COVID-19
អន្តរជាតិ
ហ្វីលីពីន អនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinovac របស់ចិន តែមិនឱ្យចាក់លើគ្រូពេទ្យឡើយ
22, Feb 2021 , 6:14 pm        
រូបភាព
រូបថត Xinhua
រូបថត Xinhua
ហ្វីលីពីន បានអនុម័តឱ្យប្រើប្រាស់វ៉ាក់សាំងចិន Sinovac លើការប្រើប្រាស់បន្ទាន់។ និយ័តករឱសថ និងអាហារហ្វីលីពីន (FDA) បានអះអាងបែបនេះ នៅថ្ងៃទី២២ ខែកុម្ភៈ។ យ៉ាងណាមិញ វ៉ាក់សាំងប្រភេទនេះ មិនអនុញ្ញាតឱ្យប្រើប្រាស់ចំពោះបុគ្គលិកពេទ្យ ដែលព្យាបាលអ្នកជំងឺកូវីដ-១៩ ឡើយ។
 
 
វ៉ាក់សាំង CoronaVac របស់ក្រុមហ៊ុន Sinovac ជាវ៉ាក់សាំងទីបីហើយ ដែលហ្វីលីពីនអនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ បន្ទាប់ពីវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer និង AstraZeneca។ ប៉ុន្តែវ៉ាក់សាំងដែលអនុម័តឱ្យប្រើប្រាស់ចុងក្រោយនេះ មិនអនុញ្ញាតឱ្យចាក់លើគ្រូពេទ្យព្យាបាលអ្នកជំងឺកូវីដ-១៩ ឡើយ ដោយសារកម្រិតប្រសិទ្ធភាពទាប។ 
 
«ផ្អែកតាមអ្នកជំនាញរបស់យើង វ៉ាក់សាំងក្រុមហ៊ុនSinovac មិនមែនជាវ៉ាក់សាំងដ៏ល្អសម្រាប់គ្រូពេទ្យឡើយ»។ ប្រធាននិយ័តករថ្នាំពេទ្យ និងអាហារហ្វីលីពីន លោក Rolando Enrique Domingo បានលើកឡើងបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាន។ ការវាយតម្លៃរបស់ប្រធាននិយ័តកររូបនេះ ធ្វើឡើងដោយមានការស្រង់លទ្ធផលនៃការធ្វើពិសោធន៍ល្អិតល្អន់របស់វ៉ាក់សាំងCoronaVac នៅតួកគី ប្រេស៊ីល និងឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters ។
 
ដំបូងឡើយ ចិនបានឯកភាពបរិច្ចាគវ៉ាក់សាំង CoronaVac ចំនួន៦០ម៉ឺនដូសឱ្យហ្វីលីពីន និងត្រូវទភដល់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ នៅថ្ងៃទី២៣ ខែកុម្ភៈ។ ដោយសារវ៉ាក់សាំង CoronaVac មិនទាន់អនុញ្ញាតឱ្យប្រើប្រាស់ ការដឹកជញ្ជូនត្រូវពន្យារសិន។ ការអនុម័តឱ្យប្រើប្រាស់បន្ទាន់នេះ នឹងបើកផ្លូវឱ្យចិន អាចដឹកជញ្ជូនមកហ្វីលីពីនជាថ្មី។ 
 
ហ្វីលីពីន ជាប្រទេសមានករណីឆ្លងកូវីដ-១៩ច្រើនលំដាប់ទី២ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ បន្ទាប់ពីឥណ្ឌូណេស៊ី។ មកទល់ពេលនេះ រដ្ឋាភិបាលក្រុងម៉ានីល មិនទាន់ចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងនៅឡើយទេ។ សភាហ្វីលីពីន កំពុងធ្វើសេចក្តីស្នើច្បាប់ ដែលទាមទារឱ្យអ្នកផលិតវ៉ាក់សាំងទទួលខុសត្រូវនៅពេល អ្នកចាក់វ៉ាក់សាំងរងផលប៉ះពាល់។ ទាក់ទិននឹងសេចក្តីស្នើច្បាប់នេះ លោក Harry Roque អ្នកនាំពាក្យប្រធានាធិបតីហ្វីលីពីន បានអំពាវនាវនៅក្នុងសន្និសីទដោយឡែកមួយ ឱ្យប្រជាជនហ្វីលីពីនរក្សាភាពអត់ធ្មត់របស់ខ្លួនសិន។ 
 
គិតមកត្រឹមថ្ងៃទី២២ ខែកុម្ភៈ ហ្វីលីពីន មានករណីឆ្លងកូវីដ-១៩ សរុបចំនួន ៥៦ម៉ឺននាក់ និងអ្នកស្លាប់មានចំនួន ១២០៩៤នាក់៕
 

Tag:
 ហ្វីលីពីន
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com