អន្តរជាតិ
សិង្ហ​បុរី ថា ទណ្ឌកម្ម​មិន​រើសមុខ មិនគួរ​ជា​វិធានការ​ប្រឆាំង​របប​យោធា​មី​យ៉ាន់​ម៉ា​ឡើយ​
16, Feb 2021 , 4:49 pm        
រូបភាព
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី (ខាងឆ្វេង) ជាមួយលោកស្រី អ៊ុងសាន ស៊ូជី កាលជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០១៨។ រូបភាព៖ Facebook-Vivian Balakrishnan
លោក Vivian Balakrishnan រដ្ឋមន្រ្តីការបរទេសសិង្ហបុរី (ខាងឆ្វេង) ជាមួយលោកស្រី អ៊ុងសាន ស៊ូជី កាលជាទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ា នៅក្នុងឆ្នាំ២០១៨។ រូបភាព៖ Facebook-Vivian Balakrishnan
​ប្រមុខ​ការទូត​សិង្ហ​បុរី លោក Vivian Balakrishnan នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ បានលើកឡើង​ពី​ការព្រួយបារម្ភ​ចំពោះ​ការ​ទណ្ឌកម្ម​ដែលមាន​លក្ខណៈ​ទូលាយ​លើ​មី​យ៉ាន់​ម៉ា​ឡើយ ព្រោះ​វា​នឹង​ប៉ះពាល់​ខ្លាំង​លើ​ជន​ស៊ីវិល​។ លោក​រដ្ឋមន្ត្រី នៅតែ​សង្ឃឹម​ផងដែរ​ថា យោធា​មី​យ៉ាន់​ម៉ា នឹង​ដោះលែង​អ្នក​ជាប់ឃុំ​ទាំងអស់ រួមទាំង​លោកស្រី អ៊ុង​សាន ស៊ូ​ជី​ផងដែរ​។
 
 
 
​ថ្លែង​នៅក្នុង​កិច្ច​សភា​នៅ​ថ្ងៃទី​១៦ ខែកុម្ភៈ លោក Vivian Balakrishnan រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី បានលើកឡើង​ពី​ការព្រួយបារម្ភ និង​ស្ថាន​ភាពអាសន្ន ដែល​កំពុង​វិ​វ​ឌ្ឍ​នៅ​មី​យ៉ាន់​ម៉ា​។ ជាមួយគ្នានេះ ប្រមុខ​ការទូត​រូបនេះ ក៏បាន​លើកឡើង​ពី​ផលវិបាក​នៃ​ការដាក់ទណ្ឌកម្ម ដើម្បី​ឆ្លើយតប​នឹង​រដ្ឋប្រហារ​ផងដែរ​។ 
 
«​យើង​មិនគួរ​ប្រើប្រាស់​ទណ្ឌកម្ម​មិន​រើសមុខ​ឡើយ ដោយសារ​អ្នក​ដែល​រងគ្រោះ​ខ្លាំងជាងគេ គឺ​ប្រជាជន​សាមញ្ញ​នៅ​មី​យ៉ាន់​ម៉ា​»​។ លោក Balakrishnan បានលើកឡើង​បែបនេះ បន្ទាប់ពី​អាមេរិក​បានដាក់​ទណ្ឌកម្ម​លើ​មេដឹកនាំ​យោធា និង​ក្រុមហ៊ុន​ចំនួន​៣ និង​ប្រទេស​ផ្សេងទៀត ព្រមាន​ដាក់ទណ្ឌកម្ម​។ 
 
​ក្នុងនាម​ជា​សមាជិក​អាស៊ាន​ដូចគ្នា ប្រមុខ​ការទូត​សិង្ហ​បុរី បាន​ជំ​រុញឱ្យ​រដ្ឋាភិបាលយោធា​មី​យ៉ាន់​ម៉ា​ចៀសវាង​ប្រើប្រាស់​អំពើហិង្សា​លើ​ប្រជាជន​ស៊ីវិល និង​អនុវត្ត​វិធានការ​ផ្សេងៗ ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​នៅក្នុង​ប្រទេស​។ សិង្ហ​បុរី​សង្ឃឹមថា មី​យ៉ាន់​ម៉ា នឹងមាន​សេចក្តីសម្រេច​ដោយ​សន្តិវិធី​មួយ ក្នុងការ​ដោះស្រាយ​បញ្ហា​នៅក្នុង​ប្រទេស​។ នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters​។ 
 
​ទន្ទឹមនេះ រដ្ឋមន្ត្រីការបរទេស​សិង្ហ​បុរី បានបង្ហាញ​ក្តីបារម្ភ​លើ​ស្ថានការណ៍​ចុងក្រោយ​នៅ​មី​យ៉ាន់​ម៉ា​ដូចជា​ការប៉ះទង្គិចរ​វា​ង​ប៉ូលិស និង​ក្រុមបាតុករ​, ការផ្តាច់​អ៊ីនធឺណិត​, ការចាប់ខ្លួន​មន្ត្រី​រដ្ឋ និង​ការ​ចល័ត​កងទ័ព​ចូលក្នុង​ក្រុង​ធំៗ​ជាដើម​។ មិនតែប៉ុណ្ណោះ រដ្ឋមន្ត្រី​រូបនេះ ក៏បាន​លើកឡើង​ពី​ផលប៉ះពាល់​សេដ្ឋកិច្ច​របស់​មី​យ៉ាន់​ម៉ា ដោយសារតែ​ការ​ថយក្រោយ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​មី​យ៉ាន់​ម៉ា​ផងដែរ​។ បន្ទាប់ពី​រដ្ឋប្រហារ​យោធា ក្រុមហ៊ុន​បរទេសមួយ​ចំនួន បាន​ផ្អាក​ដំណើរការ​ក្រុមហ៊ុន​បណ្តោះអាសន្ន​។ 
 
​កន្លងមក ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ និង​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក មូ​ហ៊ី​ឌី​ន យ៉ា​ស៊ីន ក៏បាន​ជជែក​ពី​ស្ថានការណ៍​នៅ​មី​យ៉ាន់​ម៉ា ហើយ​ស្នើ​រៀបចំ​កិច្ចប្រជុំ​ពិសេស​មួយ ដើម្បី​ជជែក​ពី​បញ្ហា​នៅ​មី​យ៉ាន់​ម៉ា​។ ព្រុយ​ណេ ជា​ប្រធាន​ប្ដូរ​វេន​របស់​អាស៊ាន​នៅ​ឆ្នាំ​២០២១​។ មកទល់ពេលនេះ ប្រទេស​អាស៊ាន​ទាំងអស់ សុទ្ធតែ​បានបង្ហាញ​ជំហរ​រៀងៗ​ខ្លួន​ទាំងអស់ លើ​ស្ថានការណ៍​មី​យ៉ាន់​ម៉ា លើកលែង​តែឡាវ និង​វៀតណាម​ប៉ុណ្ណោះ ដែល​មិនទាន់មាន​ប្រតិកម្ម​អ្វី​។ 
 
​សូមបញ្ជាក់ថា សិង្ហ​បុរី មាន​ទំហំ​វិនិយោគ​ច្រើនជាងគេបង្អស់​នៅក្នុង​មី​យ៉ាន់​ម៉ា ក្នុងនោះ​មានដូចជា មន្ទីរពេទ្យ​, ឧស្សាហកម្ម​, និង​អចលនទ្រព្យ​ជាដើម​។ តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍ Channel News Asia ទំហំ​វិនិយោគ​របស់​សិង្ហ​បុរី​មាន​ចំនួន​សរុប ២២,៧​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ខែមករា ឆ្នាំ​២០២០ ៕

Tag:
 សិង្ហ​បុរី​
  មី​យ៉ាន់​ម៉ា
© រក្សាសិទ្ធិដោយ thmeythmey.com