COVID-19
អន្តរជាតិ
ក្រុមហ៊ុនផលិតវ៉ាក់សាំងកូវីដ-១៩ ឥណ្ឌា សុំការអត់ធ្មត់ពីប្រទេសដែលរង់ចាំវ៉ាក់សាំង 21, Feb 2021 , 8:29 pm
× វិទ្យាស្ថាន Serum ដែលជារោងចក្រផលិតវ៉ាក់សាំងធំជាងគេរបស់ពិភពលោក បានស្នើសុំការអត់ធ្មត់ពីបណ្ដាប្រទេសរង់ចាំវ៉ាក់សាំងកូវីដ-១៩ ដែលខ្លួនផលិត។ មេធំរបស់ក្រុមហ៊ុននេះ សរសេរលើ Twitter ថា ក្រុមហ៊ុនរបស់លោក ត្រូវបំពេញតម្រូវការក្នុងស្រុកផង និងត្រូវបញ្ចេញទៅក្រៅប្រទេស។
«ខ្ញុំស្នើអ្នកឱ្យអត់ធ្មត់។» លោក Adar Poonawall នាយកប្រតិបត្តិវិទ្យាស្ថាន Serum សរសេរលើ Twitter បែបនេះនៅថ្ងៃទី២១ ខែកុម្ភៈ។ លោកបន្តថា ក្រុមហ៊ុនរបស់លោក ត្រូវបានបង្គាប់ឱ្យផលិតវ៉ាក់សាំងកូវីដ-១៩ សម្រាប់បំពេញតម្រូវការក្នុងស្រុកសិន ព្រមគ្នារក្សាតុល្យភាពវ៉ាក់សាំងដែលត្រូវនាំចេញផងដែរ។ លោកថា ក្រុមហ៊ុនរបស់លោក កំពុងប្រឹងប្រែងពីលទ្ធភាពហើយ។
រោងចក្ររបស់ Serum មានទីតាំងទីក្រុង Pune ដែលនៅភាគខាងលិចឥណ្ឌា។ រោងចក្រនេះ ផលិតវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca ក្រោមឈ្មោះ Covishield ។ ឥណ្ឌា ក៏ប្រើប្រាស់វ៉ាក់សាំងនេះក្នុងកម្មវិធីចាក់វ៉ាក់សាំងសម្រាប់ប្រជាជន៣០០លាននាក់ផងដែរ បន្ថែមពីលើវ៉ាក់សាំងក្នុងស្រុកមួយប្រភេទទៀត។
ប្រទេសជាច្រើនទាំងអ្នកក្រ និងអ្នកមានមធ្យមចាប់ពីបង់ក្លាដែស រហូតដល់ប្រេស៊ីល ពឹងផ្អែកខ្លាំងលើវ៉ាក់សាំងដែលផលិតដោយវិទ្យាស្ថាន Serum ។ ប្រទេសលោកខាងលិចមានកាណាដា ក៏បញ្ជាទិញវ៉ាក់សាំងពីក្រុមហ៊ុននេះដែរ។ លោក Poonawall សន្យាដល់វ៉ាក់សាំងឱ្យកាណាដានៅខែក្រោយ។ និយ័តករឱសថអង់គ្លេស ក៏កំពុងវាយតម្លៃវ៉ាក់សាំង Covishield ដែរ ហើយក្នុងករណីផ្ដល់ការយល់ព្រម វិទ្យាស្ថាន Serum ទំនងមានបន្ទុកថែមទៀត។
ខណៈតម្រូវការច្រើនជាងការផ្គត់ផ្គង់ រដ្ឋាភិបាលនាយករដ្ឋមន្ត្រី នារិន្ទ្រា ម៉ូឌី ក៏រងការរិះគន់មិនតិចដែរទាក់ទងការចាប់ផ្ដើមយឺតយ៉ាវនៃកម្មវិធីផ្ដល់វ៉ាក់សាំង។ អាជ្ញាធរឥណ្ឌា គ្រោងពង្រីកកម្មវិធីវ៉ាក់សាំងរបស់ខ្លួនថែមទៀតនៅពេលខាងមុខ។ ឥណ្ឌាមានអ្នកឆ្លងច្រើនជាង១០លាននាក់ តាមពីក្រោយអាមេរិក។
វ៉ាក់សាំង ក្លាយជាឧបករណ៍ការទូតមួយសម្រាប់ទីក្រុងញូវដែលី ដែលបានប្រជែងជាមួយចិនក្នុងការផ្ដល់វ៉ាក់សាំងឱ្យប្រទេសក្រីក្រជាច្រើន។ នៅអាស៊ីខាងត្បូង ឥណ្ឌា បានដឹកវ៉ាក់សាំងឱ្យម៉ាល់ឌីវ ស្រីលង្កា និងប៊ូតង់ជាដើម ដែលសុទ្ធសឹងជាទីតាំងប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយក្រុងប៉េកាំង៕
© រក្សាសិទ្ធិដោយ thmeythmey.com