ជាតិ
មន្ទីរជំនាញ​ខេត្ត​៖ ទឹក​បឹង​យក្ខ​ឡោម​មាន​សភាព​ល្អក់ អាចជា​កត្តា​បាតុភូតធម្មជាតិ​
21, Feb 2021 , 4:47 pm        
រូបភាព
​ចាប់ពី​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​មក ផ្ទៃ​បឹង​យក្ខ​ឡោម​ទាំងមូល​មាន​សភាព​ល្អក់​ប្លែក​ពី​ធម្មតា​។ ប្រធាន​បរិស្ថាន ប្រធាន​មន្ទីរ​ទេសចរណ៍ ក៏ដូចជា​មន្ត្រី​នៃ​មន្ទីរ​ឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​សន្និដ្ឋាន​ជាបឋម​ថា អាច​បណ្តាលមកពី​កត្តា​ធម្មជាតិ​។ នេះ​យោងតាម​អត្ថបទ​ដែល​ផ្សាយ​ដោយ​មន្ទីរ​ព័ត៌មាន​ខេត្តរតនគិរី​។​
 
​បឹង​យក្ខ​ឡោម​ស្ថិតនៅ​សង្កាត់​យក្ខ​ឡោម​ក្រុង​បាន​លុង ខេត្តរតនគិរី ជា​តំបន់​រមណីយដ្ឋាន​ធម្មជាតិ​មួយ​ដ៏​មាន​សក្តានុពល​បំផុត​មួយ​នៅ​ខេត្ត​ភាគ​ឦសាន​មួយ​នេះ​។ ទាក់ទង​នឹង​ផ្ទៃ​ទឹក​ដែលមាន​សភាព​ល្អក់ លោក ផុន ខេមរិន្ទ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តរតនគិរី វាយតម្លៃថា អាចមកពី​កត្តា​បាតុភូតធម្មជាតិ ដូច​កាលពី​អំឡុង​ឆ្នាំ​២០១១​ផងដែរ​។​
 
 
​ទោះបីជា​យ៉ាងណាក៏ដោយ ប្រធាន​មន្ទីរ​បរិស្ថាន​រូបនេះ មិនទាន់​ហ៊ាន​អះអាង​តាមបែប​វិទ្យាសាស្ត្រ​នោះឡើយ ដោយ​គ្រាន់តែ​កត់សម្គាល់​ភាពល្អ​ក់នៅ​បឹង​យក្ខ​លោម កើតមាន ខណៈដែល​ប្រទេសជិតខាង​មាន​ព្យុះ ឬ​បាតុភូតធម្មជាតិ​អ្វីមួយ​។ 
 
​លោក ផុន ខេមរិន្ទ ក៏បាន​សង្កេតឃើញ បឹង​លំ​កុ​ដ បឹង​យក្ខ​អោម យក្ខ​រ៉ា ក៏មាន​សភាព​ល្អក់​ដែរ ប៉ុន្តែ​មិន​ប៉ះពាល់​ដល់​បរិស្ថាន​ធ្ងន់ធ្ងរ​នោះឡើយ​។​
 
​អត្ថបទ ក៏បាន​បង្ហាញ​ពី​ការអះអាង​ស្រដៀង​គ្នា​ពី​សំណាក់ លោក ង៉ែត ពិ​ទូ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តរតនគិរី ផងដែរ​។ លោក​បានលើកឡើង​ពី​បាតុភូតធម្មជាតិ​រៀងរាល់​១០​ឆ្នាំ​ម្តង ហើយ​ផ្ទៃ​មាន​សភាព​ថ្លា​វិញ ជា​បណ្តើរៗ​។​
 
​ដូចគ្នា​ផងដែរ មន្ត្រី​នៃ​មន្ទីរ​ឧស្សាហ៍កម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​ខេត្ត បញ្ជាក់ថា សភាព​ល្អក់​នេះ មិនមែនជា​លើក​ទី​១​ឡើយ​។ កត្តា​នេះ​គឺ​ដោយសារ​បាតុភូតធម្មជាតិ​នៃ​ប​ន្ទុះ​ភ្នំភ្លើង ហើយ​បឹង​យក្ខ​ឡោម​ក៏មាន​សរសៃឈាម​ជាប់​នឹង​ប​ន្ទុះ​ភ្នំភ្លើង​មួយទៀត​នៅ​ប្រទេស​ណាមួយ​នៅក្នុង​អាស៊ី ដែល​វា​មាន​សរសៃឈាម​ជាប់​នឹង​បឹង​យក្ស​ឡោម​ដោយ​ផ្អែក​តាម​លក្ខណៈ​វិទ្យាសាស្ត្រ​។​
 
​តាម​ឯកសារ​រដ្ឋបាលខេត្ត បឹង​យក្ខ​ឡោម​មាន​ទីតាំង​ប្រមាណ​៥​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ពី​ទី​រួម​ខេត្តរតនគិរី ។ បឹង​ដ៏​ស្រស់ស្អាត​នេះ មាន​ទម្រង់​ដោយសារ​ភ្នំភ្លើង បន្ទាប់ពី​ប​ន្ទុះ​ភ្នំភ្លើង​មួយ​កាលពី​ប្រមាណ ៤.០០០​ឆ្នាំ​កន្លងទៅ ។ ការ​វាស់​ជម្រៅ​បឹង​នេះ​មាន​រហូតដល់​ទៅ​៨០០​ម៉ែត្រ និង​បង្ហាញ​ឲ្យ​ឃើញ​ទឹកថ្លា​ឈ្វេង​ជម្រៅ​ប្រហែល ៥០​ម៉ែត្រ ។​
​នៅ​ម្ខាង​នៅ​បឹង​មាន​កំពង់​ពីរ​ដែល​ធ្វើ​ពី​ឈើ​សម្រាប់​ទេសចរ​ទស្សនា​បឹង​ឲ្យ​កាន់តែ​ជិត ប៉ុន្តែ​មនុស្ស​មួយចំនួន​មិនអាច​ទ្រាំ​នឹង​ការ​ត្រាំ​ក្នុង​ទឹក​ដើម្បី​ឲ្យ​មាន​កម្ដៅ​ខ្លួនប្រាណ ៕

Tag:
 យក្ខ​ឡោម
© រក្សាសិទ្ធិដោយ thmeythmey.com