COVID-19
ជាតិ
COVID-19៖ ៤០ករណីទៀតនៅកម្ពុជាដោយ៣៨ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ
24, Feb 2021 , 7:27 am        
រូបភាព
ដោយ: ថ្មីៗ
ក្រសួងសុខាភិបាលនៅថ្ងៃនេះ បាន​ប្រកាសពីករណីឆ្លង​កូវីដ-១៩ ចំនួន​៤០​ករណីទៀត ដែលក្នុងនោះ​៣៨ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍។ ចំនួនអ្នកឆ្លងសរុបនៅកម្ពុជាឡើងដល់​៦៣៣នាក់ ក្នុងនោះ​១៣៧នាក់ពាក់ព័ន្ធសហគមន៍​២០កុម្ភៈ។


ក្នុងចំណោម​៣៨ករណីពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ មានបុរស-ស្ត្រីជនជាតិចិន​៣៥នាក់ ស្ត្រីវៀតណាម​២នាក់ និងស្ត្រីខ្មែរ១នាក់។ អ្នកទាំងនោះមានអាសយដ្ឋាននៅបណ្តាសង្កាត់ជាច្រើនក្នុងរាជធានីភ្នំពេញ និង២ករណី (ស្ត្រីវៀតណាមអាយុ២៦ឆ្នាំ និង​បុរសចិនអាយុ៥១ឆ្នាំ) មានអាសយដ្ឋាននៅស្រុកកោះធំ ខេត្តកណ្តាល។

អ្នកជំងឺទាំង​៣៨នាក់នោះ មាន៧នាក់ ត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមណ្ឌលសុខភាពចាក់អង្រែ ៧នាក់នៅមជ្ឈមណ្ឌលជាតិ​កំចាត់ជំងឺរបេង និងហង់សិន ៩នាក់នៅមន្ទីរពេទ្យបង្អែកជ័យជម្នះ ខេត្តកណ្តាល និង​១៥នាក់ទៀត ក្រសួងកំពុង​រៀបចំបែងចែកទីតាំង។

ជាមួយគ្នានេះ មាន​ករណី២ទៀត​នៅ​ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយអ្នកជំងឺជាស្ត្រីចិនអាយុ៣៥ឆ្នាំ និង​២២ឆ្នាំ ។ អ្នកទាំងពីរ​បានទៅធ្វើតេស្តសុំវិញ្ញាបនបត្រសុខភាពកាលពីថ្ងៃទី២២ ខែកុម្ភៈ ក្នុងគោលបំណង​ធ្វើដំណើរទៅចិនវិញ។ លទ្ធផលបង្ហាញថា វិជ្ជមានកូវីដ-១៩ ហើយត្រូវបាន​ដាក់ឲ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យ​ខេត្តព្រះសីហនុ។

ករណីសះស្បើយមានតែ១ប៉ុណ្ណោះ សម្រាប់ការប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលនៅថ្ងៃនេះ ដែលអ្នកជាសះស្បើយជាបុរសជនជាតិខ្មែរ អាយុ២៣ឆ្នាំ អាសយដ្ឋាននៅត្បូងឃ្មុំ ដែលបានធ្វើដំណើរពីប្រទេសគូវែត។

មកដល់ពេលនេះ កម្ពុជាមាន​ករណីកូវីដ-១៩ សរុប​៦៣៣​ករណី ដោយ​៤៧៦ករណី បាន​ជាសះស្បើយ។ អ្នក​ឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍​២០កុម្ភៈ ឡើងដល់​១៣៧នាក់ ដោយភាគច្រើនជាជនជាតិចិន បន្ទាប់ខ្មែរ និងវៀតណាម៕

© រក្សាសិទ្ធិដោយ thmeythmey.com