COVID-19
អន្តរជាតិ
ប្រមុខ UN ៖ប្រទេស១០ ចាក់វ៉ាក់សាំងកូវីដ-១៩ ដែលមានចំនួន៧៥ភាគរយទៅហើយ 18, Feb 2021 , 10:35 am
អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ។ រូបថតពីវេបសាយ UN
× ប្រមុខអង្គការសហប្រជាជាតិ (UN) អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៧ ខែកុម្ភៈ បានបញ្ចេញការខកចិត្តពីវិសមភាពក្នុងការចាក់វ៉ាក់សាំងកូវីដ-១៩ លើពិភពលោក។ បើតាមលោក ហ្គូតេរ៉េស ការចាក់វ៉ាក់សាំង មិនត្រូវបានធ្វើឡើងដោយស្មើភាព និងយុត្តិធម៌ឡើយ ព្រោះប្រទេសអ្នកមានភាគច្រើនប្រើប្រាស់វ៉ាក់សាំងបីភាគទៅហើយក្នុងចំណោមវ៉ាក់សាំងដែលមាន។ លោកក៏ព្រមានពីផលវិបាកនៃចរន្តបែបនេះផងដែរ។
ការបែងចែកវ៉ាក់សាំងមិនស្មើគ្នារវាងអ្នកមាន និងអ្នកក្រ នៅតែបញ្ហាដែលអាចបង្កការរាំងស្ទះដល់យុទ្ធនាការចាក់វ៉ាក់សាំងដើម្បីឈានទៅបញ្ចប់វិបត្តិជំងឺកូវីដ-១៩ ។ អគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស នៅថ្ងៃទី១៧ ខែកុម្ភៈ ក៏រំឭកជាថ្មីពីផលវិបាកដែលពិភពលោកមិនអាចចាក់វ៉ាក់សាំងដោយស្មើភាពគ្នាបែបនេះ។
នាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃក្រុមប្រឹក្សាសន្តិសុខតាមប្រព័ន្ធអនឡាញ លោក ហ្កូតេរ៉េស អះអាងថា ប្រទេសចំនួន១០ប៉ុណ្ណោះប្រើប្រាស់វ៉ាក់សាំងដល់ទៅ៧៥ភាគរយទៅហើយ ឯប្រទេស១៣០ទៀតមិនទាន់មានដំណើរការកម្មវិធីវ៉ាក់សាំងនៅឡើយ។ ប្រមុខ UN ស្នើបង្កើតកម្មវិធីវ៉ាក់សាំងសាកលមួយដើម្បីសម្របសម្រួលការចែកចាយ និងអនុវត្តការចាក់វ៉ាក់សាំង ដោយលោកចង់ឱ្យក្រុមប្រទេសរីកចម្រើនទាំង២០ ដឹកនាំការងារនេះ។
«ប្រសិនបើវីរុសត្រូវបានអនុញ្ញាតឱ្យរាលដាលនៅលោកខាងត្បូង វានឹងបំប្លែងខ្លួនម្ដងហើយម្ដងទៀត។ ទម្រង់ថ្មី នឹងកាន់តែឆ្លងរហ័ស កាន់តែគ្រោះថ្នាក់ ហើយមានសក្ដានុពលបង្កបញ្ហាដល់វ៉ាក់សាំងទៀតផង។» នេះជាការលើកឡើងរបស់លោក ហ្គូតេរ៉េស មុនបន្តថា ការណ៍នេះ នឹងនាឱ្យវិបត្តិអូសបន្លាយ ហើយរុញឱ្យវីរុសទៅអុកឡុកលោកខាងជើងផងដែរ។
រដ្ឋមន្ត្រីការបរទេសម៉ិកស៊ិក Marcelo Ebrard ក្នុងកិច្ចប្រជុំនេះដែរ ក៏បានរិះគន់គម្លាតកាន់តែធំរវាងប្រទេសអ្នកមាន និងប្រទេសអ្នកក្រក្នុងការទទួលវ៉ាក់សាំង ស្របពេលដែលប្រទេសអ្នកមានប្រមូលវ៉ាក់សាំងទុកតែឯងនោះ។
យន្តការ COVAX ត្រូវបានបង្កើតឡើងដើម្បីធានាការចែកចាយវ៉ាក់សាំងស្មើភាព ពិសេសសម្រាប់ប្រទេសក្រីក្រ ដោយធានាឱ្យបានវ៉ាក់សាំង២,១ពាន់លានដូសនៅឆ្នាំ២០២១ ។ តាមរយៈ COVAX វ៉ាក់សាំងជំហានដំបូងប្រមាណ៣០០លានដូស នឹងដឹកទៅដល់ប្រទេសគោលដៅនៅចុងខែកុម្ភៈ ឬដើមខែមីនានេះ។ វ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ជាចំណែកធំនៃវ៉ាក់សាំងនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com