ជាតិ
ម្ទេស​នៅ​បាត់ដំបង​លក់បាន​តម្លៃ​ពី​១២០០០ ទៅ​១៥០០០​រៀល​ក្នុង​១​គីឡូក្រាម​
16, Feb 2021 , 8:59 am        
រូបភាព
ដោយ:
​តំបន់​មួយចំនួន​ក្នុង​ខេត្តបាត់ដំបង​កន្លងមក បាន​ជួប​គ្រោះទឹកជំនន់​មិនអាច​ដាំ​ដុះ​ដំណាំ​ម្ទេស​បាន ខណៈ​តម្រូវការ​ម្ទេស​មានការ​កើនឡើង បានធ្វើ​ឲ្យ​ម្ទេស​មានតម្លៃ​ខ្ពស់​ចាប់ពី ១២ ០០០​ទៅ ១៥ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម​។  នេះ​បើតាម​លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ខេត្តបាត់ដំបង​។​
 
​បាត់ដំបង​ជា​ខេត្ត​មួយ​នាំមុខគេ​ក្នុង​វិស័យ​កសិកម្ម ដោយសារ​កន្លងមក​ក​ម្ពុ​ជា​បាន​ជួប​គ្រោះទឹកជំនន់​បានធ្វើ​ឲ្យ​ដំណាំ​កសិកម្ម​ជាច្រើន​ហិកតា​រង​ការខូចខាត ក្នុងនោះ​ក៏មាន​ដំណាំ​ម្ទេស​ផងដែរ​។ បច្ចុប្បន្ន​ខេត្តបាត់ដំបង​មាន​ផ្ទៃដី​ដាំ​ដុះ​មេ្ទ​ស​ដូចជា ស្រុក​បាណន់​៨៧​ហិកតា​, សង្កែ​២៤៤​ហិកតា​, ឯក​ភ្នំ​១១​ហិកតា​, រតនមណ្ឌល​,៤​ហិកតា​, សំឡូត​១២​ហិកតា​, សំពៅ​លូន​៥​ហិកតា​, ប​វេ​ល​១៣​ហិកតា​, ថ្មគោល​៤​ហិកតា​, មោងឫស្សី​៣​ហិកតា និង​ក្រុង​បាត់ដំបង​២​ហិកតា​។ នេះ​បើតាម​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​។​


 ដំណាំម្ទេសរបស់កសិករក្នុងខេត្តបាត់ដំបង(រូបពីមន្ទីរកសិកម្មបាត់ដំបង)

​លោក ឈឹម វ​ជិ​រា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង បាន​លើកឡើងថា ម្ទេស​មានតម្លៃ​ខ្ពស់​ចាប់ពី​១២ ០០០​រៀល​ទៅ​១៥ ០០០​រៀល​ក្នុង​មួយ​គីឡូក្រាម ដោយសារ​តំបន់​មួយចំនួន​រង​ការខូចខាត​ដោយសារ​ទឹកជំនន់ និង​មិនអាច​ដាំ​ដុះ​បាន និង​តម្រូវការ​ម្ទេស​មានការ​កើនឡើង​។ «​ដោយឡែក​បន្លែ​មួយចំនួន​មានការ​ធ្លាក់ចុះ​តម្លៃ ដោយសារ​មាន​ឈ្មួញ​ខ្លះ​មិន​ស្មោះត្រង់ និង​តំបន់​ខ្លះ​មាន​អំណោយផល​ច្រើន​ដល់​ការដាំដុះ​បន្លែ ធ្វើ​ឲ្យ​ការផលិត​ជោរជន់​ក្នុង​រយៈពេល​ខ្លី​។ ថ្មីៗ​នេះ​តម្លៃ​តាសក់​ចាប់ផ្តើម​កើនឡើង​វិញ​ពី​៣០០​រៀល​ទៅ​៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម​»​។ នេះ​ជាការ​បញ្ជាក់​របស់លោក​ប្រធាន​មន្ទីរ​កសិកម្ម​បាត់ដំបង​។​
 
​ក្រុមការងារ​នៃ​មន្ទីរ​កសិកម្ម បាន​ណែនាំ​ឲ្យ​កសិករ​កាត់បន្ថយ​ថ្លៃដើម​ក្នុង​ផលិតកម្ម ដោយ​ចងក្រង​កន្លែង​ប្រមូលផ្តុំ និង​វេច​ខ្ចប់​។ បន្ថែម​លើ​នេះ ត្រូវ​រៀបចំ​ឲ្យ​មាន​ផលិតកម្ម​កសិកម្ម​តាម​កិច្ចសន្យា និង​ទំនាក់ទំនង​ជាមួយ​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​កសិកម្ម លើ​បច្ចេកទេស​កសិកម្ម ដើម្បី​ឲ្យ​ការផលិត​មាន​ភាពប្រសើរឡើង​។ 


រូបពីហ្វេសប៊ុកមន្ទីរកសិកម្មបាត់ដំបង 

​ខេត្តបាត់ដំបង​មាន​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ម្ទេស​សរុប​ចំនួន ៥៥៥​ហិកតា និង​ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន ២.៩៨២​តោន​ក្នុង​មួយ​ហិកតា និង​បរិមាណ​ផល​ចំនួន​១ ៦៥៥​តោន​។ ក្នុងនោះ​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ម្ទេស​រដូវវស្សា​មាន​ចំនួន​១៧០​ហិកតា ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន​២.៦៤១​តោន​។ ដោយឡែក​ផ្ទៃដី​ដាំ​ដុះ​ដំណាំ​ម្ទេស​រដូវប្រាំង​មាន​ចំនួន ៣៨៥​ហិកតា ទទួលបាន​ទិន្នផល​ជា​មធ្យម​ចំនួន ៣.៤២៤​តោន​។ នេះ​បើតាម​មន្ទីរ​កសិកម្ម​ខេត្តបាត់ដំបង​៕
 

 

Tag:
 ម្ទេស​
 ​តាសក់​
 ​បាត់ដំបង​
© រក្សាសិទ្ធិដោយ thmeythmey.com