ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
កុំ​រំលង​! ហេតុអ្វី​ចាំបាច់​គួរ​ញ៊ាំ​ផ្លែឈើ​ត្រូពិច​?
21, Feb 2021 , 8:59 pm        
រូបភាព
​ពិតណាស់​ផ្លែឈើ គឺ​ល្អ​ចំពោះ​សុខភាព​ដោយ​វា​មាន​ផ្ទុក​សម្បូរ​ទៅដោយ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជាតិ​សរសៃ វីតាមីន និង​សារធាតុ​រ៉ែ​ជាច្រើន​ប្រភេទ​។ សំខាន់​ជាងនេះទៅទៀត​ផ្លែឈើ គឺ​គ្មាន​ផ្ទុក​ជាតិ​ខ្លាញ់​មិនល្អ​និង​កូ​ឡេ​ស្តេ​រ៉ូ​ល​អាក្រក់​ឡើយ​។ ប៉ុន្តែ​បើ​និយាយ​ពី​រសជាតិ​និង​សារធាតុចិញ្ចឹម​ដែល​ល្អ​សម្រាប់​សុខភាព គឺ​គ្មាន​ផ្លែឈើ​អ្វី​អាច​យកឈ្នះ​លើ​ផ្លែឈើ​ត្រូពិច​ឡើយ​។ ទោះជា​យ៉ាងណា​ក៏​មិនមែន​មានន័យថា​ផ្លែឈើ​ត្រូពិច​គ្រប់មុខ​សុទ្ធ​តែមាន​ផ្ទុក​បរិមាណ​សារធាតុចិញ្ចឹម​ស្មើៗ​គ្នា​ឡើយ​។ ដូច្នេះ​ទើប​ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh បង្ហាញ​ឱ្យដឹងពី​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​ផ្លែឈើ​ត្រូពិច ៖
 
១. កាត់បន្ថយ​ការ​រលាក​ក្នុង​រាងកាយ​
 
​ការទទួល​ទាន​ផ្លែ​ម្នាស់​អាចជួយ​កាត់បន្ថយ​ការ​រលាក​ផ្សេងៗ​ក្នុង​រាងកាយ​តាមរយៈ​អង់ស៊ីម bromelain ដែល​វា​មាន​ផ្ទុក​។ បន្ថែម​ពីនេះ​ម្នាស់​ក៏​ជា​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន C រួមទាំង​សារធាតុចិញ្ចឹម​សំខាន់ៗ​ផ្សេងទៀត​ដូចជា ម៉​ង់​កា​ណែ​ស វីតាមីន B ជាតិ​ស​សៃ និង​ជាតិ​ទង់ដែង​ដែល​ល្អ​សម្រាប់​រក្សាសុខ​ភាព​រាង​កាយ​រឹងមាំ​។ ម្នាស់​មាន​ផ្ទុក​ជាតិ​ស្ករ​ទាប​បំផុត ដូច្នេះ​អ្នក​អាច​ទទួលទាន​វា​បាន​គ្រប់ពេល​ដោយ​គ្មាន​ការបារម្ភ​។ ក៏​ព្រោះតែ​បរិមាណ​នៃ​វីតាមីន C ខ្ពស់ ការទទួល​ទាន​ផ្លែ​ម្នាស់​ទៀងទាត់​អាច​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ប្រឆាំងនឹង​ជំងឺ​ផ្សេងៗ​ជាច្រើន​។ ជាតិ​ស​សៃ​នៃ​ផ្លែ​ម្នាស់​ក៏មាន​ច្រើន​គ្រប់គ្រាន់​ដើម្បី​រក្សា​សម្ពាធ​ឈាម​ធម្មតា និង​ការរំលាយ​អាហារ​ប្រក្រតី​ផងដែរ​។ លើសពីនេះទៅទៀត សារធាតុ​ម៉​ង់​កា​ណែ​ស​នៃ​ផ្លែ​ម្នាស់ គឺ​ចាំបាច់​ណាស់​ក្នុងការ​បង្កើន​ពង្រឹង​សុខភាព​ឆ្អឹង និង​សុខភាព​ជាលិកា​ភ្ជាប់​។ ដូច្នេះហើយ​ទើប​ការទទួល​ទាន​ផ្លែ​ម្នាស់​ទៀងទាត់​អាចជួយ​ឱ្យ​អ្នក​ជៀស​ផុតពី​ហានិភ័យ​នៃ​ជំងឺ​ពុក​ឆ្អឹង ជាពិសេស​ចំពោះ​ស្ត្រី​ដែល​អស់​រដូវ​។​
 
២. បង្កើន​អារម្មណ៍​ល្អប្រសើរ​
 
​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​ផ្លែឈើ​ត្រូពិច​ដូចជា​ចេក​អាចជួយ​លើកកម្ពស់​អារម្មណ៍​ល្អប្រសើ​របា​ន​? នេះ​ក៏​ព្រោះតែ​ចេក​មាន​ផ្ទុក​បរិមាណ​ខ្ពស់​នៃ​វីតាមីន B6 ដែល​ទទួលខុសត្រូវ​សម្រាប់​ការគ្រប់គ្រង​អារម្មណ៍​។​
 
៣. បញ្ចុះ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
​ផ្លែឈើ​ត្រូពិច​មួយ​ប្រភេទ​ទៀត​ដែល​អ្នក​គួរ​រួមបញ្ចូល​ក្នុង​របប​អាហារ​នោះ គឺ​ផ្លែ​បឺ​រ​។ ផ្លែឈើ​ត្រូវ​ពិ​ចនេះ គឺ​ល្អ​ណាស់​សម្រាប់​បន្ថយ​កម្រិត​នៃ​កូ​ឡ​ស្តេ​រ៉ូ​ល​មិនល្អ​ទប់ស្កាត់​បញ្ហា​ទាក់ទង​នឹង​បេះដូង​ដូចជា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​និង​គាំងបេះដូង​។ ការទទួល​ទាន​ផ្លែ​បឺ​រ​រួមជាមួយ​បន្លែ​ផ្សេងទៀត​ពិតជា​អាចជួយ​បង្កើន​ការ​ស្រូបយក​សារធាតុចិញ្ចឹម​ដែល​រាងកាយ​ត្រូវការ​ចាំបាច់​។ ផ្លែ​បឺ​រ​ក៏មាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ dietary រួមទាំង​ជាតិ​ទង់ដែង វីតាមីន K វីតាមីន C វីតាមីន D វីតាមីន B វីតាមីន E ប៉ូ​តា​ស្យូ​ម សារធាតុ Sterols សារធាតុ Lutein និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ជួយ​រក្សា​តុល្យភាព​នៃ​កម្រិត​កូ​ឡេ​ស្តេ​រ៉ូ​ល​ធ្វើឱ្យ​ចរន្តឈាម​រត់​មាន​លក្ខណៈ​កាន់តែ​ប្រសើរឡើង ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ បង្កើន​សុខភាព​ភ្នែក និង​ទប់ស្កាត់​ជំងឺមហារីក​។​
 
៤. កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​
 
​ការរួមបញ្ចូល​ផ្លែ​ល្ហុង​និង​ផ្លែស្វាយ​ក្នុង​របប​អាហារ​ជា​វិធី​ដ៏​ល្អ​បំផុត​មួយ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​សុដន់​។ នេះ​ក៏​ព្រោះតែ​ផ្លែឈើ​ត្រូពិច​ទាំងពីរ​មុខ​នេះ​មាន​ផ្ទុក​សារធាតុ carotenoids​។​
 
៥. ទប់ស្កាត់​អាកា​រៈ​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាងកាយ​
 
​ភាគច្រើន​នៃ​ពួកយើង​ពឹងផ្អែក​លើទឹក​និង​ភេសជ្ជៈ​កីឡា​ផ្សេងៗ​ដើម្បី​ជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​ជាពិសេស​ក្រោយពេល​បែកញើស​ខ្លាំង​បន្ទាប់ពី​ហាត់ប្រាណ​។ ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការ​ទទួលទាន​ទឹកដូង​ក៏​អាចជួយ​រក្សា​ជាតិ​ទឹក​ក្នុង​រាងកាយ​បាន​កាន់តែ​ប្រសើរ​? បន្ថែម​ពីនេះ​ទឹកដូង​ក៏​អាច​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​ផ្សេងទៀត​ចំពោះ​សុខភាព​ផងដែរ​។​
 
៦. ជួយ​រក្សា​សុខភាព​តម្រង​នោម​
 
​មូលហេតុ​មួយ​ផ្សេងទៀត​ដែល​អ្នក​គួរ​បង្កើន​ការទទួល​ទាន​ផ្លែឈើ​ត្រូពិច​នោះ គឺ​វា​ល្អ​សម្រាប់​សុខភាព​តម្រងនោម​។ ការទទួល​ទាន​ចេក​ពិតជា​អាចជួយ​សម្រួល​ដល់​មុខងារ​តម្រងនោម​ដែល​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​តម្រងនោម​ផ្សេង​តាមរយៈ​សមាសធាតុ phenolic ដែល​ផ្លែឈើ​នេះ​មាន​ផ្ទុក​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com