលើកស្ទួយប្រទេសកម្ពុជាឲ្យកាន់តែជឿនលឿន។ «មនុស្សមួយចំនួនយល់ថាការសិក្សាផ្នែកកសិកម្ម មិនអាចធ្វើការអ្វី ក្រៅពីធ្វើជាអ្នកដាំដំណាំនោះទេ ហើយវាជាការយល់ខុសមួយសម្រាប់ពួកគាត់»។ នេះជាលើកឡើងរបស់យុវជន ឃឹម សុប៉ុច និសិ្សតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ដោយបញ្ជាក់ថា បច្ចុប្បន្ន វិស័យកសិកម្ម កំពុងមានការរីកចម្រើនខ្លាំងជាងមុន បើធៀបទៅប៉ុន្មានឆ្នាំមុនៗ។

 
 
ខណៈពេលដែលមានសិស្សនិស្សិតជាច្រើនចាប់អារម្មណ៍នូវជំនាញផ្សេងៗ ជំនាញកសិកម្មក៏មានសិស្ស និស្សិតសិក្សាច្រើនផងដែរ។ យុវជន ឃឹម សុប៉ុច ជានិស្សិតឆ្នាំទី៤ នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានប្រាប់ឲ្យដឹងថា៖ «មូលហេតុដែលខ្ញុំសម្រេចចិត្តសិក្សាមុខជំនាញវិទ្យាសាស្រ្តកសិកម្ម ដោយសារខ្ញុំឃើញថា ប្រទេសកម្ពុជាយើង គឺជាប្រទេសមួយដែលអាស្រ័យផលលើវិស័យកសិកម្ម ហើយវិស័យកសិកម្មបានដើរតួយ៉ាងសំខាន់ក្នុងការចូលរួមលើកស្ទួយប្រទេសកម្ពុជាឲ្យមានភាពជឿនលឿន»។ 

និស្សិតឆ្នាំទី៤រូបនេះ មើលឃើញថា វិស័យកសិកម្ម មានភាពរីកចម្រើនជាងមុន បើប្រៀបធៀបទៅប៉ុន្មានឆ្នាំមុន ដោយសារប្រជាកសិករមានការយល់ដឹងច្រើនអំពីសារប្រយោជន៍ដំណាំ ឬផ្លែឈើ និងមានការយល់ដឹងខ្ពស់ទាក់ទងជាមួយបច្ចេកទេសនៃការដាំ និងថែទាំ។ សុប៉ុច បន្តថា ប្រជាកសិករក៏បានជ្រាបច្បាស់ពីការធ្វើបែបណាទទួលបានទិន្នផលខ្ពស់ និង ការពារកុំឲ្យមានសត្វល្អិត ហើយមានសុវត្ថិភាពក្នុងការបរិភោគ រួមទាំងធ្វើបែបណាឲ្យដំណាំមានទីផ្សារ។
 
និសិ្សតកសិកម្ម ឃឹម សុប៉ុច បង្ហាញពីភាពរីករាយ ដែលខ្លួនជ្រើសរើសជំនាញត្រឹមត្រូវ ដោយឃើញថាបច្ចុប្បន្នវិស័យនេះរួមចំណែកយ៉ាងខ្លាំង ក្នុងការជួយសង្គមជាតិ និងបានលើកទឹកចិត្តដល់សិស្សនិស្សិតដែលទើបបញ្ចប់ការសិក្សាថ្នាក់ទី១២ ឲ្យពិចារណាអំពីការសិក្សាមុខជំនាញកសិកម្ម។
 
«ប្រទេសកម្ពុជាយើង មានដីទំនេរច្រើន ក្នុងនាមជានិសិ្សតផ្នែកកសិកម្មម្នាក់ ដែលបានទៅហាត់ការនៅប្រទេសអ៊ីស្រាអែល រយៈពេល១១ខែ ខ្ញុំចង់ចូលរួមចែករំលែកចំណេះដឹងដែលមាន ផ្តល់ទៅកាន់កសិករ។ ខ្ញុំចង់ឲ្យកសិករយកចំណេះដឹងដែលមាននេះ ធ្វើការដាំដុះលើដីទំនេរ ដែលគាត់ទុកចោល»។ នេះការយល់ឃើញរបស់និសិ្សត ឃឹម សុប៉ុច។
 
បើតាមយុវជន ឃឹម សុប៉ុច កម្ពុជា ជាប្រទេសកសិកម្ម ពិសេសមានដីទំនេរច្រើន ដូច្នេះក្នុងនាមជានិស្សិត សុប៉ុច មានបំណងចង់ចូលរួមចែករំលែកចំណេះដឹងដល់កសិករ និងឲ្យកសិករយកចំណេះដឹងទៅអនុវត្ត និងដាំដុះលើដីទំនេរដែលបានទុកចោលនោះ។ សូមបញ្ជាក់ថា យុវជន ឃឹម សុប៉ុច ជានិស្សិតឆ្នាំទី៤ សិក្សាជំនាញវិទ្យាសាស្រ្តកសិកម្ម ដែលបានជាប់ការហាត់ការរយៈពេល១១ខែ នៅប្រទេសអ៊ីស្រាអែល កាលពីឆ្នាំ២០១៩៕

Tag:
 Thmeythmey
  យុវជន ឃឹម សុប៉ុច
© រក្សាសិទ្ធិដោយ thmeythmey.com