អន្តរជាតិ
ប្រមុខការទូតចិន៖ តំបន់ស៊ីងជាំងបើកទ្វារចាំទទួលក្រុមសិទ្ធិមនុស្ស 23, Feb 2021 , 7:59 pm
ប្រមុខការទូតចិន លោក វ៉ាង យី។ រូបភាព៖ Xinhua
× បន្ទាប់ពីមានការចោទប្រកាន់ជាបន្តបន្ទាប់ពីសហគមន៍អន្តរជាតិលើការបំពានសិទ្ធិមនុស្សលើជនជាតិភាគតិចវីហ្គ័រក្នុងតំបន់ស៊ីងជាំង ប្រមុខការទូតចិន លោកវ៉ាង យី នៅថ្ងៃទី២២ ខែកុម្ភៈ បានចេញមុខការពាររដ្ឋាភិបាលចិនជាថ្មី ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ លោក វ៉ាង អះអាងថា តំបន់ស៊ីងជាំង បើកទ្វារចាំទទួលក្រុមសិទ្ធិមនុស្សជានិច្ច។
មួយរយៈចុងក្រោយនេះ មតិរិះគន់ពីសហគមន៍មកលើចិន បានធ្លាក់មកជាច្រើន ជាពិសេសបញ្ហាសិទ្ធិមនុស្សនៅតំបន់ស៊ីងជាំង។ កន្លងមកអាមេរិក បានហៅចិនថា បានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចវីហ្គ័រនៅក្នុងតំបន់ស៊ីងជាំង។ សភាជាន់ទាបកាណាដា ក្នុងថ្ងៃទី២២ ខែកុម្ភៈ បានអនុម័តញ្ញាតិមួយ ដែលគាំទ្រក្នុងសំឡេង ២៦៦លើ៣៣៨ ដោយទទួលស្គាល់ថា ចិនបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍លើជនជាតិភាគតិចវីហ្គ័រក្នុងតំបន់ស៊ីងជាំង។
ក្នុងថ្ងៃដដែលនេះ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិឯណោះវិញ ប្រមុខការទូតអង់គ្លេស លោក Dominic Raab ជំរុញឱ្យអ្នកស៊ើបអង្កេតក្រុមប្រឹក្សាសិទ្ធិមនុស្សបើកប្រតិបត្តិការរបស់ខ្លួននៅក្នុងមណ្ឌលអប់រំឡើងវិញរបស់ចិន។ លោក Raab លើកឡើងថា មានការធ្វើទណ្ឌកម្ម, ការចាប់បង្ខំឱ្យធ្វើការ និងធ្វើឱ្យស្ត្រីជនជាតិវីហ្គ័រមិនអាចមានកូនបានថែមទៀត នៅក្នុងមណ្ឌលទាំងនោះ។
ជាការឆ្លើយតប រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានការពារសកម្មភាពរដ្ឋាភិបាលចិនថា មិនមានអំពើប្រល័យពូជសាសន៍លើជនជាតិវីហ្គ័រនៅតំបន់ស៊ីងជាំងឡើយ ហើយថែមទាំងអញ្ជើញឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សទៅថែមទៀត។ «ទ្វារទៅតំបន់ស៊ីងជាំងនៅតែបើកជានិច្ច»។ លោកវ៉ាង ដែលជាទីប្រឹក្សារដ្ឋចិនផងនោះ បានលើកឡើងបែបនេះ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសិទ្ធិមនុស្ស។
បើតាមប្រមុខការទូតចិនរូបនេះ មនុស្សមកពីបណ្តាប្រទេសជាច្រើន អាចទៅលេងនៅតំបន់ស៊ីងជាំងបាន ដើម្បីសិក្សា និងស្វែងយល់ការពិត។ ក្នុងន័យនេះ លោកវ៉ាង ក៏បានសម្តែងការស្វាគមន៍ផងដែរ ចំពោះឧត្តមក្រុមប្រឹក្សាសិទ្ធិមនុស្សទៅតំបន់ស៊ីងជាំង។ យ៉ាងណាមិញ ការអញ្ជើញរបស់ប្រមុខការទូតចិន មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ឡើយ។
ក្នុងកិច្ចប្រជុំដដែលនេះ លោកវ៉ាង បានបន្តអះអាងដូចលើកមុនថា ចិន មិនបានបំពានសិទ្ធិមនុស្សឡើយ។ ផ្ទុយទៅវិញសកម្មភាពរបស់ចិន គឺជាទង្វើប្រឆាំងគំនិតជ្រុលនិយម ដោយផ្អែកតាមច្បាប់ ហើយតំបន់ស៊ីងជាំងទៀតសោត ក៏មានស្ថិរភាពសង្គម និងការអភិវឌ្ឍផងដែរក្នុងរយៈពេល៤ឆ្នាំកន្លងមកនេះ ដោយគ្មានករណីភេរវកម្ម។ សម្រាប់អ្នកការទូតចិន ការចោទប្រកាន់ពីសំណាក់ប្រទេសមួយចំនួន គឺគ្រាន់តែជាចរិតនយោបាយ និងគ្មានការពិត៕
© រក្សាសិទ្ធិដោយ thmeythmey.com